តើអ្វីធ្វើឲ្យអ្នកមានសុមង្គលក្នុងជីវិត? វាហាក់ដូចជាសំណួរចាក់ដោតមួយ ដែលមនុស្សមួយចំនួនឆ្លើយមិនចេញ ឬពិបាកឆ្លើយ។ ដោយឡែកគំនិតមួយក្នុងចំណោមគំនិតដែលជជែកវែកញែកគ្នាច្រើនបំផុតនោះគឺ «សុភមង្គលកើតចេញពីការមានលុយកាន់តែច្រើន»។ ប៉ុន្តែលោកវេជ្ជបណ្ឌិត Sanjiv Chopra សាស្ត្រាចារ្យផ្នែកវេជ្ជសាស្ត្រនៅសាកលវិទ្យាល័យ Harvard បានបដិសេធមិនយល់ស្របឡើយ។
ថ្លែងនៅក្នុងកម្មវិធី TED Talk កាលពីពេលកន្លងទៅ លោក Sanjiv Chopra បានលើកឡើងយ៉ាងដូច្នេះថា៖ «ការឈ្នះឆ្នោត២០លានដុល្លារ នឹងមិនធ្វើឲ្យអ្នកសប្បាយចិត្តជាងពេលនេះទេ។ ការស្រាវជ្រាវបានបង្ហាញថា ក្រោយរយៈពេលមួយឆ្នាំ អ្នកឈ្នះឆ្នោតនឹងត្រឡប់ទៅរកចំណុចដើមរបស់ខ្លួនវិញ។ អ្នកខ្លះធ្លាក់ក្នុងស្ថានភាពកាន់តែលំបាកជាងមុនទៀតក៏ថាបាន»។ ក្នុងសុន្ទរកថាដដែលនេះ លោកបានពន្យល់រឿងធំៗ៤យ៉ាង ត្រូវបានផ្សារភ្ជាប់ជាមួយវិទ្យាសាស្ត្រទៅនឹងសុភមង្គលពិតប្រាកដ៖
១/. មិត្តភក្តិ និងគ្រួសារ
ការបង្កើតទំនាក់ទំនងជិតស្និទ្ធជាមួយមនុស្សដែលអ្នកទុកចិត្ត និងជឿជាក់គឺមានសារៈសំខាន់ចំពោះសុខុមាលភាពទូទៅរបស់អ្នកណាស់។ លោក Chopra និយាយថា៖ «ជ្រើសរើសមិត្តដោយភាពវ័យឆ្លាត ហើយអបអរអ្វីគ្រប់យ៉ាងសូម្បីតែរឿងតូចតាច និងបង្កើតការចងចាំល្អៗជាមួយពួកគេ»។
អ្នកស្រាវជ្រាវក៏បានព្រមានផងដែរថា ភាពឯកកោផ្ទាល់ខ្លួន និងភាពឯកោក្នុងសង្គមអាចប៉ះពាល់ដល់សុខភាពដូចជាការជក់បារី ១៥ដើមក្នុងមួយថ្ងៃ។ ចំណែកឯមិត្តភាពអាច កាត់បន្ថយហានិភ័យនៃការស្លាប់ ឬវិវត្តទៅជាជំងឺមួយចំនួន និងអាចបង្កើនល្បឿននៃការជាសះស្បើយឡើងវិញចំពោះអ្នកដែលធ្លាក់ខ្លួនឈឺថែមទៀតផង។
២/. ការអភ័យទោស
លោក Chopra បានលើកឡើងថា៖ «សមត្ថភាពក្នុងការអត់ទោសមិនថាចំពោះខ្លួនឯង ឬអ្នកដទៃនោះទេ វានឹងជួយអ្នករួចផុតពីបន្ទុកនៃការស្អប់និងអារម្មណ៍មិនល្អផ្សេងទៀតដែលអាចជះឥទ្ធិពលអវិជ្ជមានដល់កម្រិតសុភមង្គលរបស់អ្នក»។
លោកបានលើកឧទាហរណ៍ពី Nelson Mandela ជាវីរបុរសមានភាពស្ទាត់ជំនាញលើសិល្បៈនៃការអភ័យទោស។ នៅឆ្នាំ១៩៩០ ពេលដែលមេដឹកនាំបដិវត្តន៍ប្រឆាំងការរើសអើងជាតិសាសន៍អាហ្វ្រិកខាងត្បូង និងជាអ្នកនយោបាយដ៏មានឥទ្ធិពលរូបនេះ មានសេរីភាពឡើងវិញបន្ទាប់ពីជាក់គុក២៧ឆ្នាំ គាត់ត្រូវបានគេសួរថា តើគាត់មានការអាក់អន់ចិត្តចំពោះអ្នកចាប់ឃុំខ្លួនគាត់ដែរឬទេ? លោក Mandela បានឆ្លើយតបថា៖ «ខ្ញុំគ្មានភាពជូរចត់ ខ្ញុំពុំមានការអន់ចិត្តទេ។ ការអាក់អន់ចិត្តគឺប្រៀបដូចជាថ្នាំពុល អ្នកផឹកថ្នាំពុលនោះ ហើយបែបជាសង្ឃឹមថាវានឹងសម្លាប់សត្រូវរបស់អ្នកទៅវិញ»។
៣/. ការផ្តល់ឲ្យ
លោក Chopra និយាយថា៖ «ការចូលរួមក្នុងកម្មវិធីសប្បុរសធម៌ និងការបរិច្ចាគប្រាក់ដើម្បីជួយអ្នកដទៃ គឺជាវិធីសាស្ត្រដ៏ល្អបំផុតមួយក្នុងការចំណាយពេលវេលា និងប្រាក់របស់អ្នកបានត្រឹមត្រូវឆ្ពោះទៅរកសុភមង្គលពិតប្រាកដ»។ ក្នុងនោះការសិក្សាស្រាវជ្រាវថែមទាំងបានបង្ហាញថា មនុស្សដែលស្ម័គ្រចិត្ដ ឬចូលចិត្តចែករំលែកទៅកាន់អ្នកដទៃនឹងទទួលបានសុភមង្គលកាន់តែច្រើន ការគោរពខ្លួនឯងខ្ពស់ ក៏ដូចជាមានអត្រាមរណភាពទាបផងដែរ។
៤/. ការដឹងគុណ
លោក Chopra ប្រាប់ទស្សនិកជនថា៖ «មានសម្រង់សម្តីអនាមិកដ៏អស្ចារ្យមួយបានលើកឡើងថា "ប្រសិនបើអ្នកមិនចេះភាសានៃការដឹងគុណ អ្នកនឹងមិនអាចប្រើភាសានិយាយស្តីប្រកបដោយសុភមង្គលឡើយ"»។ ការអនុវត្តការដឹងគុណអាចមានលក្ខណៈសាមញ្ញដូចជានិយាយថា «ខ្ញុំដឹងគុណ» យ៉ាងហោចណាស់ម្តងក្នុងមួយថ្ងៃ។ ជាការពិត ការសិក្សាមួយពីសមាគមចិត្តសាស្រ្តអាមេរិកបានរកឃើញថា ការធ្វើដូច្នេះអាចជួយមនុស្សឱ្យទទួលបាននូវបទពិសោធន៍វិជ្ជមាន ទប់ទល់នឹងស្ថានភាពស្ត្រេស និងពង្រឹងទំនាក់ទំនង។
សរុបមកវិញ ប្រសិនបើថ្ងៃនេះអ្នកមានមហាសំណាងឈ្នះឆ្នោត២០លានដុល្លារ ឬច្រើនជាងនេះ វាមិនអាចនាំក្តីរីករាយមកកាន់ជីវិតអ្នកជារៀងរហូតឡើយ ហើយវានឹងរសាយបាត់ទៅវិញបន្តិចម្តងៗ។ ចូលមានមិត្ត និងក្រុមគ្រួសារល្អ ចេះអភ័យទោស មានសណ្តានចិត្តចែករំលែក និងការដឹងគុណ ទើបអាចនាំអ្នកទៅរកសុភមង្គលពិតប្រាកដ។ ដូចអ្នកប្រាជ្ញសូក្រាតធ្លាប់បានលើកឡើងថា៖ «សុភមង្គលមិនកើតចេញពីស្ថានភាពផ្លូវកាយ ឬរបស់ខាងក្រៅដូចជាការសប្បាយខាងរូបកាយ ឬទ្រព្យសម្បត្តិ និងអំណាចនោះទេ ប៉ុន្តែវាបានមកពីការរស់នៅដែលត្រឹមត្រូវសម្រាប់ដួងព្រលឹងរបស់អ្នក ដែលជាសេចក្តីល្អដ៏ជ្រាលជ្រៅរបស់អ្នកនេះឯង»៕
អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) ម្ចាស់ស្នាដៃសៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។
បញ្ជាទិញតាម https://t.me/BusinessCambodiaBook



