យោងតាមការសិក្សាអំពី “Toxic Leadership” ដោយ Harvard Business Review (HBR) ថ្នាក់ដឹកនាំគួរប្រុងប្រយ័ត្នខ្ពស់ចំពោះឥទ្ធិពលនៃពាក្យសម្តី ព្រោះឃ្លាអវិជ្ជមានខ្លះអាចធ្វើឱ្យបុគ្គលិកឆ្នើមបាត់បង់កម្លាំងចិត្ត និងសម្រេចចិត្តដើរចេញភ្លាមៗតែម្តង។ ខាងក្រោមនេះ គឺជាពាក្យសម្តី ៣ ឃ្លាដែលបុគ្គលិកស្អប់បំផុត និងមិនចង់ឮចេញពីមាត់ថ្នាក់ដឹកនាំទាល់តែសោះ៖
១/. “ធ្វើតាមតែខ្ញុំប្រាប់ទៅ បានហើយ”៖ ឃ្លានេះគឺជាឃាតករសម្លាប់គំនិតច្នៃប្រឌិត។ នៅពេលថ្នាក់ដឹកនាំប្រើសម្តីបែបនេះ វាបង្ហាញពីការដឹកនាំបែបផ្តាច់ការ និងការមិនទុកចិត្តលើសមត្ថភាពរបស់បុគ្គលិក។ បុគ្គលិកនឹងមានអារម្មណ៍ថាខ្លួនឯងគ្រាន់តែជាម៉ាស៊ីន ពុំមែនជាផ្នែកមួយនៃក្រុម។ ពួកគេនឹងឈប់បញ្ចេញមតិយោបល់ និងធ្វើការតែតាមបង្គាប់ ដែលធ្វើឱ្យស្ថាប័នបាត់បង់ឱកាសរីកចម្រើនតាមរយៈគំនិតថ្មីៗ។
២/. “អ្នកសំណាងហើយ ដែលមានការងារធ្វើនៅទីនេះ”៖ នេះគឺជាសម្តីបែបគំរាមកំហែង និងមើលងាយតម្លៃមនុស្ស។ វាបង្កើតឱ្យមានបរិយាកាសការងារដែលពោរពេញដោយភាពភ័យខ្លាច ជាជាងការផ្តល់តម្លៃឱ្យគ្នាទៅវិញទៅមក។ គ្មាននរណាម្នាក់ចង់ធ្វើការឱ្យអ្នកដែលចាំតែរំលឹកគុណនោះទេ។ បុគ្គលិកដែលមានសមត្ថភាពនឹងចាប់ផ្តើមស្វែងរកការងារថ្មីភ្លាមៗ ព្រោះពួកគេដឹងថាខ្លួនមានតម្លៃលើសពីការមកអង្គុយទ្រាំស្តាប់សម្តីបែបនេះ។
៣/. “ខ្ញុំមិនខ្វល់ថាអ្នកធ្វើតាមវិធីណាទេ សំខាន់ឱ្យតែការងារហ្នឹងហើយ”៖ ទោះបីជាមើលទៅដូចជាការផ្តល់សេរីភាព ប៉ុន្តែឃ្លានេះច្រើនតែប្រើក្នុងន័យអវិជ្ជមាន នៅពេលការងារមានសម្ពាធខ្លាំង ឬខ្វះធនធាន។ វាបង្ហាញថាថ្នាក់ដឹកនាំមិនខ្វល់ពីសុខទុក្ខ ដំណើរការ ឬបញ្ហាប្រឈមដែលបុគ្គលិកកំពុងជួបប្រទះឡើយ។ វាជំរុញឱ្យបុគ្គលិកមានអារម្មណ៍ឯកោ និងអាចនាំឱ្យមានការសម្រេចចិត្តខុសឆ្គង ឬការធ្វើការងារដោយគ្មានក្រមសីលធម៌ ដើម្បីតែបញ្ចប់កិច្ចការឱ្យទាន់ពេល។
យ៉ាងណាមិញ ការដឹកនាំដ៏ល្អ ពុំមែនជាការប្រើអំណាចតាមរយៈសម្តីដើម្បីឱ្យគេកោតខ្លាចនោះទេ ប៉ុន្តែជាការប្រើសម្តីដើម្បីជំរុញទឹកចិត្ត និងការផ្តល់អំណាច ដល់អ្នកក្រោមបង្គាប់៕
អត្ថបទដោយ៖ កាន់ ដារ៉ា (ម្ចាស់ស្នាដៃសៀវភៅ បុគ្គលិកឆ្នើម)
- សម្រាប់បុគ្គលិកដែលចង់បាន ចំណូលកើន ឡើងតួនាទីលឿន
- ម្ចាស់អាជីវកម្មដែលចង់កសាងក្រុមការងារដែកថែបបង្កើតលទ្ធផលខ្ពស់
- យើងសូមណែនាំសៀវភៅ «បុគ្គលិកឆ្នើម» តម្លៃពេញ ១២$ បើកក់ឥឡូវនេះតម្លៃត្រឹមតែ ១០$ ប៉ុណ្ណោះ។
បញ្ជាទិញតាម https://t.me/BusinessCambodiaBook



