តិចអត់ដឹង! តស់ មកស្គាល់យានជំនិះ ៥ប្រភេទនៅកម្ពុជា ដែលត្រូវបានរដ្ឋលើកលែងមិនឱ្យបង់ពន្ធ
ធី ស្រីល័ក្ខJUNE 15 2026492 views

យោងតាមប្រកាសលេខ ៧៣៨ សហវ.ប្រក.អពដ ចុះថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានឱ្យដឹងថា ពន្ធលើមធ្យោបាយដឹកជញ្ជូនត្រូវអនុវត្តលើមធ្យោបាយដឹកជញ្ជូននៅក្នុងព្រះរាជាណាចក្រកម្ពុជាមានជាអាទិ៍៖ កប៉ាល់ សាឡង់ ទូក កាណូត អូប័រ រថយន្ត ក្បាលរថយន្តសណ្តោង រ៉ឺម៉កសណ្តោង ស៊ីមីរ៉ឺម៉កសណ្តោង ទោចក្រយានយន្ត ត្រីចក្រយានយន្ត ត្រាក់ទ័រ និងគ្រឿងយន្ត ប្រហាក់ប្រហែល។

 

ជាមួយគ្នានោះដែរ ពន្ធលើមធ្យោបាយដឹកជញ្ជូនចំនួន ៥ ប្រភេទដូចខាងក្រោមនេះក៏ត្រូវបានលើកលែងមិនឱ្យបង់ពន្ធចូលរដ្ឋទេ៖

 

១. រថយន្តគិលានសង្គ្រោះ និងរថយន្តពន្លត់អគ្គិភ័យជាកម្មសិទ្ធិរបស់រដ្ឋ។

 

២. យានយន្តដែលជាកម្មសិទ្ធិរបស់អង្គភាពកងយោធពលខេមរភូមិន្ទ កងរាជអាវុធហត្ថ នគរបាលជាតិ ដែលបម្រើការងារសម្រាប់គោលដៅនៃការការពារជាតិ សន្តិសុខនិងសណ្តាប់ធ្នាប់សង្គមតែប៉ុណ្ណោះ។

 

៣. យានយន្តដែលជាកម្មសិទ្ធិរបស់ស្ថានទូតឬស្ថានកុងស៊ុលបរទេស អង្គការអន្តរជាតិ ឬទីភ្នាក់ងារសហប្រតិបត្តិការបច្ចេកទេសរបស់ រដ្ឋាភិបាលនានា។

 

៤. ទោចក្រយានយន្តនិងត្រីចក្រយានយន្តគ្រប់ប្រភេទ ត្រាក់ទ័រនិងគ្រឿងយន្តប្រហាក់ប្រហែល និងជលយានយន្តគ្រប់ប្រភេទដែលមានកម្លាំងដល់ ១៥០សេះ ឬតិចជាង។

 

៥. រថយន្តដែលបំប្លែងមកពីគោយន្ត និងរថយន្តកែច្នៃកង់បីដែលបំពាក់ម៉ាស៊ីន។

 

គួរបញ្ជាក់ផងដែរថា មធ្យោបាយដឹកជញ្ជូនទាំងឡាយណាដែលមានបង្កាន់ដៃបង់ពន្ធនាំចូលចេញមុនខែធ្នូ តែមានបណ្ណសម្គាល់យានជំនិះចេញលើកដំបូងក្នុងខែធ្នូនៃឆ្នាំជាប់ពន្ធចរន្តត្រូវបង់ពន្ធលើមធ្យោបាយដឹកជញ្ជូនក្នុងឆ្នាំនោះ ដោយទទួលបានការលើកលែងប្រាក់ពន្ធបន្ថែម។ ក្នុងករណីបណ្ណសម្គាល់យានជំនិះចេញលើកដំបូងក្នុងខែធ្នូ និងមានបង្កាន់ដៃបង់ពន្ធនាំចូល ចេញក្នុងខែធ្នូឆ្នាំតែមួយ ត្រូវបានអនុញ្ញាតឱ្យបង់ពន្ធសម្រាប់ឆ្នាំបន្ទាប់៕

34

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia