មិនតូចមិនធំ! ឱកា.សមុខរបរ ទុនតិច៥ ល្អបំផុតសម្រាប់អ្នកមានជំនាញច្បាស់ ចេញរកស៊ីឆ្នាំ២០២៤
Ping Chou EngDECEMBER 19 20232 K views

បច្ចុប្បន្ននេះមនុស្សជាច្រើនតែងតែប្រើជំនាញ និង​គំនិតរបស់ខ្លួនក្នុងការចាប់ផ្តើមរកស៊ីឬធ្វើការក្រៅម៉ោងបន្ថែមដើម្បីបង្កើតប្រាក់ចំណូល២-៣ប្រភពដើម្បីជីវភាព។

ដូច្នេះថ្ងៃនេះចាបក្រហមសូមលើកយកនូវឱកាសមុខរបរ ដែលចុះផ្សាយដោយទស្សនាវដ្តី Forbes ចំនួន៥ល្អបំផុតសម្រាប់ឆ្នាំ២០២៤ ដែលចាយទុនតិច អាចធ្វើបានសម្រាប់អ្នកមានជំនាញច្បាស់លាស់ និងអាចពិចារណាយកទៅរកស៊ីបាន៖

១. លក់អាហារលើ App

នៅបរទេសការលក់អាហារតាមអេបត្រូវបានគេឱ្យឈ្មោះថាផ្ទះបាយខ្មោច ដែលវាគឺជាមុខរបរដែលផ្តោតសំខាន់ទៅលើការដឹកជញ្ជូននិងរសជាតិ សុវត្ថិភាពនិងអនាម័យប៉ុណ្ណោះ ជាជាងការរៀបចំនិងជួលទីតាំងឱ្យអតិថិជនចូលទទួលទាន។  

គំរូអាជីវកម្មបែបនេះមានការកើនឡើងប្រជាប្រិយភាពក្នុងអំឡុងពេលជំងឺរាតត្បាត នៅពេលដែលការរឹតបន្តឹង រារាំងអ្នកទទួលទានអាហារមិនអោយទទួលទាននៅក្រៅផ្ទះ ហើយតម្រូវការដឹកជញ្ជូនដល់ផ្ទះបានហក់ឡើង។ យោងតាមទិន្នន័យ Statista មានអ្នកប្រកបមុខរបរផ្ទះបាយខ្មោចនេះប្រហែល ៧៥០ នៅចក្រភពអង់គ្លេសក្នុងឆ្នាំ ២០២០។

២. សេវាកម្មភ្នាក់ងារទីផ្សារឌីជីថល

ភ្នាក់ងារទីផ្សារឌីជីថលអាចក្លាយជាសេវាកម្មល្អបំផុតសម្រាប់អ្នកដែលមានជំនាញនេះ ដូចជាការធ្វើទីផ្សារអនឡាញសម្រាប់អាជីវកម្មដែលត្រូវការពង្រឹង ម៉ាកយីហោ ការសរសេរមាតិកា​និងទីផ្សារប្រព័ន្ធផ្សព្វផ្សាយសង្គម។

ការចាប់ផ្តើមអាជីពមុខរបរជាទីភ្នាក់ងារសេវាកម្មខ្នាតតូចបែបនេះ យើងអាចចាប់ផ្តើមដោយចំណាយតិចតួចបំផុត និងអនុញ្ញាតឱ្យអ្នកធ្វើការងារពីគ្រប់ទិសទី ដោយគ្រាន់តែមានអ៊ីនធឺណិតដែលអាចប្រើបានលឿនល្អនិងកំព្យូទ័រ១គ្រឿងប៉ុណ្ណោះ។

 

៣. សេវាកម្មទីផ្សារសម្ព័ន្ធ (Affiliate marketing )

ប្រសិនបើអ្នកមានគេហទំព័រ ឬប្លក់ដែលល្បីរួចហើយ ទីផ្សារសម្ព័ន្ធអាចជួយអ្នកឱ្យរកប្រាក់ចំណូលបានកាន់ប្រសើរ។ ទីផ្សារសម្ព័ន្ធគឺជាការធ្វើការផ្សព្វផ្សាយផលិតផល ឬសេវាកម្មដែលផ្តល់ដោយក្រុមហ៊ុនផ្សេងទៀតនៅលើគេហទំព័ររបស់អ្នក។

រាល់ពេលដែលនរណាម្នាក់ធ្វើការទិញទំនិញឬសេវាកម្មពីក្រុមហ៊ុនតាមរយៈតំណលីងដែលអ្នកបានដាក់លើគេហទំព័ររបស់អ្នកនោះ អ្នកនឹងទទួលបានកម្រៃជើងសារ។ តម្លៃនៃកម្រៃជើងសារនីមួយៗប្រែប្រួល ដែលអាចមានតម្លៃចាប់ពី 1% ទៅ 20% នៃតម្លៃនៃការទិញរបស់អតិថិជន អាស្រ័យលើបរិមាណស្វែងរក និងតម្លៃប្រតិបត្តិការ។

ការបង្កើតអាជីវកម្មប្រភេទនេះគឺមានការចំណាយទុនតិចហើយអ្វីដែលសំខាន់នោះគឺការរចនានិងបង្កើតគេហទំព័ររបស់អ្នក ដោយវាអាចត្រូវការពេលវេលាបន្តិចដើម្បីបង្កើតគេហទំព័រដ៏រឹងមាំនឹងទាក់ទាញដៃគូសហការបាន។

៤. លក់សម្លៀកបំពាក់

ការលក់សម្លៀកបំពាក់ឬសម្ភារៈប្រើប្រាស់មួយចំនួនត្រូវភាគច្រើនមិនសូវជាទទួលបានការទុកចិត្តពីអតិថិជន១០០%នោះទេ តែមុខរបរលក់​សម្លៀក​បំពាក់​អាច​ជា​អាជីវកម្មដែលរក​ប្រាក់​កម្រៃបានច្រើន។

ដូច្នេះហើយប្រសិនបើអ្នកស្រលាញ់ការលេងម៉ូដ ការចាប់ផ្តើមមុខរបរនេះជាឱកាសដ៏ត្រឹមត្រូវ ត្បិតការចាប់ផ្តើមដំបូងដោយការលក់លើអនឡាញមិនអាចទាញទំនុកចិត្តភ្ញៀវ១០០%បាន តែអ្នកអាចប្រឹងប្រែងរកសម្ភារៈ និងខោអាវដែលមានគុណភាពមកលក់ ហើយធ្វើការវេចខ្ចប់ឱ្យល្អ និងរចនាគេហទំព័រសម្រាប់លក់ឱ្យបានល្អនិងមិនទាន់ចំណាយប្រាក់ជួលហាងនោះឡើយ។ ប៉ុន្តែអ្នកអាចពិចារណាដាក់លក់វានៅតាមស្តង់ពិព័រណ៍នានាហើយផ្តល់ឱ្យអតិថិជនរបស់អ្នកនូវបទពិសោធន៍ល្អមុនឈានដល់ការលក់ទំនុកចិត្តលើអនឡាញ។

៥. ការងារឯករាជ្យ

ប្រសិនបើអ្នកចង់ចាប់ផ្តើមអាជីវកម្មដោយស្ទើរតែគ្មានការចំណាយជាមុននោះ ការងារឯករាជ្យអាចជាចម្លើយដ៏ល្អសម្រាប់អ្នក។ មិនថាអ្នកជាអ្នកនិពន្ធ អ្នករចនាក្រាហ្វិក ទីប្រឹក្សាហិរញ្ញវត្ថុ អ្នកថតរូប ឬអ្នកទីផ្សារប្រព័ន្ធផ្សព្វផ្សាយសង្គមទេ អ្នកអាចលក់សេវាកម្មរបស់អ្នកទៅឱ្យអតិថិជនក្នុងទម្រង់ជាច្រើនរូបភាព ដូចជាម្ចាស់អាជីវកម្ម ក្រុមហ៊ុនធំៗ ភ្នាក់ងារឈ្មួញកណ្តាលជាដើម។

សម្រាប់ការងារនេះអ្វីដែលអ្នកនឹងត្រូវចាប់ផ្តើមគឺវាអាស្រ័យលើជំនាញរបស់អ្នក ដោយអ្នកត្រូវមានកុំព្យូទ័រយួរដៃល្អប្រើ១ នាមប័ណ្ណស្អាត១ និងស្នាដៃការងារមួយចំនួនដែលអ្នកធ្លាប់ធ្វើ ដើម្បីបង្ហោះលើអ៊ីនធឺណេតឬទម្រង់ការងារផ្ទាល់ខ្លួនបាន៕

អត្ថបទដោយ៖ ពីង ជូអេង​

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia