សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន និងក្រុមហ៊ុនភ្នាក់ងារទេសចរណ៍ ដែលបានចុះបញ្ជីពន្ធដារ និងមានសកម្មភាពអាជីវកម្មនៅខេត្តសៀមរាប នឹងបន្ដទទួលបានការលើកទឹកចិត្ដផ្នែកពន្ធពីរាជរដ្ឋាភិបាល។ យោងតាមប្រកាសរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សហគ្រាសក្នុងវិស័យទេសចរណ៍ទាំង ៤ ខាងលើនេះ ត្រូវទទួលបានការលើកទឹកចិត្តពន្ធដារដូចខាងក្រោម៖
១. លើកលែងការបង់ពន្ធអាករប្រចាំខែគ្រប់ប្រភេទ វៀរលែងតែអាករលើតម្លៃបន្ថែម និងអាករលើការ ស្នាក់នៅ គិតចាប់ពីខែមករា ឆ្នាំ២០២៦ រហូតដល់ដំណាច់ខែធ្នូ ឆ្នាំ២០២៦។
២. លើកលែងពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ២០២៦។ ចំពោះប្រាក់រំដោះពន្ធលើប្រាក់ចំណូលដែល សហគ្រាសបានបង់រួចនឹងត្រូវបានអនុញ្ញាតជាឥណទានពន្ធសម្រាប់កាត់កងជាមួយពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ២០២៧។
៣. មិនទទួលរងការធ្វើសវនកម្មពន្ធដារ សម្រាប់ការិយបរិច្ឆេទឆ្នាំ២០២៦។
ជាមួយគ្នានោះដែរ ក្នុងអំឡុងពេលនៃការលើកទឹកចិត្តពន្ធដារដូចមានចែងក្នុងប្រការ៣ នៃប្រកាសនេះ សហគ្រាសនៅតែ មានកាតព្វកិច្ចដូចខាងក្រោម៖
១. អ្នកជាប់ពន្ធមធ្យម និងអ្នកជាប់ពន្ធធំ ត្រូវដាក់លិខិតប្រកាសពន្ធអាករដោយប្រើប្រាស់ប្រព័ន្ធ គ្រប់គ្រងការប្រកាសពន្ធអាជីវកម្មអនឡាញ (e-Filing) ជារៀងរាល់ខែ និងត្រូវដាក់លិខិតប្រកាសពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ ដោយប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងការដាក់លិខិតប្រកាសពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំតាមអនឡាញ (Tol e-Filing) ស្របតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្តស្តីពីពន្ធដារ។ ដោយឡែក អ្នកជាប់ពន្ធតូច ត្រូវដាក់លិខិតប្រកាសពន្ធទៅតាមទម្រង់ ពេលវេលា និងទីកន្លែងដែលកំណត់ដោយរដ្ឋបាលសារពើពន្ធ ឬអាចដាក់លិខិតប្រកាសពន្ធតាមរយៈកម្មវិធីប្រកាសពន្ធអាជីវកម្ម សម្រាប់អ្នកជាប់ពន្ធតូច (GDT Tax Prefiling App)។
២. អ្នកជាប់ពន្ធ ត្រូវកាន់កត់ត្រា និងថែរក្សាឯកសារបញ្ជិកាគណនេយ្យនិងព័ត៌មានដែលទាក់ទិននឹង សកម្មភាពអាជីវកម្ម ស្របតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្តស្តីពីពន្ធដារ៕





