ជាដំណឹងដ៏រីករាយមួយសម្រាប់អ្នកខេត្ដស្វាយរៀង ខណៈក្នុងត្រីមាសទី១ នៃឆ្នាំ២០២៦ កន្លងទៅនេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ហៅកាត់ថា CDC បានអនុម័តគម្រោងវិនិយោគបង្កើតសណ្ឋាគារលំដាប់ផ្កាយ៥ នៅក្នុងខេត្ដសក្ដានុពលមួយនេះ។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ CDC បានឱ្យដឹងថា ចំពោះគម្រោងវិនិយោគសាងសង់ និងធ្វើអាជីវកម្មសណ្ឋាគារថ្នាក់ផ្កាយ៥នេះ គឺមានទីតាំងស្ថិតនៅខេត្តស្វាយរៀង ដែលមានទុនវិនិយោគរហូតដល់ទៅ ៣០០លានដុល្លារអាមេរិក មានចំនួន ១.៣៤១ បន្ទប់ជាពិសេសអាចបង្កើតឱកាសការងារជាង ២.០៦០ កន្លែងជូនពលរដ្ឋនៅក្នុងតំបន់ថែមទៀតផង។
គួរជម្រាបថា ក្នុងត្រីមាសទី១ ឆ្នាំ២០២៦ គម្រោងវិនិយោគសរុបដែលត្រូវបានចុះបញ្ជីនៅកម្ពុជា ទាំងការចុះបញ្ជី ដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) ទាំងការចុះបញ្ជីដោយអនុគណៈកម្មាធិការវិនិយោគរាជធានី ខេត្ត (អ.គ.វ.រ.ខ.) មានចំនួន ១៤៦គម្រោង ក្នុងទំហំទុនវិនិយោគសរុបប្រមាណ ២,៥ប៊ីលានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានប្រមាណ ៨២ពាន់កន្លែង។
ក្នុងចំណោមគម្រោងវិនិយោគទាំង ១៤៦នេះ មាន គម្រោងចំនួន ៩៥ ត្រូវបានចុះបញ្ជីដោយ ក.អ.ក. (ក្រៅតំបន់សេដ្ឋកិច្ចពិសេសចំនួន ៦០គម្រោង និងក្នុង តំបន់សេដ្ឋកិច្ចពិសេសចំនួន ៣៥គម្រោង) និងគម្រោងចំនួន ៥១ ត្រូវបានចុះបញ្ជីដោយ អ.គ.វ.រ.ខ.៕




