ចង់បង្កើនចំណូល តែអត់ដឹងធ្វើបែបណា! មកស្គាល់គន្លឹះធំៗ៣ ជួយរកផ្លូវថ្មីបង្កើតលុយបានឆាប់
SOKLY SOMAY 24 20231.5 K views

ជាទូទៅឱ្យតែនិយាយដល់បញ្ហាលុយកាក់ គេគ្រប់គ្នាតែងតែលើកឡើងថា ចង់ឆាប់ផុតពីបញ្ហាត្រូវរកផ្លូវបង្កើនចំណូលឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន។ ពាក្យថាខំបង្កើនចំណូល ងាយនិយាយតែពិបាកធ្វើណាស់ ព្រោះមនុស្សភាគច្រើនមិនដឹងទេថា គួរដើរតាមផ្លូវណាដើម្បីរកលុយបានលើសពីនេះ?​

ជាក់ស្ដែងដើម្បីបង្កើនចំណូល អ្នកអាចស្វែងរកការងារធ្វើបន្ថែមម៉ោង ឬបន្ថែមពេលសៅរ៍អាទិត្យ ប៉ុន្តែបញ្ហាគឺស្ថិតនៅត្រង់ថា «រកយ៉ាងណាក៏មិនបាន»។ បើអ្នកកំពុងតែស្ថិតក្នុងស្ថានភាពនេះ សូមកុំអស់សង្ឃឹមអី រកការងារបន្ថែមមិនបាន មានតែសាកបង្កើតការងារឱ្យខ្លួនឯងវិញម្ដង។ ខាងក្រោមនេះជាគន្លឹះធំៗចំនួន៣ ដែលអាចជួយអ្នកក្នុងការបង្កើតការងារឱ្យខ្លួនឯងបាន៖

១. ស្វែងរកចន្លោះទីផ្សារ៖ ក្រោយពេលរកការងារធ្វើមិនបាន សូមលោកអ្នកកុំចំណាយពេលចោលអី ផ្ទុយទៅវិញគួរចំណាយពេលគិតអំពីទីផ្សារ។ គិតរកមើលថាតើសព្វថ្ងៃនេះមនុស្សយើងត្រូវការអ្វី គេប្រើសេវាកម្មណាច្រើនជាងគេ ពួកគេចាប់ផ្ដើមធុញនឹងរឿងអ្វីហើយ? ពួកគេកំពុងតែខ្វះខាតអ្វីដែរ?

ប្ដូរពីការគិតច្រើន មកគិតមើលពីតម្រូវការរបស់មនុស្ស ក្រៅពីជួយអ្នកមិនឱ្យខាតពេលហើយ ថែមទាំងជួយបង្កើតគំនិតអាជីវកម្ម ឬការងារថ្មីៗថែមទៀតផង។ ជាក់ស្ដែងដូចជាកញ្ញា Emily Jump ដែលជាគិលានុបដ្ឋាកយិការមួយរូប បានចំណាយពេលគិតនៅពេលដែលជំងឺកូវីដកំពុងរាតត្បាត មនុស្សគ្រប់គ្នាសុទ្ធតែពាក់ម៉ាស់។ ដោយសារតែគាត់ជាមនុស្សស្រលាញ់សម្រស់ ដូច្នេះគាត់ក៏គិតឃើញថា អ្នកស្រលាញ់សម្រស់ គេនឹងជ្រើសរើសបង្ហាញអ្វីដែលគេបង្ហាញបាន បើច្រមុះនិងមាត់ត្រូវបិទបាំងដោយម៉ាស់ គេប្រាកដជាត្រូវយកចិត្តទុកដាក់លើភ្នែកនិងចិញ្ចើមមិនខានឡើយ។

Nnn

ជាលទ្ធផលនៅពីក្រោយការគិតនេះ បានជួយឱ្យស្រ្តីវ័យ២៥ឆ្នាំរូបនេះ រកឃើញគំនិតអាជីវកម្មធ្វើចិញ្ចើម។ រួចគាត់ក៏សម្រេចចិត្តបង្កើតការងារផ្ទាល់ខ្លួនមួយនេះឡើងសន្សឹមៗ រហូតក្លាយជាអាជីវកម្មខ្នាតតូចដែលអាចទាញចំណូលក្រៅម៉ោងដល់ទៅជាង ៧ពាន់ដុល្លារ បន្ថែមពីលើប្រាក់ខែរបស់ខ្លួន។

២. បង្កើតផែនការទុកមុន៖ ធ្វើរឿងអ្វីក៏ត្រូវការផែនការ ក្រោយរកឃើញពីអ្វីដែលអ្នកចង់ធ្វើ ឬចង់បង្កើតហើយ ជំហានបន្ទាប់គឺការចំណាយពេលរៀនសូត្រ និងស្វែងយល់បន្ថែម។ អ្នកអាចឆ្លៀតពេលទំនេរពីការងារ ទៅរៀនលើជំនាញដែលអ្នកកំពុងតែចង់ចេះ និងត្រូវប្រើការឆាប់ៗនេះ។ ទន្ទឹមនឹងនោះក៏ត្រូវរៀបផែនការអាជីវកម្ម ដោយផ្តោតសំខាន់លើតម្រូវការអតិថិជន ការចំណាយលើការចាប់ផ្ដើម សិក្សាពីគូប្រជែងដែលនៅជុំវិញ ដើម្បីទទួលបានចំណែកទីផ្សារដ៏ល្អ ការធ្វើបែបនេះនឹងជួយឱ្យអ្នកមានភាពជឿជាក់ និងច្បាស់លាស់កាន់តែខ្លាំង។

៣. ធ្វើទីផ្សារ​៖ ផ្នែកដ៏លំបាកបំផុតនៃការចេញមកបង្កើតការងារខាងក្រៅគឺការ ទាញអតិថិជន។ ដូច្នេះហើយជំហានដំបូងគឺ ធ្វើយ៉ាងណាឱ្យអតិថិជនបានស្គាល់ពីសេវាកម្ម និងគុណភាពនៃសេវាកម្មរបស់គាត់ជាមុនសិន។ ក្នុងរឿងនេះ កញ្ញា Emily សម្រេចចិត្តផ្ដល់សេវាកម្មសាកល្បងដល់មនុស្សមួយចំនួន និងបានថតបង្ហោះនៅលើបណ្ដាញសង្គមដើម្បីស្ទាបស្ទង់ពីចំណាប់អារម្មណ៍របស់មនុស្ស។ ក្រោយមកទើបឃើញថាគេចាប់អារម្មណ៍យ៉ាងច្រើន ហើយក៏មកគាំទ្រសេវាកម្មរបស់គាត់លើសពីការរំពឹងទុក។

កញ្ញាថែមទាំងបានបញ្ជាក់ទៀតថា ពេលធ្វើឱ្យអតិថិជនសាកល្បងដំបូង គាត់មិនយកលុយពីគេទេ ហើយថែមទាំងជូនលុយគេ ១០០ដុល្លារវិញ ជាថ្នូរនឹងរូបភាពដែលគាត់ថតយកទៅបង្ហោះផ្សព្វផ្សាយ។ ក្រោយពេលដែលឃើញថាបានផលល្អទើបកញ្ញាជឿជាក់ថា ជាអ្នករកស៊ីបើចង់ចំណេញត្រូវហ៊ានចំណាយសិន ប៉ុន្តែត្រូវចំណាយឱ្យចំគោលដៅ។

គួរជម្រាបផងដែរថា ពេលចង់ធ្វើអ្វីមួយសូមកុំស្លន់ស្លោរឱ្យសោះ ព្រោះថាធម្មតាអ្នកមិនអាចចាយពេលតែ១យប់កែប្រែគ្រប់រឿងទាំងអស់បាននោះទេ។ ដូច្នេះហើយចូរធ្វើវាដោយសន្សឹមៗ សិក្សាឱ្យបានច្បាស់ ហើយជឿជាក់លើខ្លួនឯងឱ្យច្រើន ព្រមទាំងត្រៀមចិត្តសម្រាប់ការលះបង់ពេលវេលា លះបង់កម្លាំងកាយកម្លាំងចិត្ត ទើបអ្នកអាចចម្រេចបំណងប្រាថ្នារបស់ខ្លួនឯងបាន៕

អត្ថបទដោយ៖ សូ សុខលី

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia