ចិត្តសាស្រ្ត៖ គូស្នេហ៍ឬប្តីប្រពន្ធ បើចង់ឱ្យទំនាក់ទំនងដៃគូ បានល្អយូរអង្វែង កុំភ្លេចការពិត៤យ៉ាងនេះ
Ping Chou EngJULY 8 20242.3 K views

ទំនាក់ទំនងដៃគូដែលមានអាយុវែង ស្រឡាញ់គ្នាចាស់ព្រឹទ្ធចាស់ព្រេង អាចមិនមែនជាការបញ្ឆេះអារម្មណ៍រំភើប និងភាពទាក់ទាញដូចគ្រាដំបូងនោះទេ។

 

យ៉ាងណាមិញបើយោងតាមការស្រាវជ្រាវចិត្តសាស្រ្តរបស់ទស្សនាវដ្តី Forbes បានឱ្យដឹងថាគូស្នេហ៍ឬប្តីប្រពន្ធ ប្រសិនបើចង់ឱ្យទំនាក់ទំនងមានសុភមង្គល​រឹងប៉ឹង​ លោកអ្នកត្រូវទទួលស្គាល់និងកុំបំភ្លេចការពិតទាំង៤យ៉ាងដូចខាងក្រោមនេះ។

 

. គ្មានភាពស្មើគ្នាគ្រប់យ៉ាងនោះទេ៖  ការពិតមួយនៅក្នុងទំនាក់ទំនងដៃគូមិនថាកំពុង ស្ថិតក្នុងស្ថានភាពគូសង្សារឬប្តីប្រពន្ធនោះទេ យើងត្រូវទទួលស្គាល់ថាជីវិតគូគឺគ្មានភាពស្មើគ្នា គ្រប់ពេលនិងគ្រប់រឿងនោះទេ​ ប៉ុន្តែវាគឺជាការរក្សាតុល្យភាពមួយឱ្យមានស្ថេរភាព ពោលគឺមិនលើសមិនខ្វះគ្នា។

 

​ឧទាហរណ៍ថាបើម្ខាង A ដួល ម្ខាង B ត្រូវជួយទប់លំនឹង​ជំហរ ហើយបើម្ខាង B ដួល ម្ខាង A ត្រូវរក្សាកម្លាំងទប់ជំហរម្តង ពីព្រោះគូជីវិតមិនគួររំពឹងទាំងស្រុងថា ដៃគូទាំងសងខាងត្រូវតែមានភាពខ្លាំងដូចគ្នា ឬចាំតែម្ខាងទទួលខុសត្រូវក្នុងទំនាក់ទំនងនោះទេ តែជាការចែករំលែកបន្ទុកគ្នា។  

 

. ទាមទារការទុកចិត្តគ្នា ទៅវិញទៅមក៖ ដើម្បីរក្សាទំនាក់ទំនងបានយូរអង្វែង ទំនុកចិត្តគឺជារឿងសំខាន់បំផុត ព្រោះបើដៃគូទាំងសងមិនទុកចិត្តគ្នានោះទេ ក៏គ្មានការនិយាយបើកចំហដែរ ហើយវានឹងបង្កើនជំងឺស្នេហាថប់អារម្មណ៍ ដែលប្រឈមនឹងការបែកបាក់។

 

តាមការស្រាវជ្រាវរបស់ Forbes បានបង្ហាញថា ការជឿទុកចិត្តគ្នាទៅវិញទៅមក ការទាក់ទងគ្នាដោយអារម្មណ៍ជឿជាក់ ដៃគូនឹងអាចជួយគ្នាគាំទ្រដល់គោលដៅសំខាន់ផ្ទាល់ខ្លួន និងគោលដៅរួមសំខាន់ៗផងដែរ។

 

. ជាការបំពេញឱ្យគ្នា៖ ប្រសិនបើដៃ​គូ​ម្នាក់​តែង​តែ​ផ្តល់​ឲ្យ ហើយ​ម្នាក់​ទៀត​ចាំតែទទួលនោះ ថ្ងៃណាមួយនៅពេលទំនាក់ទំនងដៃគូអស់ភាពរំភើប ការប្រេះឆានឹងកើតមាន។

 

ពីព្រោះទំនាក់ទំនងយូរអង្វែងជាការបំពេញឱ្យគ្នាទៅវិញទៅមក ពោលគឺជាការយល់ដឹងពីកំខ្សោយគ្នា ទទួលស្គាល់ចំណុចខ្វះខាតគ្នានិងព្យាយាមគាំទ្រកែលម្អគ្នាទៅវិញទៅមក ចែករំលែកបទពិសោធន៍ថ្មីៗ រៀនពីគ្នាទៅវិញទៅមក និងរីកចម្រើនជាមួយគ្នា។ 

 

. ពិភាក្សាគ្នាឱ្យបានច្បាស់ ពេលរឿងនៅតូច៖ មិនថាគូស្នេហ៍ឬគូស្វាមីភរិយាគឺតែងតែឈ្លោះប្រកែកគ្នាអំពីរឿងតូចតាច ការ​អាក់អន់ចិត្ត​តិចតួចដែល​មិន​បាន​ដោះស្រាយ​ជារឿយៗ ​តាម​ពេលវេលានឹង​អាច​នាំឱ្យទំនាក់ទំនងឈាន​ដល់​ការ​បែកបាក់។​​

 

ដូច្នេះដើម្បីរក្សាទំនាក់ទំនងឱ្យបានល្អនិងយូរអង្វែង គូស្នេហ៍ត្រូវប្រាកដថារឿងរ៉ាវតូចៗត្រូវពិភាក្សាគ្នាឱ្យជ្រះសង្ស័យ ប្រកបដោយការគ្រប់គ្រងអារម្មណ៍និងមានបញ្ញា ជាជាងការជាជាងការព្យាយាមយកឈ្នះ និងទុកឱ្យអារម្មណ៍របស់ភាគីទាំងពីរឬម្ខាងណាមួយមានអារម្មណ៍សន្សំរឿងទុកឬការអន់ចិត្តរង់ចាំថ្ងៃផ្ទុះបែកចេញមកក្រៅ៕

 

អត្ថបទដោយ៖ ពីង ជូអេង

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia