គេងស្ពឹកធ្វើមុខផ្អេះៗ! ទម្លាប់ពិសេសៗ៥ ធ្វើឱ្យអ្នកហក់ចេញពីគ្រែត្រឹមម៉ោង៥ព្រឹក
Kan DaraFEBRUARY 19 20231.1 K views

អ្នកណាខ្លះគេងតិច មិនឆ្អែត គេងច្រើន តែនៅតែមិនបាត់ងងុយ ព្រឹកឡើងធ្វើមុខស្អុយៗ ព្រោះគេងយប់មិនស្កប់?ជាការពិតណាស់ការគេងគឺជាឱសថបំប៉នខួរក្បាលដ៏មានប្រសិទ្ធភាព ហើយវាពាក់ព័ន្ធគ្នាជាមួយទម្លាប់ដែលយើងមានជាប្រចាំថ្ងៃ។ ដូច្នេះហើយថ្ងៃនេះយើងសូមណែនាំនូវទម្លាប់ពិសេសៗទាំង៥ ធ្វើឱ្យអ្នកស្ទុះចេញពីគ្រែត្រឹមម៉ោង៥ព្រឹក៖

១. ចូលគេងឱ្យទៀង៖ អ្នក​ប្រហែល​ជា​ធ្លាប់​ចូល​គេង​យឺត ព្រោះរវល់មើល​ទូរទស្សន៍ឬ​លេង​អ៊ីនធឺណិតជាដើម។ ប៉ុន្តែ​ប្រសិន​បើ​អ្នក​បន្ត​ទម្លាប់​នេះ ខណៈ​ដែល​ព្យាយាម​ក្រោក​ពី​ព្រលឹម មិន​យូរ​មិន​ឆាប់​អ្នកខ្សោយការចងចាំ។ ដូច្នេះសាកល្បងកំណត់ម៉ោងគេងឱ្យទៀងទាត់ ​ហើយការក្រោករបស់អ្នកនឹងទៀងទាត់លើសអ្វីដែលអ្នកគិត ហើយខួរក្បាលរបស់អ្នកនិងដាស់អ្នកយ៉ាងទៀងទាត់ពេលវេលាជារៀងរាល់ព្រឹក ឬអ្នកអាចសាកល្បងធ្វើវាម្តងបន្តិចៗ។ ឧទាហរណ៍អ្នកធ្លាប់តែក្រោកម៉ោង៧ព្រឹក ប៉ុន្តែអ្នកសាកល្បងក្រោកម៉ោង៦កន្លះព្រឹក ហើយបន្តធ្វើអនុវត្តន៍វាកន្លះម៉ោងម្តងរហូតអ្នកអាចងើបនៅម៉ោង៥ព្រឹកបាន។

២. ដាក់នាឡិការោទិ៍ឱ្យឆ្ងាយពីគ្រែ៖ ប្រសិនបើវានៅជិតគ្រែរបស់អ្នក អ្នកនឹងបិទវាចោលហើយ ឬចុច snoozeមិនខាន។ ប៉ុន្តែប្រសិនបើវានៅឆ្ងាយពីគ្រែរបស់អ្នក អ្នកនឹងត្រូវក្រោកពីគ្រែដើម្បីបិទវា ដូច្នេះនៅពេលដែលអ្នកក្រោកចូរពត់ខ្លួននិងដៃជើងរបស់អ្នកឱ្យដូចជាហាត់ប្រាណ រួចចូលទៅក្នុងបន្ទប់ទឹកដើម្បីលុបលាងមុខ​ចេញនោះអ្នកនឹងអាចស្វាងងងុយដេកមួយកម្រិត។

៣. សរសេរផែនការពីល្ងាចទុក៖ នៅពេលអ្នកមានផែនការសំខាន់ដែលត្រូវធ្វើហើយសរសេរវាចេញមកក្រៅនោះអ្នកនឹងមើលឃើញថាខ្លួនឯងត្រូវមានអ្វីដែលត្រូវធ្វើឱ្យសម្រេចក្នុងថ្ងៃបន្ទាប់ ហើយវានឹងក្លាយទៅជាកម្លាំងជំរុញចិត្តឱ្យអ្នកក្រោកទៅធ្វើរឿងសំខាន់ឱ្យរួចរាល់ ដើម្បីមានពេលមកគេងវិញឱ្យបានពេញភ្នែក។

៤. គិតដល់គោលដៅធំ៖ មនុស្សនៅពេលមានគោលដៅធំនឹងមានគម្រោងអនាគតត្រូវសម្រេចនោះពួកគេនឹងក្រោកចេញពីគ្រែដោយមិនបាច់មានគេដាស់។ ដូច្នេះនៅពេលអ្នកបើកភ្នែកចូលគិតដល់គោលដៅធំ ហើយស្រមៃថាវានឹងកើតចេញជារូបរាង ដោយផ្តើមចេញពីការងើបពីគ្រែគេងនៅម៉ោង៥ព្រឹកនេះ។

៥. ផឹកទឹក១កែវ ក្រោយភ្ញាក់ពីគេង៖ ការផឹកទឹក១កែវបន្ទាប់ពីដឹងខ្លួនពីដំណេកគឺជាទម្លាប់រួ​មផ្សំមួយផងដែរ ដែលធ្វើឱ្យក្រពះពោះវៀនអ្នកដំណើរការនៅពេលព្រឹក ហើយវាធ្វើឱ្យអ្នកលែងសូវមានអារម្មណ៌ថាចង់បន្តគេងទៀត។

យ៉ាងណាមិញទម្លាប់ពេលព្រឹកគឺពិតជាសំខាន់ខ្លាំងណាស់ចំពោះរាងកាយនិងផលិតភាពការងាររបស់អ្នក ដូច្នេះសាកអនុវត្តទម្លាប់តូចៗ សន្សឹមៗម្តងបន្តិចអ្នកនឹងឃើញថាទម្លាប់អាចផ្លាស់ប្តូរជីវិតយើងស្ទើរតែទាំងស្រុង ជាពិសេសធ្វើឱ្យខួរក្បាលនិងបញ្ញាស្មារតីអ្នកល្អជាងមុនផងដែរ។ នេះបើយោងតាមការចុះផ្សាយរបស់កាសែត The medium៕

អត្ថបទដោយ៖ ពីង ជូអេង 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia