ដោយសារការវិវត្តន៍របស់ AI កាន់តែអស្ចារ្យ មហាសេដ្ឋីលោក Elon Musk ធ្លាប់បានព្យាការណ៍ថានៅពេលអនាគតនឹងមានរឿងធំៗ ៤ កើតឡើងហើយរបស់សំខាន់មួយចំនួននឹងលែងមានតម្លៃទៀតសម្រាប់មនុស្ស។ រឿងធំទាំង ៤ ដែល Elon Musk បានព្យាករណ៍នោះរួមមាន៖
១. មនុស្សយន្តនឹងក្លាយជាគ្រូពេទ្យវះកាត់ដ៏ជំនាញ៖ Elon Musk បានកំណត់ត្រឹម ២០៣០ សម្រាប់គ្រូពេទ្យ និងវេជ្ជបណ្ឌិតវះកាត់ថា មនុស្សយន្តនឹងអាចធ្វើការងាររបស់ពួកគេបាន ហើយនឹងមានចំនួនច្រើនជាងគ្រូពេទ្យនៅក្នុងមន្ទីរពេទ្យ និងគ្លីនិក។ លោកអះអាងថា បច្ចុប្បន្ន មានការខ្វះខាតគ្រូពេទ្យ និងវេជ្ជបណ្ឌិតវះកាត់ល្អៗជាច្រើន។
ព្រោះដើម្បីក្លាយជាគ្រូពេទ្យល្អម្នាក់ គឺត្រូវចំណាយពេលយូរដើម្បីសិក្សា ហើយបើទោះបីជាសិក្សាចប់ក្លាយជាគ្រូពេទ្យរួចហើយក្ដី តែចំណេះដឹងវេជ្ជសាស្ត្រគឺត្រូវតែសិក្សា និងអភិវឌ្ឍន៍រហូតមិនចេះចប់ឡើយ។ លោកក៏បានលើកឡើងពីមនុស្សយន្ត Tesla Optimus របស់គាត់ថានឹងក្លាយជាដំណោះស្រាយដ៏ល្អបំផុត ហើយយ៉ាងយូរ ២០៣០ Tesla Optimus នឹងបង្ហាញខ្លួនជាផ្លូវការជាមួយនឹងចំនួនដ៏ច្រើន។
២. ប្រាក់សន្សំសម្រាប់ចូលនិវត្តន៍នឹងលែងមានន័យ៖ តាមទស្សនៈរបស់ Elon Musk បើសិនជា AI ឬមនុស្សយន្ត ត្រូវបានគេបង្កើតឱ្យមានសមត្ថភាពដូចជាមនុស្សពេញលេញអាចធ្វើការគ្រប់យ៉ាងដែលមនុស្សអាចធ្វើបានដូចជា សាងសង់ផ្ទះ ដាំដុះ ចម្អិនអាហារ ផលិតទំនិញ និងអាចផ្ដល់សេវាកម្មផ្សេងៗដូចជា ថែទាំសុខភាព និងផ្ដល់ការអប់រំបានថែមទៀតនោះ គេលែងបារម្ភរឿងបើកប្រាក់ឈ្នួលសម្រាប់កម្លាំងពលកម្មរបស់មនុស្សទៀតហើយ។ ទោះជាយ៉ាងណានៅក្នុងចក្ខុវិស័យអនាគតដែលថាប្រាក់លែងសំខាន់របស់លោក Musk មិនបានពន្យល់នោះទេថា មនុស្សដែលអត់ការងារធ្វើ នឹងរស់នៅ ហូបចុកយ៉ាងដូចម្ដេច?
៣. មនុស្សនឹងមានអាយុវែង ឬអាចក្លាយជាអមតៈ៖ Elon Musk បានយល់ស្របជាមួយគំនិតរបស់លោក Dario Amodei នាយកប្រតិបត្តិ Anthropic និងលោក Bryan Johnson ជឿថា អាយុកាលមនុស្សនឹងកើនទ្វេដងក្នុងប៉ុន្មានទសវត្សរ៍ខាងមុខទៀត ដោយសារបញ្ញាសិប្បនិម្មិត AI។ ដោយពិពណ៍នាអំពីសេចក្ដីស្លាប់ថា ជាបញ្ហានៃ “កម្មវិធី” ។ លោកជឿថា ការស្លាប់រស់របស់មនុស្សដូចត្រូវបានកំណត់ដោយកម្មវិធី ដូច្នេះបើចង់រស់បានយូរ គឺត្រូវផ្លាស់ប្ដូរកម្មវិធីចេញ។
៤. AI នឹងឆ្លាតជាងមនុស្ស៖ ការស្ទង់មតិមួយបានព្យាករណ៍ថានៅឆ្នាំ ២០២៩ AI អាចជួយសន្សំពេលការងាររបស់បុគ្គលិកបានរហូតដល់ 12 ម៉ោងក្នុងមួយសប្តាហ៍។ ប៉ុន្តែ លោក Elon Musk ថា នេះគ្រាន់តែជាការចាប់ផ្តើមប៉ុណ្ណោះ។ លោកជឿថានៅឆ្នាំ ២០៣០ AI នឹងឆ្លាតលើសពីសមត្ថភាពបញ្ញារបស់មនុស្ស។ តាមទស្សនៈរបស់លោក Musk មនុស្សភាគច្រើន សូម្បីតែនៅក្នុងឧស្សាហកម្ម AI ក៏ដោយ កំពុងមើលស្រាល ចំពោះអ្វីដែលនឹងកើតឡើង។
ហើយមិនត្រឹមតែលោក Elon Musk ទេសូម្បីតែលោក Bill Gates ក៏បានទទួលស្គាល់ដែរថា បញ្ញាសិប្បនិម្មិត Ai កំពុងវិវឌ្ឍលឿនជាងការរំពឹងទុករបស់លោក។ ប៉ុន្តែស្ថានិករបស់ Microsoft និយាយថា ដោយសារតែវាលឿនពេក គ្មានអ្នកជំនាញបច្ចេកវិទ្យាម្នាក់ណារួមទាំងលោក Musk អាចដឹងច្បាស់ថា AI នឹងជំនួសការងារមនុស្សក្នុងមួយឆ្នាំ ឬដប់ឆ្នាំខាងមុខបានទេ៕


