សម័យថ្មីនេះគឺជាសម័យនៃការប្រកួតប្រជែង ដូច្នេះនៅក្នុងការធ្វើអាជីវកម្ម ដើម្បីឱ្យអតិថិជនទិញផលិតផលរបស់អ្នក គប្បីត្រូវធ្វើយ៉ាងណាធ្វើឲ្យអតិថិជនបានស្គាល់ពីផលិតផល ជឿជាក់លើផលិតផលរបស់អ្នកជាមុនសិន ទើបពួកគេសម្រេចចិត្តទិញ។ យ៉ាងណាមិញដើម្បីឱ្យអតិថិជនស្គាល់ និងជឿជាក់លើផលិតផលអ្នក ទាល់តែអ្នកមានភាពឆ្លាតវៃក្នុងការធ្វើទីផ្សារ ដើម្បីឲ្យអតិថិជនបានស្គាល់។
ដូច្នេះហើយ ថ្ងៃនេះ ចាបក្រហម នឹងលើកយកមក៤ ចំណុច ដែលជាយុទ្ធសាស្រ្តឈ្នះៗ អាចជួយ អ្នកអាចចាប់ម៉ូយ ទាំងចាស់ទាំងថ្មី ឲ្យមកនៅជាមួយអ្នករហូតបាន៖
១. កុំភ្លេចការថ្លែងអំណរគុណ
ការថ្លែងអំណរគុណនេះ អាចជាការថ្លែងផ្ទាល់មាត់ ឬតាមរយៈសារក៏បានដែរ។ អតិថិជនតែងតែចង់ទទួលបានអារម្មណ៍គោរពនេះពី អ្នកលក់ជានិច្ច ហើយពាក្យនេះនឹងដក់ជាប់ក្រអៅបេះដូងរបស់ពួកគាត់បានយូរទៀតផង។
២. ត្រូវធានាពីសេវាកម្ម/ ផលិតផលរបស់អ្នក
ជាការពិតណាស់ អតិថិជនគេមិនសូវជាជឿលើផលិតផលប៉ុន្មានទេ។ ប៉ុន្តែភាគច្រើន គេមើលទៅលើអ្នកដែលលក់ផលិតផលនោះជាង។ ម៉្លោះហើយអ្នកត្រូវធានាលើសេវាកម្ម និងផលិតផលដែលបានដាក់លក់ចេញនោះ។ ពេលខ្លះវាអាចមានបញ្ហាណាមួយកើតឡើង មើលមិនឃើញក្ដី អ្នកគួរមានដំណោះស្រាយចំពោះភ្ញៀវ ដែលពោរពេញដោយទំនួលខុសត្រូវខ្ពស់។
៣. បន្ទាបតម្លៃខ្លះ
ដើម្បីទាក់ទាញអតិថិជនថ្មីឲ្យមករកអ្នក ការបន្ទាបតម្លៃក៏ជាភាពទាក់ទាញដ៏ជោគជ័យមួយផងដែរ។ តែទន្ទឹមនឹងការបន្ទាបតម្លៃនេះ ទៀតសោត គឺមិនមែនកាត់បន្ថយគុណភាពចំពោះពួកគាត់ទេ។ ទោះបីវាចំណេញតិចតួចមែន តែលើកក្រោយទៀតគេនឹងមករកអ្នកដដែលជាមិនខាន។ ក្នុងនោះវាត្រូវតែមានគុណភាពល្អគួបផ្សំនឹងតម្លៃធូរថ្លៃ ទើបលើកក្រោយទៀត គេនឹងមករកអ្នកទៀត។
៤. ផ្សព្វផ្សាយឲ្យធំ ទូលាយ
សម័យនេះ គឺងាយខ្លាំងណាស់ក្នុងការផ្សព្វផ្សាយអំពីក្រុមហ៊ុននិងផលិតផលរបស់អ្នកទៅកាន់ទីផ្សារ។ អ្នកមិនចាំបាច់ប្រើប្រាស់កម្លាំងពលកម្មច្រើនក្នុងការផ្សព្វផ្សាយក៏បាន ឲ្យតែអ្នកហ៊ានចំណាយធនធានខ្លះក្នុងការផ្សព្វផ្សាយតាមប្រព័ន្ធអ៊ីនធឺណិត។ មធ្យោបាយនេះគឺងាយស្រួលបំផុតហើយ តែក្នុងនោះលទ្ធផលដែលទទួលបានមកវិញគឺធំធេងណាស់។ គួរបញ្ជាក់ផងដែរថា អាជីវកម្មជាច្រើនចាប់ផ្ដើមវាយលុកចូលទីផ្សារខ្លាំង ក៏ដោយសារតែការផ្សព្វផ្សាយតាមប្រព័ន្ធអ៊ីនធឺណិតនេះឯង៕


