មនុស្សភាគច្រើនសុទ្ធតែមានក្ដីស្រមៃរៀងៗខ្លួន ប៉ុន្តែនៅពេលដែលមានគ្រួសារ ក្ដីស្រមៃរបស់មនុស្សម្នាក់ៗ ក៏បានរួមបញ្ចូលគ្នាក្លាយជាគោលដៅនៃជីវិតគ្រួសាររបស់ពួកគេម្នាក់ៗ។ ហេតុនេះហើយពេលមានគូស្រករ គ្រប់គ្នានឹងត្រូវគិតកាន់តែស៊ីជម្រៅពីអ្វីដែលគួរតែមានសម្រាប់គ្រួសារដូចជា ផ្ទះ ឡាន ឬប្រាក់កាសសម្រាប់ផ្គង់ផ្គង់កូនចៅជាដើម។
ទន្ទឹមនឹងនោះក្រោយរៀបការរួច ទាំងប្ដីនិងប្រពន្ធត្រូវរួមសុខរួមទុក និងរួមគ្នាដោះស្រាយបញ្ហា ជាមួយគ្នាដើម្បីដើរឆ្លងកាត់ឧបសគ្គសំដៅទៅរកគោលដៅដែលគ្រោងទុក។ ជាមួយគ្នានេះដែរ អ្នកជំនាញហិរញ្ញវត្ថុ លោក Dave Ramsey បានលើកឡើងនូវបញ្ហាធំ៤ ដែលប្ដីប្រពន្ធគ្រប់គូ ត្រូវរួមគ្នាដោះស្រាយឱ្យបានបើចង់កសាងជីវភាពធូរធារ និងរក្សាចំណងស្នេហាឱ្យរឹងមាំគង់រង្សយូរអង្វែងបាន។
១. បញ្ហាជំនឿ៖ ជំនឿរបស់មនុស្សម្នាក់ៗជារឿងសំខាន់ (មិនមែនសំដៅលើសាសនាទេ) ព្រោះការជឿទៅលើអ្វីមួយមានឥទ្ធិពលខ្លាំងចំពោះសកម្មភាព និងរបៀបដែលមនុស្សរស់នៅ។ ជាប្ដីប្រពន្ធនឹងគ្នា គួរតែមានជំនឿជឿជាក់ស្រដៀងគ្នា ទើបងាយយោគយល់ឱ្យគ្នា។
២. បញ្ហាទំនាក់ទំនងគ្រួសារ៖ បើទោះបីជាក្រោយរៀបការអ្នកមិនស្នាក់នៅជាមួយឪពុកម្ដាយខាងណាក៏ដោយ ក៏ការរៀបចំទំនាក់ទំនងគ្រួសារទាំងសងខាងនៅតែសំខាន់សម្រាប់ការរស់នៅរបស់ប្ដីប្រពន្ធរបស់អ្នក។ ជាគូនឹងគ្នា អ្នកត្រូវចេះពិភាក្សាគ្នាអំពីភាពសំខាន់នៃសមាជិកគ្រួសារទាំងសងខាង ហើយដាក់ព្រំដែនមួយ ដើម្បីកំណត់រវាងគ្រួសារតូចរបស់អ្នក ជាមួយនឹងសមាជិកគ្រួសារផ្សេងទៀត។ មានន័យថារាល់បញ្ហាក្នុងគ្រួសារតូចរបស់អ្នក មិនត្រូវអនុញ្ញាត ឬរត់ទៅរកឪពុកម្ដាយឬសមាជិកខាងណាមួយឱ្យចូលមកដោះស្រាយឬកាត់ក្ដីជំនួសអ្នកទាំងពីរឡើយ។
ទាំងប្ដីទាំងប្រពន្ធ ត្រូវមានទំនួលខុសត្រូវជារបស់ខ្លួន យកបញ្ហាដែលមានក្នុងគ្រួសារ មកដាក់នៅលើតុពិភាក្សាគ្នារវាងប្ដីប្រពន្ធរកដំណោះស្រាយ។ បើមិនពេញចិត្តប្ដីប្រាប់ប្ដីកុំប្រាប់ម៉ែ បើមិនពេញចិត្តប្រពន្ធប្រាប់ប្រពន្ធកុំទៅប្រាប់អ្នកផ្សេង។ ដាក់ដែនកំណត់បែបនេះបាន គ្រួសារនឹងមានសុភមង្គលមិនងាយឈ្លោះគ្នាឡើយ។
៣. របៀបចិញ្ចឹមកូន៖ បញ្ហាសំខាន់មួយទៀតនៃគ្រួសារគឺ កាតព្វកិច្ចចិញ្ចឹមកូនៗ ហើយក៏មានដៃគូជាច្រើនប្រឈមនឹងបញ្ហាខ្វះខាតលុយសម្រាប់កូន។ ដើម្បីចៀសផុតរឿងនេះ តម្រូវឱ្យអ្នកជាប្ដីប្រពន្ធត្រូវចេះរួមដៃគ្នារៀបផែនការឱ្យបានហ្មត់ចត់ មុននឹងសម្រេចចិត្តយកកូន។
សម័យឥឡូវថ្លៃចំណាយលើការរស់ពិតជាខ្ពស់ ដូច្នេះអ្នកជាឪពុកម្ដាយត្រូវត្រៀមកញ្ចប់លុយសន្សំមួយចំណែកសម្រាប់ផ្គត់ផ្គង់ឱ្យកូន តាំងពីមិនទាន់ពពោះពួកគេទៅទៀត។ កុំចាំដល់មានកូនបានសន្សំ តែត្រូវគិតគូរតាំងពីអ្នករៀបការតែម្ដង ទើបចិញ្ចឹមកូនប្រកបដោយជោគជ័យ និងមិនមានវិប្បដិសារី។
៤. បញ្ហាលុយកាក់៖ លុយជាបញ្ហាសំខាន់បំផុតមួយរបស់មនុស្សគ្រប់រូប។ ដើម្បីសម្រេចផែនការគ្រួសារ និងជោគជ័យរឿងលុយកាក់ប្ដីប្រពន្ធត្រូវធ្វើរឿង៥យ៉ាងឱ្យបាន ទី១.ពិភាក្សាពីគោលដៅដែលចង់បាន៥ឆ្នាំខាងមុខ ទី២.ជ្រើសរើសអ្នកណាកាន់លុយ ទី៣.បែងចែកកញ្ចប់លុយជា៤ធំៗ(កញ្ចប់សន្សំ,កញ្ចប់ចំណាយ, កញ្ចប់បង្កើតចំណូល និងកញ្ចប់អនុវត្តន៍តាមផែនការ) ទី៤.បង្កើតចំណូលឱ្យបាន៣ប្រភព(ចំណូលប្រចាំថ្ងៃ,ប្រចាំខែ និងប្រចាំឆ្នាំ) និងទី៥.ឧស្សាហ៍ពិនិត្យមើលផែនការនិងលទ្ធផល៕
អត្ថបទដោយ៖ សូ សុខលី