មនុស្សជាច្រើនខិតខំធ្វើការខ្លាំងរៀងរាល់ថ្ងៃ ប៉ុន្តែជីវភាពហិរញ្ញវត្ថុរបស់ពួកគេនៅតែដដែល រកព្រឹកខ្វះល្ងាច បើបើកប្រាក់មកវិញចុងខែមិនទាន់ទេអស់ហើយ ត្រូវខ្ចីថែមទៀត តើអ្នកទាំងអស់គ្នាមានដែលចាប់អារម្មណ៍ខ្លួនឯងទេថាមកពីមូលហេតុអ្វី? ថ្ងៃនេះ Business Cambodia មកប្រាប់អ្នកទាំងអស់គ្នាពីចំណុចសម្គាល់ ៣ ដែលអ្នកដែលគួរតែផ្លាស់ប្ដូរចេញបើចង់ក្លាយជាមាន មានសេរីភាពខាងផ្នែកហិរញវត្ថុមានលុយចាយមិនខ្វះ៖
១. ចាយលុយដោយគ្មានផែនការ៖ មនុស្សដែលមិនអាចក្លាយជាអ្នកមាន ជាទូទៅមានទម្លាប់ចាយលុយតាមអារម្មណ៍ មិនមានការរៀបចំថវិកាច្បាស់លាស់ និងមិនដឹងថាលុយរបស់ខ្លួនទៅណាខ្លះទេរាល់ខែ។ ពួកគេរកបានប៉ុន្មាន ចាយអស់ប៉ុណ្ណោះ គ្មានការបែងចែកសម្រាប់សន្សំ ឬវិនិយោគសម្រាប់អនាគត។ ចាយលុយបែបនេះអាចធ្វើឱ្យអ្នកជាប់នៅក្នុងរង្វង់ជីវិតដដែលៗ គឺធ្វើការដើម្បីរង់ចាំប្រាក់ខែបន្ទាប់ ហើយមិនអាចបង្កើតទ្រព្យសម្បត្តិបានឡើយ។ អ្នកមានមិនមែនជាមនុស្សដែលរកបានច្រើនជាងគេទេ ប៉ុន្តែជាមនុស្សដែលដឹងថា ត្រូវគ្រប់គ្រងលុយរបស់ខ្លួនយ៉ាងដូចម្តេច។ បើគ្មានវិន័យ មិនថាចំណូលអ្នកកើនឡើងប៉ុន្មានក៏ដោយ អ្នកនឹងនៅតែគ្មានសល់ដូចដើម។
២. គិតថាចំណូលមានតែប្រាក់ខែ មិនស្វែងរកឱកាសបន្ថែម៖ រស់កុំរំពឹងតែប្រាក់ខែ ព្រោះវាមិនមែនជាប្រភពចំណូលដែលធ្វើឱ្យជីវិតអ្នករីកចម្រើនទេ តែអ្នកត្រូវឆ្លាតក្នុងការរកចំណូលបន្ថែម។ ជាក់ស្តែង អ្នកមានភាគច្រើនមិនពឹងផ្អែកលើចំណូលតែមួយប្រភពទេ។ ពួកគេមានចំណូលពីការវិនិយោគ អាជីវកម្មតូចៗ អចលនទ្រព្យ ឬជំនាញផ្ទាល់ខ្លួន។ មានចំណូលច្រើនប្រភពធ្វើឱ្យពួកគេមានសុវត្ថិភាពហិរញ្ញវត្ថុ និងមានឱកាសបង្កើតទ្រព្យសម្បត្តិបានលឿនជាងអ្នកដែលពឹងតែប្រាក់ខែ។ អ្នកដែលមិនគិតអំពីការបង្កើតចំណូលបន្ថែម គឺជាមនុស្សដែលបិទទ្វារឱកាសរបស់ខ្លួនឯង អ្នកនៅតែជាប់ក្នុងដែនកំណត់នៃប្រាក់ខែ ហើយពិបាកឆ្ពោះទៅរកភាពមានបាន។
៣. មិនចេះអភិវឌ្ឍចំណេះដឹងហិរញ្ញវត្ថុ៖ មនុស្សជាច្រើនខិតខំធ្វើការ តែពួកគេមិនខិតខំរៀនអំពីការគ្រប់គ្រងលុយ វិនិយោគ និងការអភិវឌ្ឍខ្លួនឯងឡើយ។ ពួកគេគិតថា ការរៀនចប់សាលាគឺគ្រប់គ្រាន់សម្រាប់ជីវិតហើយ។ ប៉ុន្តែជាក់ស្តែង ពិភពលោកផ្លាស់ប្តូរលឿនណាស់ ហើយចំណេះដឹងថ្មីៗអាចបង្កើតឱកាសថ្មីៗសម្រាប់អ្នក។ អ្នកមានភាគច្រើនចំណាយពេលអានសៀវភៅ ស្តាប់ការបង្រៀន ឬសិក្សាពីអ្នកជោគជ័យ ដើម្បីយល់ពីរបៀបគ្រប់គ្រងលុយ និងធ្វើឱ្យលុយធ្វើការជំនួសខ្លួនឯង។ បើអ្នកមិនរៀនបន្ថែម និងមិនអភិវឌ្ឍជំនាញថ្មីៗទេ ជីវិតហិរញ្ញវត្ថុរបស់អ្នកនឹងនៅតែដដែល ទោះបីពេលវេលាកន្លងទៅ ៥ ឬ ១០ ឆ្នាំក៏ដោយ។
ដូច្នេះបើអ្នកអាចផ្លាស់ប្តូរទម្លាប់ទាំងនេះបាន ចាប់ផ្តើមគ្រប់គ្រងលុយឱ្យមានវិន័យ ស្វែងរកចំណូលបន្ថែម និងវិនិយោគលើចំណេះដឹងខ្លួនឯង នោះឱកាសក្លាយជាអ្នកមាន នឹងកាន់តែនៅជិតអ្នក៕


