ការសិក្សាចិត្តសាស្រ្ត៖ បុគ្គលិ.ក១ក្នុងចំណោមអត្តចរិត៤ប្រភេទនេះ គឺជាមនុស្សងាយជោ.គជ័យបំផុត
Ping Chou EngJUNE 11 20241.2 K views

យោងតាមការសិក្សាចិត្តសាស្រ្ត​នៅឆ្នាំ២០២២ របស់វិទ្យាស្ថានអន្តរជាតិនៃការស្រាវជ្រាវបរិស្ថាន និងសុខភាពសាធារណៈចុះផ្សាយដោយ Forbes បានឱ្យដឹងនៅកន្លែងធ្វើការនឹងមានបុគ្គលិកមានចរិតលក្ខណៈ៤ប្រភេទនេះ ដោយសិក្សាផ្អែកលើ ភាពធន់ ការអត់ធ្មត់ និងសមត្ថភាពការងារ ហើយក្នុងនោះបុគ្គលិកមានអត្តចរិត១ក្នុងចំណោម៤ប្រភេទខាងក្រោម គឺជាមនុស្សងាយជោគជ័យ មានទំនាក់ទំនងការងារល្អ និងត្រូវបានមិត្តរួមការងារចូលចិត្តធ្វើការជាមួយបំផុត។

. សមត្ថភាពមិនខ្លាំង មិនដាក់ខ្លួន៖ ជាប្រភេទបុគ្គលដែលទទួលបានការចូលចិត្តតិចបំផុតនៅកន្លែងធ្វើការ ពួកគេជាធម្មតាគ្មានសមត្ថភាពពិតប្រាកដទេ ហើយជាទម្លាប់ពួកគេមិនមានឆន្ទៈក្នុងការរៀនសូត្រ កែលម្អ ឬទទួលស្គាល់ចំណុចខ្វះខាតរបស់ខ្លួនឡើយ។ ភាពក្រអឺតក្រទម និងអសមត្ថភាពក្នុងការអនុវត្តរបស់ពួកគេនេះអាចនាំឱ្យមានគេជួបបញ្ហាប្រឈមធំៗនៅកន្លែងធ្វើការ ហើយគេក៏ជាប្រភពនៃភាពអវិជ្ជមានសម្រាប់មិត្តរួមការងារដែរ។

. មានសមត្ថភាព តែអំនួត៖ ជាប្រភេទបុគ្គលដែលមានសមត្ថភាពខ្ពស់ ប៉ុន្តែខ្វះការបន្ទាបខ្លួន អំនួតខ្លាំង និងជាប្រភេទមនុស្សដែលក្រុមការងារពិបាកធ្វើការជាមួយបំផុត ហើយជារឿយៗពួកគេតែងច្រានចោលគំនិត និងការរួមចំណែករបស់អ្នកដទៃ។ ទោះបីជាជំនាញនិងសមត្ថភាពការងាររបស់ពួកគេអាចមានតម្លៃ ប៉ុន្តែអាកប្បកិរិយានិងអត្តចរិតមិនសមរម្យនេះ អាចបណ្តាលឱ្យកើតជម្លោះក្នុងការងារ និងទទួលការមិនចូលចិត្តពីក្រុមការងារទាំងមូលច្រើន។

. ដាក់ខ្លួនខ្លាំង តែខ្វះជំនាញ ៖ ជាប្រភេទបុគ្គលដែលដាក់ខ្លួនខ្លាំង ប៉ុន្តែខ្វះជំនាញឬចំណេះដឹងចាំបាច់ដើម្បីបំពេញការងាររបស់ពួកគេប្រកបដោយប្រសិទ្ធភាព ពួកគេមានអត្តចរិតចង់រៀនចង់សូត្រ មានឆន្ទៈកែលម្អ ហើយចេះទទួលយកការណែនាំ និងមតិពីអ្នកដទៃ។ ទោះជាយ៉ាងណាក៏ដោយ មិត្តរួមការងារចូលចិត្តធ្វើការជាមួយបុគ្គលិកប្រភេទនេះណាស់ ទោះបីជាពួកគេមិនមានជំនាញក៏ដោយ ពីព្រោះពួកគេតែងត្រូវបានមនុស្សដែលមានសមត្ថភាពប្រើប្រាស់ដើម្បីប្រយោជន៍រួមនៅកន្លែងការងារជារឿយៗ។

. មានសមត្ថភាពខ្ពស់ បន្ទាបខ្លួនខ្លាំង៖ ជាប្រភេទបុគ្គលដែលមាន​សមត្ថភាព​ខ្ពស់ មានភាពប៉ិនប្រសប់ក្នុងការងារនិងមានការបន្ទាបខ្លួនខ្លាំង បើកចំហចំពោះមតិកែលម្អ មានឆន្ទៈក្នុងការរៀនសូត្រ និងស្វែងរកភាពរីកចម្រើនដោយខ្លួនឯងប្រកបដោយវិជ្ជាជីវៈ។

ជាពិសេសពួកគេតែងចែករំលែកក្រេឌីតការងារជាមួយមិត្តរួមក្រុមជានិច្ច ដែលជាហេតុធ្វើឲ្យពួកគេមានឱកាសខ្ពស់ជាងគេ ក្នុងការក្លាយជាអ្នកដឹកនាំក្រុម ជោគជ័យក្នុងអាជីពការងារ ហើយជារឿយៗបុគ្គលលក្ខណៈនេះជំរុញឱ្យពួកគេទទួលបានទំនុកចិត្ត និងការគោរពស្រឡាញ់ពីមិត្តរួមការងារច្រើនជាងគេបង្អស់។

យ៉ាងណាមិញការសមត្ថភាពនិងជំនាញបានដើរតួនាទីយ៉ាងសំខាន់ក្នុងការងារ ប៉ុន្តែអត្តចរិតនិងភាពធន់ក៏រួមចំណែកសំខាន់ដូចគ្នា ដើម្បីឱ្យអាជីពការងារជោគជ័យនិងរីកចម្រើនទៅមុខ។ ដូច្នេះបុគ្គលិកនិងអ្នកបំពេញការងារគួរតែកសាងនិងរក្សា តុល្យភាពរវាងសមត្ថភាពការងារនិងបុគ្គលលក្ខណៈ ឱ្យដើរទន្ទឹមគ្នា ទើបជួយឱ្យអ្នកឆាប់រីកចម្រើននិងងាយជោគជ័យក្នុងការងារ៕

អត្ថបទដោយ៖ ពីង ជូអេង

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia