មនុស្សភាគច្រើនសុទ្ធតែមានក្ដីស្រមៃចង់បានអនាគតមួយដែលល្អប្រសើរ មានជីវភាពធូរធារ លែងរស់នៅរងសម្ពាធលុយកាក់ ចង់មានសេរីភាពពេលវេលា មានគ្រួសារប្រកបដោយសុភមង្គល។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយក៏មិនសូវមានមនុស្សច្រើនទេដែលអាចសម្រេចបំណងប្រាថ្នាទាំងអស់នោះបាន បើទោះបីជាវាមិនពិបាកលើសពីសមត្ថភាពរបស់មនុស្សឡើយ។
ទាក់ទងនឹងរឿងនេះដែរ សេដ្ឋីប្រាក់លានដុល្លារ លោក Steve Adcock បានបង្ហើបថា «ដើម្បីសម្រេចបំណងប្រាថ្នារបស់ជីវិតបាន គឺតម្រូវឱ្យមនុស្សគ្រប់រូបចាប់ផ្ដើមលេបថ្នាំបង្កាតាំងពីអាយុខ្ទង់២០ ដើម្បីការពារកុំឱ្យមានបញ្ហានៅអាយុក្រោយ៣០ ឬខកខានដើរយឺតមិនអាចទៅដល់គោលដៅដែលគ្រោងទុក»។ ហើយខាងក្រោមនេះជាថ្នាំទិព្វ៣ គ្រាប់ដែលលោក Steve ធ្លាប់បានប្រើ និងជួយឱ្យគាត់ក្លាយជាសេដ្ឋីទាំងវ័យក្មេង៖
១. ហ៊ានផ្លាស់ប្ដូរការងារ៖ បើអ្នកនៅមានអាយុ២០ស្ដើង ការផ្លាស់ប្ដូរការងារញឹកញាប់មិនសូវបង្កជាបញ្ហាធំដុំឡើយ។ ហើយជាទូទៅយើងអាចធ្វើការប្ដូរការងារដើម្បីទទួលបានឱកាសអភិវឌ្ឍន៍ខ្លួនថ្មី និងដើម្បីបានឡើងប្រាក់ខែ។ ប៉ុន្តែលោក Steve បានលើកទឹកចិត្តឱ្យព្យាយាមរកការងារណាដែលមានទស្សនវិស័យវែងឆ្ងាយ អាចអភិវឌ្ឍន៍ជំនាញថ្មីៗ អ្វីដែលសំខាន់ត្រូវស្របជាមួយនឹងគោលដៅជីវិតរបស់អ្នកផ្ទាល់។
២. Say “Yes” more than “No” ៖ ថ្នាំទិព្វបន្ទាប់ គឺជាហ៊ានទទួលយកការងារថ្មីៗ ហើយបើបានពិបាកលើសសមទ្ធភាពរបស់យើងកាន់តែល្អ។ អាយុខ្ទង់២០ ជាវ័យដែលល្អបំផុតសម្រាប់ការដកខ្លួនចេញពីតំបន់សុវត្ថិភាព ដូច្នេះលោក Steve ប្រាប់ថាត្រូវហ៊ានសាកល្បងអ្វីដែលថ្មី។ ប្រសិនបើថ្នាក់លើផ្ដល់ឱកាសដោយការដាក់ការងារមួយឱ្យអ្នកធ្វើ ដែលវាលើសពីសមត្ថភាពរបស់អ្នក កុំនិយាយថា No ប៉ុន្តែត្រូវនិយាយថា Yes ហើយបន្ថែមថា ខ្ញុំនឹងព្យាយាមធ្វើវាឱ្យបាន ហើយបន្តថា តើខ្ញុំអាចរៀនពីចំណុចមួយចំនួនដែលខ្ញុំមិនចេះពីអ្នកបានដែរ?
៣. សម្រុកសន្សំលុយទុកចូលនិវត្តន៍៖ គ្រាប់ថ្នាំដ៏សំខាន់បំផុតមួយដែលគ្រប់គ្នាមើលរំលងមិនបានលេបគឺ ការសន្សំ។ លោក Steve និយាយដោយសង្កត់ធ្ងន់ថា «កុំចាំដល់មានលុយច្រើន កុំចាំដល់អាយុច្រើន តែត្រូវចាប់ផ្ដើមសន្សំពីពេលនេះ ពេលដែលមានលុយតិច អាយុក៏មិនច្រើន»។ មនុស្សគ្រប់រូបត្រូវមានផែនការសម្រាប់ការចូលនិវត្តន៍ បើមិនមានទេ យ៉ាងហោចណាស់ក៏ត្រូវតែមានបំណងចង់បានអ្វីមួយនៅថ្ងៃមុខ (ដូចជាផ្ទះ ដី ឡាន គ្រួសារក្នុងក្ដីស្រមៃជាដើម) ហើយចាប់ផ្ដើមសន្សំលុយសម្រាប់សម្រេចបំណងទាំងអស់នោះ៕
អត្ថបទដោយ៖ សូ សុខលី