ឈប់រអ៊ូបុគ្គលិកធ្វើការមិនកើត! ជាមេដឹកនាំគេ ត្រូវស្គាល់បុគ្គលិក៤ប្រភេទនេះ ទើបជាអ្នកដឹកនាំពិត
Meng SonglyMARCH 7 20241.7 K views

ការក្លាយខ្លួនជាអ្នកដឹកនាំដ៏ពេញលក្ខណៈម្នាក់ វាមិនមែនជារឿងងាយស្រួល ឬអាចឱ្យយើងធ្វើលំៗបាននោះទេ។ មានអ្នកដឹកនាំច្រើនណាស់ ដែលតែងតែឈឺក្បាលរឿងបុគ្គលិកបំពេញការងារមិនបានល្អ ដោយសារតែការមិនចេះដឹកនាំនេះឯង។ ដូច្នេះវាទាមទារឱ្យយើងជាអ្នកដឹកនាំ មានសមត្ថភាពពិតប្រាកដ និងស្គាល់ច្បាស់ពីបុគ្គលិកនៅក្រោមបង្គ្រាប់របស់ខ្លួន។ ខាងក្រោមនេះ គឺជាបុគ្គលិក៤ប្រភេទ ដែលអ្នកដឹកនាំថ្មីថ្មោងត្រូវស្គាល់ឱ្យច្បាស់ បើចង់ឱ្យការដឹកនាំរីកចម្រើនទៅមុខលឿន៖

ប្រភេទទី១. អត់ចេះ អត់ចង់៖ បុគ្គលិកប្រភេទនេះ ជាបុគ្គលិកដែលត្រូវការឱ្យយើងបង្ហាញពីអនាគតការងារដែលគាត់កំពុងធ្វើ និងបង្វឹកជំនាញគាត់ជាប្រចាំ ប៉ុន្តែប្រសិនបើគាត់នៅតែមិនមានទឹកចិត្តក្នុងការធ្វើការ ឬរៀនទេ យើងត្រូវប្រញាប់ប្តូរការងារគាត់ចេញ ឬក៏ជម្រើសចុងក្រោយបញ្ឈប់តែម្តង!

ប្រភេទទី២. អត់ចេះ តែចង់៖ បុគ្គលិកប្រភេទនេះ អាចថាល្អជាងបុគ្គលិកកម្រិតទី១ ដោយសារគាត់មានទឹកចិត្តនៅក្នុងការធ្វើការ និងរៀនសូត្រស្រាប់ ដូច្នេះអ្វីដែលយើងត្រូវធ្វើគឺត្រូវបណ្តុះបណ្តាលគាត់ឱ្យមានជំនាញ និងណែនាំ តម្រង់គោលដៅគាត់ឱ្យស្របជាមួយនឹងក្រុមហ៊ុន នោះគាត់នឹងខិតខំធ្វើការមិនខ្ចិលនោះឡើយ។

ប្រភេទទី៣. ចេះ តែអត់ចង់៖ បុគ្គលិកប្រភេទនេះ ភាគច្រើនជាបុគ្គលិកចាស់ ដែលចេញពីបុគ្គលិកប្រភេទទី៣មក ប៉ុន្តែគាត់អាចនឹងគាំងម៉ាស៊ីននៅកន្លែងណាមួយ ដោយសារបរិយាកាសនៅក្នុងក្រុមហ៊ុន ប្រាក់ខែ តួនាទី ការមិនឱ្យតម្លៃ ឬក៏មកពីបញ្ហាគ្រួសារ បញ្ហាផ្ទាល់ខ្លួនជាដើម។ ហេតុនេះអ្នកដឹកនាំត្រូវរកឱកាសល្អ សួរនាំគាត់ពីបញ្ហាក្រោយខ្នង និងផ្តល់ឱកាសថ្មីដល់គាត់ ដើម្បីគាត់មានទឹកចិត្តឡើងវិញ។

ប្រភេទទី៤. ចេះក៏ចេះ ចង់ក៏ចង់៖ បុគ្គលិកប្រភេទនេះ ជាបុគ្គលិកទ្រព្យរបស់ក្រុមហ៊ុន គាត់ជាមនុស្សដែលធ្វើការបានល្អ ដោយមិនចាំបាច់ឱ្យមេដាស់តឿន ឬនិយាយច្រើនឡើយ។ ហើយគាត់ក៏ជាមនុស្សម្នាក់ដែលមានគំនិតច្រើនលើអ្វីដែលគាត់កំពុងធ្វើផងដែរ។ ដូច្នេះអ្វីដែលមេដឹកនាំត្រូវធ្វើ គឺផ្តល់ធនធាន និងឱកាសការងារថ្មីៗ ឱ្យគាត់បន្ថែម ហើយត្រូវលើកទឹកចិត្តគាត់ជាប្រចាំ នោះគាត់នឹងប្តូរផ្តាច់ធ្វើការឱ្យក្រុមហ៊ុនបានកាន់តែច្រើនទ្វេដង ៕ 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia