កាលពីនៅអាយុ២២ឆ្នាំ លោក Alan Corey បានជ្រើសរើសបង្កើតទម្លាប់ផ្ទាល់ខ្លួនឱ្យដូចទៅនឹងមហាសេដ្ឋី ជាហេតុជួយឱ្យគាត់អាចកសាងទ្រព្យក្លាយជាសេដ្ឋីមានទ្រព្យ១លានដុល្លារ នៅអាយុត្រឹម២៨ឆ្នាំតែប៉ុណ្ណោះ។ ខាងក្រោមនេះជាទម្លាប់សំខាន់ៗ៥ ដែលលោក Corey បានណែនាំ៖
១. មិនបាច់តឺនុយស្អាតគ្រប់ពេលទេ៖ លោក Corey មើលឃើញថាមហាសេដ្ឋីមួយចំនួនចូលចិត្តជ្រើសរើសស្លៀកពាក់ងាយស្រួល និងមិនស្មុគស្មាញច្រើនឡើយ។ គាត់បញ្ជាក់ថាអ្នកមានមិនចាំបាច់ទាល់តែស្លៀកពាក់ហំហាន តឺនុយស្អាត មានក្រវ៉ាត់កគ្រប់ពេលឡើយ។
២. ផ្ដោតលើចំណុចខ្លាំងរបស់អ្នក៖ គ្មាននរណាខ្លាំងគ្រប់រឿងទេ ហើយវាជារឿងធម្មតាទេដែលមនុស្សមានចំណុចខ្សោយ។ ប៉ុន្តែលោកអ្នកក៏ត្រូវដឹងដែរថា មនុស្សគ្រប់រូបសុទ្ធតែមានចំណុចខ្លាំងជារបស់ខ្លួន ដូច្នេះហើយត្រូវផ្ដោតលើអ្វីដែលអ្នកខ្លាំង ពង្រឹកជំនាញឱ្យពូកែ កុំយកពេលទៅសោកស្ដាយនូវអ្វីដែលអ្នកមិនពូកែ ហើយរឹតតែមិនត្រូវប្រៀបធៀបខ្លួនឯងនឹងអ្នកដទៃ ព្រោះមនុស្សមិនដូចគ្នាទាំងអស់ទេ។
៣. លះបង់ពេលវេលាចំពោះអ្វីដែលសំខាន់៖ មនុស្សម្នាក់ៗមានពេលវេលា២៤ម៉ោងដូចគ្នា ប៉ុន្តែបែរជាមានអ្នកដើរបានលឿននិងអ្នកដើរបានយឺត។ នេះគឺដោយសារតែមនុស្សគ្រប់គ្នាមានរបៀបដើរខុសៗគ្នា។ ចំពោះជីវិតក៏ដូចគ្នា ដើម្បីឱ្យឆាប់ដល់គោលដៅយើងត្រូវតែផ្ដោតប្រើពេលវេលាឱ្យមានប្រយោជន៍ សុខចិត្តធ្វើការតិច ប៉ុន្តែតែជាការងារសំខាន់។ ជាក់ស្ដែងលោក Corey គាត់មិនធ្វើការច្រើនទេ ប៉ុន្តែគាត់ផ្ដោតទៅលើការវិនិយោគ ចំណាយពេលស្វែងយល់ពីទីផ្សារ និងរៀនប្រើលុយឱ្យត្រូវ រហូតគាត់អាចក្លាយជាសេដ្ឋីអចលនទ្រព្យ។
៤. កុំលោភលន់៖ ស្របពេលដែលអ្នកកំពុងព្យាយាមកសាងទ្រព្យសម្បត្តិ អ្វីដែលអ្នកត្រូវប្រយ័ត្នបំផុតនោះគឺភាពលោភលន់។ កុំបណ្ដោយឱ្យខ្លួនឯងចង់បានហើយ ចង់បានទៀត មិនឈប់ឈរ ត្រូវចេះប្រមាណចំពោះគោលដៅដែលចង់បាន។
៥. យល់ពីតម្លៃនៃការខំប្រឹងប្រែង៖ អ្នកត្រូវដឹងថាការខិតខំប្រឹងប្រែងគឺជាថាមពលដ៏សំខាន់បំផុតសម្រាប់កសាងទ្រព្យសម្បត្តិ។ ដំណើរទៅរកគោលដៅមិនមានផ្លូវកាត់ទេ វាតម្រូវឱ្យមានការព្យាយាមមិនព្រមបោះបង់ ធ្វើម្ដងហើយម្ដងទៀតមិនព្រមចុះចាញ់៕
អត្ថបទដោយ៖ សូ សុខលី