ពិតជាខ្លាំងមែន! ទាំងនេះជាតិចនិច ៣ ដែល Taobao ប្រើដើម្បីវាយលុកទីផ្សារលក់ទំនិញរបស់ អាមេរិក eBay
Pen SodalenSEPTEMBER 21 202643 views

 

នៅក្នុងប្រវត្តិសាស្ត្រនៃពិភពជំនួញបច្ចេកវិទ្យា និងពាណិជ្ជកម្ម គ្មានសង្គ្រាមទីផ្សារណាមួយដែល ល្បីល្បាញ និងអស្ចារ្យជាងការតស៊ូរវាង Taobao (ក្រុមហ៊ុនរបស់ Alibaba) និង eBay ដែលជាពិភពទំនិញយ៉ាងធំសម្បើមមកពីអាមេរិកនោះទេ។ កាលពីដើមទសវត្សរ៍ឆ្នាំ ២០០០ eBay បានគ្រប់គ្រងទីផ្សារទិញលក់តាមអ៊ីនធឺណិតនៅក្នុងប្រទេសចិនស្ទើរតែទាំងស្រុង រហូតដល់ទៅ ៨៥%  ហើយនៅពេលនោះ មនុស្សភាគច្រើនជឿថាគ្មាននរណាម្នាក់អាចយកឈ្នះ eBay បានឡើយ។ ប៉ុន្តែត្រឹមតែរយៈពេល ៣ ឆ្នាំប៉ុណ្ណោះ   វេបសាយដ៏តូចមួយឈ្មោះថា Taobao ដែលបង្កើតឡើងដោយលោក Jack Ma បានវាយបក និងដណ្តើមយកទីផ្សារទាំងមូល រហូតធ្វើឲ្យ eBay ត្រូវសម្រេចចិត្តដកថយចេញពីប្រទេសចិនតែម្តង។ ខាងក្រោមនេះជាយុទ្ធសាស្ត្រ និងតិចនិចគន្លឹះទាំង ៣ ដែល Taobao ប្រើប្រាស់ដើម្បីប្រជែងជាមួយទីផ្សារអាមេរិក៖

 

2023 06 15 T104355 Z 405085686 R C2 L J1 Aq I7 Lk Rtrmadp 3 Alibaba Jackma 1687239555

 

១. យុទ្ធសាស្ត្រ មិនគិតកម្រៃជើងសារ

 

តិចនិចរកប្រាក់ដើមរបស់ eBay គឺការគិតថ្លៃសេវាកម្មលើការដាក់លក់ទំនិញនិងការកាត់ភាគរយ ឬកម្រៃជើងសារ ដែលហៅថា Commissionពីអាជីវកររាល់ពេលដែលមានការទិញលក់បាន ជោគជ័យ។  ដុច្នេះលោក Jack Ma បានប្រកាសយុទ្ធសាស្ត្រមួយដោយអនុញ្ញាតឱ្យអាជីវករ និងអ្នកទិញប្រើប្រាស់ Taobao ដោយឥតគិតថ្លៃរយៈពេល ៣ ឆ្នាំដែលធ្វើឱ្យអាជីវករតូចៗនិង មធ្យមរាប់សែននាក់ដែលធ្លាប់តែទាស់ចិត្តនឹងការបង់ថ្លៃសេវាឱ្យ eBay បានសម្រេចចិត្តផ្លាស់ប្តូរមក បើកហាងលើ Taobao ភ្លាមៗ។ ជាលទ្ធផល ត្រឹមតែមួយពព្រិចភ្នែក Taobao មានទំនិញសម្បូរបែប រាប់លានមុខ និងមានតម្លៃធូរថ្លៃជាងនៅលើ eBay ដោយសារអ្នកលក់មិនបាច់បូកបញ្ចូលថ្លៃសេវា ឬកម្រៃជើងសារទៅក្នុងតម្លៃទំនិញឡើយ។

 

Gnlrki347xce1

 

 

 

២. ការបង្កើត "ប្រព័ន្ធទំនុកចិត្ត" តាមរយៈ Alipay និង អាចChat ដោយផ្ទាល់

 

នៅក្នុងទសវត្សរ៍ឆ្នាំ ២០០០ ប្រជាជនចិនភាគច្រើននៅតែមានកង្វល់ និងការភ័យខ្លាចយ៉ាងខ្លាំង​ ចំពោះការទិញទំនិញតាមអ៊ីនធឺណិត ដោយសារកង្វះទំនុកចិត្តចំពោះការវេរលុយ និងគុណភាពទំនិញ ខណៈដែល eBay មិនទាន់មានដំណោះស្រាយឆ្លើយតបនឹងបរិបទក្នុងស្រុកចិននៅឡើយនោះ។ Taobao បានដោះស្រាយបញ្ហានេះយ៉ាងវៃឆ្លាតដោយបង្កើតប្រព័ន្ធទូទាត់ប្រាក់ Alipay ដែលរក្សាទុក ប្រាក់របស់អ្នកទិញជាបណ្តោះអាសន្ន ហើយផ្ទេរទៅឱ្យអ្នកលក់លុះត្រាតែអ្នកទិញបានពិនិត្យឃើញ ទំនិញត្រឹមត្រូវ ព្រមទាំងបានបង្កើតកម្មវិធី Taobao សម្រាប់ឱ្យអ្នកទិញ និងអ្នកលក់អាចផ្ញើសារ ប្រាស័យទាក់ទងគ្នា និងតថ្លៃផ្ទាល់ភ្លាមៗ។ ឧបករណ៍ទាំងពីរនេះបានលុបបំបាត់ការភ័យខ្លាចរបស់ អ្នកប្រើប្រាស់ និងបង្កើតបានជាការទិញលក់ដែលមានទំនុកចិត្តខ្ពស់។

 

 

 

Alipay04

 

 

៣. យុទ្ធសាស្ត្រ  “ទន្លេយ៉ាង”

 

លោក Jack Ma ធ្លាប់បានប្រៀបធៀបថា eBay អាចជាមឹកនៅក្នុងមហាសមុទ្រ ប៉ុន្តែ Taobao គឺជាសត្វក្រពើនៅក្នុងទន្លេយ៉ាងស៊ី  ដែលបើប្រយុទ្ធគ្នាក្នុងមហាសមុទ្រគឺចាញ់តែបើប្រយុទ្ធគ្នាក្នុងទន្លេ គឺ Taobao ជាអ្នកឈ្នះ។ ខណៈដែល eBay ព្យាយាមគ្រប់គ្រងទីផ្សារចិនដោយប្រើប្រាស់ប្រព័ន្ធដូចគ្នា ទៅនឹងទីផ្សារអាមេរិក ដែលមានលក្ខណៈតឹងរ៉ឹង Taobao បានរចនាវេបសាយរបស់ខ្លួនឱ្យមានពណ៌ សោភ័ណភាពស្រស់បំព្រង កម្មវិធីកម្សាន្ត និងការបញ្ចុះតម្លៃដែលត្រូវចិត្តវប្បធម៌ទិញទំនិញ របស់ជនជាតិ ចិនព្រមទាំងបានចំណាយលើការផ្សាយពាណិជ្ជកម្មតាមកញ្ចក់ទូរទស្សន៍ក្នុងស្រុកដែលមា​នប្រជាជនចិនរាប់រយលាននាក់មើលរៀងរាល់ថ្ងៃ ជំនួសឱ្យការផ្សាយតែលើអ៊ីនធឺណិតដូច eBay។




ដូច្នេះភាពជោគជ័យរបស់ Taobao ទៅលើ eBay មិនមែនកើតឡើងដោយសារ Taobao មានដើមទុនច្រើនជាង ឬមានបច្ចេកវិទ្យាជឿនលឿនជាង eBay នោះឡើយ។ វាគឺជាជ័យជម្នះនៃការ យល់ពីតម្រូវការអតិថិជនក្នុងស្រុកយ៉ាងស៊ីជម្រៅ ការដោះស្រាយបញ្ហាទំនុកចិត្ត និងការហ៊ានលះបង់ចំណូលរយៈពេលខ្លីតាមរយៈការផ្តល់សេវា Free   រហូត Taobao បានក្លាយជាទីផ្សារដ៏ធំនៅក្នុងពិភពលោក។

 

ប្រភពពី : CNBC International 

 

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia