ឈប់បណ្តោយពេលវេលាទៀត បើធ្វើការយូរឆ្នាំតែប្រាក់ខែមិនលោតផុតពីខ្ទង់ ៣០០ដុល្លារ នោះដល់ពេលអ្នកត្រូវដុះខាត់ខ្លួនឯងហើយ។ ខាងក្រោមនេះ គឺជាជំនាញសំខាន់ៗទាំង ៤ ដែលអ្នកត្រូវអភិវឌ្ឍជាបន្ទាន់ បើចង់ឡើងប្រាក់ខែ ៤ ខ្ទង់៖
១/. ជំនាញភាសាបរទេស៖ ភាសាគឺជាស្ពានចម្លងទៅរកឱកាស។ ឧបមាថា បុគ្គលិកពីរនាក់ចូលធ្វើការដំណាលគ្នា ប៉ុន្តែបុគ្គលិកដែលចេះភាសាអង់គ្លេស ឬចិន ហើយចេះប្រើកុំព្យូទ័រផ្សេងៗ មានឱកាសទទួលបានប្រាក់ខែខ្ពស់ជាង បុគ្គលិកដែលមិនចេះភាសាទីពីរ។
ក្នុងនោះ លោកបណ្ឌិត គីម ហ៊ាង បានមានប្រសាសន៍ថា៖ «ភាសាដែលសំខាន់ជាងគេនៅក្នុងសេដ្ឋកិច្ចទីផ្សារសេរីនាពេលបច្ចុប្បន្ននេះ និងក្នុងរយៈពេល ៥០ឆ្នាំទៅមុខទៀតគឺ ភាសារអង់គ្លេស និងភាសាចិន»។ ប្រសិនបើអ្នកចេះភាសាលើសពីភាសាកំណើត នោះឱកាសការងារ និងអទិភាពរបស់អ្នក មានភាគរយខ្ពស់ជាងអ្នកមិនចេះ។
២/. ជំនាញបច្ចេកវិទ្យា និងឌីជីថល៖ មិនថាអ្នកធ្វើការក្នុងវិស័យអ្វីទេ បច្ចេកវិទ្យាតែងដើរទន្ទឹមគ្នា។ ជំនាញដែលត្រូវរៀនរួមមាន ការប្រើប្រាស់កម្មវិធីការិយាល័យដូចជា ចេះ Excel កម្រិតខ្ពស់ (Advanced Excel) ឬការប្រើប្រាស់ AI (ដូចជា ChatGPT) ដើម្បីជួយសម្រួលការងារ និងការចេះរៀបចំអ៊ីមែលបែបអាជីពជាដើម។
៣/. ជំនាញដោះស្រាយបញ្ហា និងការគិតបែបវិភាគ៖ បុគ្គលិកដែលទទួលបានប្រាក់ខែខ្ពស់ គឺជាបុគ្គលិកដែលពូកែដោះស្រាយបញ្ហាឱ្យក្រុមហ៊ុន។ កុំចាំតែស្តាប់បង្គាប់ពីថ្នាក់លើ ត្រូវចេះរកវិធីធ្វើឱ្យការងារកាន់តែលឿន និងមានប្រសិទ្ធភាព។ រៀនវិភាគទិន្នន័យ និងសម្រេចចិត្តដោយផ្អែកលើហេតុផល ចៀសវាងការប្រើអារម្មណ៍។
៤/. ជំនាញគ្រប់គ្រងហិរញ្ញវត្ថុផ្ទាល់ខ្លួន៖ កំហុសធំបំផុតរបស់បុគ្គលិកដែលមានប្រាក់ខែតិច គឺការប្រើប្រាស់លុយលើសពីលទ្ធភាព។ ចូររៀនបែងចែកលុយ ទុកសម្រាប់ចំណាយចាំបាច់ ទុកសន្សំ និងទុកវិនិយោគលើការរៀនសូត្រ។ បើរៀនរកលុយបាន តែមិនរៀនគ្រប់គ្រងលុយ អ្នកនឹងនៅតែស្ថិតក្នុងជីវភាពរកព្រឹកខ្វះល្ងាចដដែល ទោះបីប្រាក់ខែឡើងដល់ ៥០០ដុល្លារ ឬ ១,០០០ដុល្លារក៏ដោយ។
យ៉ាងណាមិញ ចង់ឲ្យចំណូលកើន ១គុណនឹង១០ ឬ ៣០០ដុល្លារ ឡើងដល់ ៣០០០ដុល្លារ អ្នកត្រូវធ្វើខ្លួនឲ្យសាកសមនឹងទទួលបានវា ដូចពាក្យលោក Jim Rohn ដែលជាសហគ្រិនជនជាតិអាមេរិក ជាអ្នកនិពន្ធនិងជាអ្នកលើកទឹកចិត្តមួយរូបដ៏ល្បីល្បាញបាននិយាយថា៖ «ចំនួនលុយ និងតួនាទីដែលអ្នកមាន ពុំអាចលើសពីសមត្ថភាពរបស់អ្នកឡើយ»៕
អត្ថបទដោយ៖ កាន់ ដារ៉ា (ម្ចាស់ស្នាដៃសៀវភៅ បុគ្គលិកឆ្នើម)
- សម្រាប់បុគ្គលិកដែលចង់បាន ចំណូលកើន ឡើងតួនាទីលឿន
- ម្ចាស់អាជីវកម្មដែលចង់កសាងក្រុមការងារដែកថែបបង្កើតលទ្ធផលខ្ពស់
- យើងសូមណែនាំសៀវភៅ «បុគ្គលិកឆ្នើម» តម្លៃពេញ ១២$ បើកក់ឥឡូវនេះតម្លៃត្រឹមតែ ១០$ ប៉ុណ្ណោះ។
បញ្ជាទិញតាម https://t.me/BusinessCambodiaBook



