របៀបធ្វើការរបស់មនុស្សម្នាក់ៗមានលក្ខណសម្បត្តិផ្សេងគ្នា ទៅតាមកាតព្វកិច្ចដែលខ្លួនបំពេញ។ ដោយឡែក ស្របពេលបុគ្គលលិកខ្លះបន្តជោគជ័យជាហូរហៀរ កើនប្រាក់ខែ ឡើងតួនាទី បុគ្គលិកខ្លះទៀតធ្វើការយូរឆ្នាំដែរ តែប្រាក់ខែមិនសូវជាឡើងដូចគេសោះ។ ខាងក្រោមនេះគឺជាកត្តាធំៗ ៥ ដែលជាមូលហេតុនាំឲ្យបុគ្គលិកមួយចំនួន ថ្នាក់លើមិនងាយដំឡើងប្រាក់ខែឲ្យ៖
១/. ឥរិយាបទមិនល្អ
កន្លែងការងារជាធម្មតាខ្លាចណាស់ប៉ះចំបុគ្គលិកមានគំនិតអាត្មានិយម ឆាប់ឆេវឆាវ មិនសូវចុះសម្រុងជាមួយក្រុមការងារ ទាញយកតែប្រយោជន៍ផ្ទាល់ខ្លួនជាធំ។ បុគ្គលបែបនេះមិនត្រឹមតែថ្នាក់លើមិនជួយជ្រោមជ្រែងទេ សូម្បីតែអ្នកធ្វើការជាមួយក៏មិនសូវជាហ៊ាននៅជិតស្និតដែរ។ ម្យ៉ាងវិញទៀត កាលណាបើមានអត្តចរិតមិនល្អហើយ ទង្វើរក្នុងកិច្ចការងារប្រចាំក៏ប្រែប្រួលទៅតាមភាពមិនមានទំនួលខុសត្រូវរបស់បុគ្គលនេះដែរ។
២/. មិនអភិវឌ្ឍខ្លួន
បុគ្គលិកមិនព្រមរីកចម្រើន មិនបើកចិត្តឱ្យទូលាយដើម្បីទទួលយកគំនិតល្អពីអ្នកដទៃ តើធ្វើយ៉ាងណា មានសមត្ថភាពគ្រប់គ្រាន់ដើម្បីឱ្យថ្នាក់លើសម្លឹងឃើញ និងផ្តល់ឱកាស ដំឡើងតួនាទី ប្រាក់ខែឲ្យទៅ។ «ជីវិត គឺជាការរៀនសូត្រ» ហើយត្រូវអនុវត្តរហូតដើម្បីទទួលបានបទពិសោធន៍ថ្មីៗ បើអ្នកនៅទ្រឹងដដែលពីមួយថ្ងៃទៅមួយថ្ងៃ ធ្វើដូចម្ដេចក្លាយជាបុគ្គលិកលេចធ្លោក្នុងក្រុមហ៊ុនបានទៅ។ មិនពង្រឹងសមត្ថភាព មិនពង្រីកចំណេះ ទោះធ្វើការ១០ឆ្នាំទៀតក៏មុខងារអ្នកនៅតំណែងដដែលដែរ។
៣/. គ្មានឆន្ទៈខ្ពស់
ប្រសិនបើជា បុគ្គលិកមិនមានឆន្ទៈចំពោះការងារ ពួកគេមើលឃើញតែភាពស្មុគស្មាញ មិនដឹងថាត្រូវចាប់ផ្តើមធ្វើការងារមួយណា ចោលមួយណា ឬការងារមួយណាគួរចាប់ផ្តើមមុន មួយណាធ្វើក្រោយនោះឡើយ។ ដូច្នេះប្រធានគ្រប់រូប គ្រប់ស្ថាប័ន ត្រូវការបុគ្គលិកដែលធ្វើការងារប្រកបដោយឆន្ទៈខ្ពស់ ព្រោះការមានឆន្ទៈជាចំណុចសំខាន់ដែលធ្វើឲ្យបុគ្គលិកមានចិត្តដិតអារម្មណ៍ជាមួយនឹងការងារបានល្អ ហើយធ្វើឲ្យគម្រោងឬផែនការក្នុងស្ថាប័ននោះសម្រេចបានដោយជោគជ័យ។
៤/. ត្អូញត្អែរច្រើន
មនុស្សដែលគ្មានភាពអត់ធ្មត់ខ្ពស់ និងចូលចិត្តនិយាយត្អូញត្អែរច្រើននោះ ជីវិត និងការងាររបស់ពួកគេនឹងមិនរីកចម្រើនឡើយ។ ប្រសិនបើគ្រាន់តែដាក់ការងារដ៏តូចណាមួយឱ្យធ្វើ ហើយមិនទាន់ទាំងបានធ្វើអ្វីផងចាប់ផ្ដើមរអ៊ូត្អូញត្អែរហើយនោះ គ្មាននរណាម្នាក់ហ៊ានដាក់ការងារធំឱ្យធ្វើនោះទេ។ ដូច្នេះគេនឹងនៅតែជាកូនចៅរបស់អ្នកដទៃរហូតតទៅ។
៥/. មិនគោរពតាមគោលការណ៍កន្លែងការងារ
គ្រប់កន្លែងធ្វើការសុទ្ធតែមានច្បាប់ការងារ បើបុគ្គលិកមិនធ្វើតាមគោលការណ៍ប្រាកដជាត្រូវពិន័យរបស់ក្រុមហ៊ុនមិនខាន។ ម្យ៉ាងទៀត បុគ្គលិកដែលមិនសូវគោរពតាមច្បាប់នេះ មិនត្រឹមត្រូវពិន័យក្រុមហ៊ុននោះទេ ថ្នាក់លើក៏មិនពេញចិត្ត រហូតអាចឈានដល់ដំណាក់កាលបញ្ឈប់ពីការងារក៏មាន។ ដូច្នេះហើយបុគ្គលិកប្រភេទនេះ គេគិតខ្លាំងណាស់មុនរើសយកមកបម្រើការនៅស្ថាប័នរបស់គេ ថាតើអាចបំពេញតាមបទបញ្ជាដែលបានកំណត់ដែរឬទេ? ដោយហេតុនេះហើយ ទើបស្ថាប័ននីមួយៗតែងមានកុងត្រាជាមួយបុគ្គលិកថ្មីចំនួន៣ខែ ដើម្បីសាកល្បងពីសមត្ថភាព ក៏ដូចជាការតស៊ូរបស់ពួកគេជាមួយការងារនោះ។
យ៉ាងណាមិញ ប្រាក់ខែនៅតិច ចំណូលនៅទាបបង្ហាញថាសមត្ថភាពយើងមានបញ្ហា ក្រៅពីច្រកផ្លូវធំៗខាងលើ ចូលផ្ដោតសំខាន់បំផុតទៅលើ ការអភិវឌ្ឍខ្លួន និងការកសាងខ្លួនឯងឱ្យខ្លាំងលើសមុន។ ចង់ឲ្យចំណូលកើន ១គុណនឹង១០ ឬ ៣០០ដុល្លារ ឡើងដល់ ៣០០០ដុល្លារ អ្នកត្រូវធ្វើខ្លួនឲ្យសាកសមនឹងទទួលបានវា ដូចពាក្យលោក Jim Rohn ដែលជាសហគ្រិនជនជាតិអាមេរិក ជាអ្នកនិពន្ធនិងជាអ្នកលើកទឹកចិត្តមួយរូបដ៏ល្បីល្បាញបាននិយាយថា៖ «ចំនួនលុយ និងតួនាទីដែលអ្នកមាន ពុំអាចលើសពីសមត្ថភាពរបស់អ្នកឡើយ»៕
អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ)
សៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងចំណូលច្រើនប្រភពលើសពីប្រាក់ខែ) បើកទទួលការកក់ហើយ តម្លៃពិសេសត្រឹម ១០$ ប៉ុណ្ណោះ។
កក់តាម
https://t.me/hangchhengH24


