នៅពេលដែលគេពឹងពាក់ឱ្យជួយធ្វើអ្វីមួយ យើងភាគច្រើនបារម្ភនិងមិនហ៊ាន និយាយបដិសេធគេនោះទេ ព្រោះខ្លាចគេអាក់អន់ចិត្ត ខឹងឈប់រាប់អាន បាត់មិត្តភាពជាដើម។ ប៉ុន្តែជួនកាលការចេះបដិសេធខ្លះក៏ជារឿងល្អផងដែរ ដើម្បីជាការផ្តល់អាទិភាព ឱ្យការងារផ្ទាល់ខ្លួន។ យ៉ាងណាមិញខាងក្រោមនេះជាក្បួនបដិសេធដ៏ឆ្លាតវៃចំនួន៣វិធី ដែលជួយឱ្យអ្នកឆ្លើយថាទេ មិនឱ្យគេខឹង អាក់អន់ចិត្ត បាត់មិត្តភាព។
១. បង្ហាញពីរបៀបធ្វើ៖ អ្នកខ្លះពេលដែលគាត់បានសម្រេចចិត្តពឹងឱ្យយើងជួយធ្វើអ្វីមួយ គឺដោយសារតែពួកគាត់មិនដឹងឬមិនចេះអំពីរបៀបក្នុងការធ្វើ ដូច្នេះប្រសិនបើអ្នកគិតថា វិធីសាស្ត្រធ្វើជាបញ្ហាដែលគាត់កំពុងជួប អ្នកគ្រាន់តែពន្យល់ឬណេនាំប្រាប់ពីវិធីសាស្ត្រធ្វើដល់គាត់ គឺគ្រប់គ្រាន់ហើយៗអ្នកមិនចាំបាច់ជួយធ្វើផ្ទាល់ក៏បានដែរ បែបនេះអ្នកនឹងមិនឈឺក្បាលរឿងគេឡើយ។
២. ព្រមជួយ តែមានលក្ខខណ្ឌ៖ ការជួយអ្នកដទៃមិនមែនជារឿងខុសទេ ហើយប្រសិនបើអ្នកពិតជាមានចិត្តចង់ជួយគាត់ដែរ ប៉ុន្តែអ្នករវល់មិនអាចជួយបានអ្នកអាចប្រើវិធីព្រមជួយពួកគាត់ តែដោយមានលក្ខខណ្ឌដូចជា៖ “ខ្ញុំអាចជួយអ្នកបាន ប៉ុន្តែខ្ញុំសុំពេល ១ម៉ោង ២ម៉ោង ឬ៥ម៉ោងទៀត ដើម្បីបង្ហើយការងាររបស់ខ្ញុំសិន”។
នៅពេលដែលអ្នកជួយគាត់ដោយមានលក្ខខណ្ឌបែបនេះ គាត់នឹងយល់ស្របភ្លាមថា អ្នកពិតជារវល់ ហើយអ្នកមិនបានបដិសេធគាត់នោះទេ គឺគ្រាន់តែសុំពន្យាពេលបន្តិច ហើយបើកិច្ចការងារគាត់ប្រញាប់ គាត់ប្រាកដជាខំប្រឹងធ្វើដោយខ្លួនឯង ឬរកអ្នកផ្សេងឱ្យជួយធ្វើជំនួសអ្នកជាមិនខានឡើយ។
៣. រុញទៅមនុស្សដែលពូកែជាងយើង៖ បើសិនជាអ្នកគិតថា មាននរណាម្នាក់ដែលទំនេរ ឬមានជំនាញច្រើនជាងអ្នក អ្នកអាចជួយណែនាំឱ្យគាត់ទៅរកបុគ្គលម្នាក់នោះជំនួសអ្នកវិញ ព្រោះគាត់អាចនឹងធ្វើវាបានល្អជាងអ្នក។
យ៉ាងណាទន្ទឹមនឹងនេះដែរ អ្នកត្រូវណែនាំឬរុញច្រានដោយមើលកាលៈទេសៈផងដែរ ព្រោះប្រសិនបើអ្នកណែនាំឱ្យទៅរកបុគ្គលណាម្នាក់ ដែលគាត់កំពុងរវល់ដែរ គាត់អាចនឹងអន់ចិត្ត ឬគិតថាអ្នកកំពុងនាំបញ្ហារំខានដល់គាត់។
ជាការពិតណាស់ការជួយគ្នាគឺជារឿងទៅវិញទៅមកមានទៅមានមក បើសិនជាអ្នកទំនេរ ហើយអាចជួយកិច្ចការងារគ្នាបានគឺជារឿងល្អ ព្រោះវាអាចជួយបង្កើនភាពស្និទ្ធស្នាល និងអាចឱ្យអ្នកចេះនូវវិធីសាស្ត្រធ្វើកិច្ចការងារផ្សេងៗផងដែរ។ ប៉ុន្តែប្រសិនបើអ្នកមមាញឹកខ្លាំង មិនអាចជួយពួកគេបានលោកអ្នកអាចសាកល្បងប្រើវិធីទាំង៣ខាងលើ ដើម្បីជៀសវាងពីការអន់ចិត្តរវាងគ្នា មើលមុខគ្នាមិនចំ និងមិនឱ្យគេខឹងឬបាត់បង់មិត្តភាព៕
អត្ថបទដោយ៖ ពីង ជូអេង


