រកស៊ីយូរៗ ជំពាក់គេជុំទិស! នេះគឺជារឿងធំៗ៤ ដែលម្ចាស់អាជីវកម្មត្រូវធ្វើបើមិនចង់ឱ្យបំណុលកើន និងមុខរបរត្រូវបិទទ្វារ
ធី ស្រីល័ក្ខOCTOBER 17 2025350 views

ជាទូទៅ នៅពេលដែលយើងចេញរកស៊ី ឬរកស៊ីជាយូរឆ្នាំទៅហើយនៅពេលដែលខ្វះទុនបង្វិលយើងតែងតែខ្ចីទុនពីធនាគារមកពង្រីកមុខរបរយើងបន្ថែមទៀតផងដែរ ប៉ុន្តែ ការខ្ចីលុយគេមករកស៊ីនេះប្រសិនជាយើងមិនចេះគ្រប់គ្រងឬចេះចាត់ចែងឱ្យបានល្អទេនោះ បំណុលរបស់យើងប្រាកដជាកាន់តែកើនឡើង ហើយមុខរបរក៏នឹងជួបហានិភ័យផងដែរ។

ជាមួយគ្នានោះដែរ ខាងក្រោមនេះជាដំណោះស្រាយចំនួន៤ ដែលម្ចាស់អាជីវកម្មត្រូវធ្វើបើមិនចង់ឱ្យបំណុលកើន និងមុខរបរត្រូវបិទទ្វារ៖

 

. សរុបបំណុលដែលមាន

រឿងសំខាន់បំផុតដែលអ្នក មិនគួររំលងទាល់តែសោះនោះគឺត្រូវធ្វើយ៉ាងណាឱ្យយើងអាចស្គាល់ស្ថានភាព របស់ខ្លួនឯងច្បាស់។ បើដឹងថាខ្លួនមានបំណុល ត្រូវកត់ត្រាបំណុលទាំងអស់នោះចូលក្នុងបញ្ជីឱ្យបានច្បាស់លាស់។ បន្ទាប់មកពិនិត្យមើលថាតើបំណុលណាបន្ទាន់ បំណុលណាមិនបន្ទាន់ និងរកវិធីដោះស្រាយវាតាមចំណាត់ថ្នាក់ ត្រូវដឹងថាគួរបង្កើតលុយពីប្រភពណាដើម្បីអាចដោះបំណុលបាន។ បន្ទាប់ពីសរុបរួចហើយ ឆាប់សម្រុកដោះបំណុលណាដែលមានការប្រាក់ខ្ពស់ជាងគេមុន កុំទុកវាយូរ ព្រោះការប្រាក់កាន់តែទុក កាន់តែកើន។

 

២. រកវិធីកាត់បន្ថយអតិថិជនដែលជំពាក់

ជាធម្មតាការរកស៊ីមិនខ្វះទេភ្ញៀវជំពាក់យើង ហើយក៏មានម្ចាស់អាជីវកម្មជាច្រើនកប់លុយចោល ព្រោះតែឱ្យគេជំពាក់ហ្នឹងដែរ។ ដូច្នេះក្នុងដំណាក់កាលនេះ អ្នកត្រូវប្រញាប់ចរចាជាមួយនឹងដៃគូ ដែលកំពុងជំពាក់ឱ្យគេសងខ្លះ ដើម្បីបានសាច់ប្រាក់មកបង្វិលក្នុងអាជីវកម្ម។ ចំពោះអ្នកយកទំនិញ ទៅក្រោយៗ សូមកាត់បន្ថយពេលវេលាជំពាក់ ឧទាហរណ៍ថា រាល់ដងឱ្យជំពាក់ ៩០ថ្ងៃ លើកនេះ កាត់មកសល់ត្រឹម៣០ថ្ងៃអីបានហើយ ដើម្បីកាត់បន្ថយការកប់លុយចោលច្រើន។

 

៣. ពិនិត្យលំហូរសាច់ប្រាក់ឱ្យបានច្បាស់

ក្នុងនាមជាម្ចាស់អាជីវកម្ម ត្រូវពិនិត្យរាល់បញ្ជីចំណូលចំណាយ ដើម្បីឱ្យបានដឹងថាតើលុយចេញ ទៅច្រកណាខ្លះ តើវាមានហៀរចេញទៅច្រកណាដែលមិនសំខាន់ឬទេ? តើច្រកចេញនៃលុយក្នុង អាជីវកម្មសំខាន់ៗមានដូចជា ចំណាយលើការផលិត (វត្ថុធាតុដើម ឬទិញពីអ្នកផ្គត់ផ្គង់), ចំណាយលើបុគ្គលិក, ចំណាយប្រតិបត្តិការ ឬចំណាយលើការធ្វើទីផ្សារ និងចំណាយថ្លៃទីតាំងអាជីវ កម្មជាដើម។

 

៤. បង្កើនការលក់

មុននឹងសម្រុកធ្វើទីផ្សារ ត្រូវពិនិត្យមើលសិនតើផលិតផលសព្វថ្ងៃនេះត្រូវនឹងតម្រូវការរបស់សង្គម ដែរទេ? តើគួរបង្កើតចំណុចពិសេសអ្វីដើម្បីទាក់ទាញអតិថិជនជាងមុន?

បន្ទាប់មកសឹមចាំចាប់ផ្តើមធ្វើទីផ្សារ ដើម្បីទាក់ទាញភ្ញៀវ ក្នុងនោះដែរកុំភ្លេចឱ្យសោះក្បួនធ្វើទីផ្សារ ០៛។ ការធ្វើទីផ្សារគឺជាចំណុចសំខាន់ដើម្បីឱ្យអាជីវកម្មអ្នករស់ ប៉ុន្តែក៏មិនមានន័យថា ទាល់តែជះលុយច្រើនធ្វើទីផ្សារ ទើបអាចទទួលបានលទ្ធផលល្អនោះទេ។

ដោយលោកអ្នកអាចប្រើ ប្រាស់ក្បួនធ្វើទីផ្សារ ០៛ ដែលវាអាចជួយកាត់បន្ថយការចំណាយបានច្រើន ដោយគ្រាន់តែប្រើប្រាស់នូវធនធានដែលអ្នកមានឱ្យអស់លទ្ធភាព។ ធនធានមានដូចជាហ្វេសប៊ុកផេកដោយនាពេលបច្ចុប្បន្ន នេះប្រភេទវីដេអូ Reels គឺហ្វេសប៊ុករុញជាខ្លាំង និងកម្មវិធី Tik Tok ជាដើមដូច្នេះយើងត្រូវ ព្យាយាមបង្កើតមាតិកាដូចជារៀនធ្វើវីដេអូ ព្រោះមនុស្សឥឡូវចូលចិត្តមើលវីដេអូ។ វិធីទាំងអស់នោះ មិនត្រឹមតែកាត់បន្ថយចំណាយទេ ប៉ុន្តែវាអាចជួយឱ្យម្ចាស់អាជីវកម្មដូចជាអ្នកទទួលបាននូវចំណេះ ដឹងថ្មីៗថែមទៀតផង៕

51

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia