ទម្លាប់គឺជារឿងដែលសំខាន់ដែលអាចដឹកនាំមនុស្សឱ្យធ្វើរឿងជាច្រើនយ៉ាង និងសម្រេចលទ្ធផលដោយមិនដឹងខ្លួនតាមរយៈការប្រព្រឹត្តវាដដែលៗជារៀងរាល់ថ្ងៃ។ ទម្លាប់ខ្លះហុច ផលល្អនិងទម្លាប់ខ្លះហុចផលអាក្រក់ ប៉ុន្តែប្រសិនបើអ្នកជ្រើសរើសថានឹងជ្រើសរើសទម្លាប់ដែលនាំឱ្យរីកចម្រើន និងវានឹងនាំឱ្យជីវិតស្រស់ថ្លាទៅតាមនោះដែរ។
យ៉ាងណាមិញទម្លាប់ដែលនាំឱ្យមានជីវិតស្រស់ថ្លា ខួរក្បាលល្អ ទ្រព្យកើនហូរហៀរដែលអ្នកមានៗតែងអនុវត្តន៍នៅពេលយប់មុនចូលគេងរបស់ពួកគេបន្ទាប់ពីធ្វើការងារមួយថ្ងៃពេញរួចមក មាន៣យ៉ាងធំៗដូចជា៖
១. ទម្លាប់អានសៀវភៅ ឬស្ដាប់វីដេអូចំណេះដឹង
ការប្រើប្រាស់បណ្តេញសង្គមបន្ទាប់ពីចប់ពីការងារគឺជារឿងទូទៅហើយក្នុងយុគសម័យស្មាតហ្វូននេះ។ ជំនួសឱ្យការអានសារអេឡិចត្រូនិចនិងសៀវភៅឌីជីថលផ្សេងៗ អ្នកមានៗតែងមានទម្លាប់នៃការអានសៀវភៅដើម្បីឱ្យពួកគេមានពេលវេលានៅជាមួយខ្លួនឯងដោយគ្មានការរំខាន ព្រមទាំងស្ងប់អារម្មណ៍ផងដែរ។ បន្ថែមពីនោះពួកគេតែងស្តាប់វីដេអូចំណេះដឹង មើលកម្មវិធីអប់រំ និងស្តាប់ Podcast ផងដែរ។ តួយ៉ាងដូចជាមហាសេដ្ឋី Bill Gates ដែលជាអ្នកមានលំដាប់ទី៤លើលោកគាត់គឺជាមនុស្ស ដែលចូលចិត្តការអានសៀវភៅបំផុត នៅពេលយប់ ដោយជារៀងរាល់ថ្ងៃ គាត់ចំណាយពេលប្រហែលជា១ម៉ោង ដើម្បីអានសៀវភៅមុននឹងគាត់ចូលគេង។
២. រៀបចំផែនការត្រូវធ្វើថ្ងៃស្អែក
មនុស្សជាច្រើនគិតថាឱ្យតែថ្ងៃនេះរួចរាល់ចាំស្អែកចាំគិតទៀត តែអ្នកមានមិនគិតដូច្នេះទេ ពួកគេមានទម្លាប់រៀបចំផែនការសម្រាប់ថ្ងៃស្អែកជានិច្ច សូម្បីតែការបែងចែកពេលវេលារបស់ពួកគេមានលក្ខណៈហ្មត់ច្មត់បំផុត។ ការធ្វើដូចនេះធ្វើឱ្យពួកគេទទួលបាននូវផលិតភាពការងារនឹងមិនបាច់បារម្ភថាថ្ងៃស្អែកត្រូវធ្វើអ្វីដើម្បីឱ្យមានលុយចូលនោះទេ។
៣. ទម្លាប់ធ្វើសមាធិ ឆ្លុះបញ្ចាំងលទ្ធផល
ការដែលមានពេលនៅជាមួយខ្លួនឯងគឺជាពេលវេលាបំផុត ដើម្បីដាស់ស្មារតីភ្ញាក់រឭកថាខ្លួនឯងថ្ងៃនេះពួកគេមានធ្វើអ្វីខ្លះខុសនិងត្រូវនិងងាយស្វែងរកផ្លូវដោះស្រាយលឿននិងសូវបង្កឱ្យមានកំហុសដដែលៗនោះទេ ។ ទម្លាប់សមាធិអាចធ្វើឱ្យយើងអាចមានពេលស្គាល់ពីខ្លួនឯង និងអាចមើលឃើញហេតុនិងផល ព្រមទាំងអាចពិចារណាបានល្អិតល្អន់ផងដែរ ពួកគេរៀនអនុញ្ញាតឱ្យរឿងមិនល្អហួសទៅនិងមិនបារម្ភជ្រួលពីអនាគតពេកនោះទេ ដោយងាកមកផ្តោតលើសកម្មភាពបច្ចុប្បន្នឱ្យល្អបំផុត៕
អត្ថបទដោយ៖ ពីង ជូអេង


