សួរខ្លួនឯងឱ្យច្បាស់! សំណួរពិសេស៤ ជួយឱ្យឆាប់សល់លុ.យ ទោះរកបានតិចក៏លែងចាយសល់ថ្ងៃដែរ
SOKLY SODECEMBER 13 2023247 views

អ្នកណាៗក៏ប្រាថ្នាចង់ឱ្យខ្លួនឯងសល់លុយ ហើយដឹងច្បាស់ណាស់ថាដើម្បីសល់គឺត្រូវចេះសន្សំទុកដាក់។ ប៉ុន្តែមានមនុស្សមិនច្រើនទេដែលអាចរក្សាទម្លាប់សន្សំរហូតបានផលជាដុំកំភួន ភាគច្រើនគឺសន្សំមិនទាន់ចាយឡើយ សន្សំមិនដែលសល់ ភ្លេចខ្លួនតែបន្តិចច្រឡំដកលុយប្រើការអស់។

 

ជុំវិញបញ្ហានេះ លោកអ្នកគួរតែសួរខ្លួនឯងនូវសំណួរសំខាន់ ទាំង៤​ ដែលមានប្រសិទ្ធភាពបំផុត ក្នុងការសម្រេចផែនការសន្សំ ជួយឱ្យឆាប់សល់លុយ ទោះរកបានតិចក៏លែងចាយសល់ថ្ងៃដែរ៖

 

. តើខ្ញុំមានលុយច្រើនប៉ុនណា?

នៅពេលដែលអ្នកសួរសំណួរនេះមកកាន់ខ្លួនឯង វានឹងរំលឹកអ្នកឱ្យដឹងថាតើឥឡូវនេះអ្នកមានចំណូលប៉ុន្មាន បន្ទាប់ពីចំណាយតើអ្នកនៅសល់លុយប៉ុន្មាន។ វាអាចធ្វើឱ្យអ្នកដឹងថាតើអ្នកចំណាយច្រើនប៉ុនណា ហើយចំណាយទៅលើអ្វីខ្លះ។ ជាក់ស្តែង ទោះបីជាអ្នករកចំណូលបានច្រើនប៉ុនណាក៏ដោយ បើអ្នកចំណាយមិនបានត្រឹមត្រូវវានឹងនាំឱ្យអ្នកមិនសល់លុយនោះទេ។

 

. តើលុយចំនួនប៉ុន្មានដែលខ្ញុំគួរតែសន្សំ?

វាអាស្រ័យទៅលើចំណូលរបស់អ្នក តែទោះបីជាចំណូលរបស់អ្នកច្រើនឬតិចក៏ដោយ យ៉ាងហោចណាស់អ្នកត្រូវសន្សំ ១០%នៃប្រាក់ចំណូលទាំងអស់របស់អ្នក។ ព្រោះវាជាចំនួនមួយដែលមិនប៉ះពាល់ដល់ការចំណាយផ្សេងៗ ដែលអាចធ្វើអ្នកមានលទ្ធភាពក្នុងការសន្សំឱ្យបានទៀងទាត់ និងមិនមានការព្រួយបារម្ភ។ ប្រសិនបើអ្នកអាចដាក់លុយសន្សំ១០%នេះនៅក្នុងកុងធនាគារផ្សេងកាន់តែប្រសើរ ដើម្បីអាចប្រាកដថាអ្នកមិនប៉ះពាល់លុយនេះជាដាច់ខាត់ព្រោះវាជាលុយដែលអ្នកសន្សំសម្រាប់អនាគតក្នុងការវិនិយោគ ឬធ្វើអាជីវកម្មជាដើម។

 

. តើខ្ញុំគួរតែចំណាយប៉ុន្មាន?

សំណួរនេះអាចធ្វើឱ្យអ្នកដឹងថា តើការចំណាយរបស់អ្នកត្រឹមត្រូវដែរឬទេបើប្រៀបធៀបទៅនឹងចំណូលប្រចាំខែ សេចក្តីត្រូវការ និងជីវភាពប្រចាំថ្ងៃរបស់អ្នក។ ហើយបើត្រឹមត្រូវតើត្រឹមត្រូវបានដល់កម្រិតណា។ អ្នកគួរចំណាយទៅលើរបស់ណាដែលអ្នកត្រូវការជាចាំបាច់បានហើយ និងកាត់បន្ថយការចំណាយខ្ជះខ្ជាយទៅលើរបស់ដែលអ្នកគ្រាន់តែចង់បាន។ ព្រោះវាជាកត្តាដែលអាចធ្វើឱ្យអ្នកចេះសន្សំសំចៃ និងសល់ប្រាក់ច្រើនគួរសមបន្ទាប់ពីការចំណាយ។

 

. តើត្រូវធ្វើដូចម្តេចដើម្បីចំណូលកើនឡើង?

នៅពេលដែលអ្នកសួរសំណួរនេះមកកាន់ខ្លួនឯង​ អ្នកនឹងព្យាយាមក្នុងការរិះរកមធ្យោបាយធ្វើឱ្យប្រាក់ចំណូលរបស់អ្នកមានការកើនឡើង។ ដូចជាការស្វែងរកប្រភពចំណូលបន្ថែម ការវិនិយោគទៅលើអចលនទ្រព្យ ឬវិនិយោគទៅលើវិស័យផ្សេងៗជាច្រើនទៀត។ វាជួយជម្រុញឱ្យប្រាក់ចំណូលរបស់អ្នកកាន់តែកើនឡើងជាលំដាប់៕

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia