សង្វាតរៀនលឿនៗ! ដេកលក់ក៏លុយចូលមួយខែខ្ទង់ពាន់ដុល្លារដែរ បើអ្នកចេះជំនាញ ៣ នេះ
Pov SaruFEBRUARY 5 2026454 views

ក្ដីប្រាថ្នាមួយរបស់មនុស្សជាច្រើនគឺចង់មានជីវិតដែលមិនបាច់ធ្វើការពេញមួយថ្ងៃ ហើយនៅតែមានចំណូលច្រើន។ ពាក្យថា “ដេកលក់ក៏លុយហូរចូល” មិនមែនមិនធ្វើអ្វីសោះទេ តែអ្នកត្រូវបង្កើតប្រព័ន្ធ ឬប្រភពចំណូលមួយ ដែលវាអាចដំណើរការរកលុយឱ្យអ្នកបានទោះពេលអ្នកលក់ក៏ដោយ។ ហើយនេះគឺជាជំនាញ ៣ ដែលអ្នកគួរតែចេះប្រសិនបើចង់សម្រេចក្ដីសុបិន្តនេះ៖ 

 

១. ជំនាញលក់អនឡាញ និងបង្កើតអាជីវកម្មឌីជីថល៖ ការលក់អនឡាញ ជាអាជីវកម្មមួយដែលងាយស្រួល ចំណាយតិចមិនបាច់មានហាងក៏អាចលក់បាន តែអ្នកត្រូវចេះឱ្យច្បាស់ដូចគ្នា។ ជាក់ស្ដែងបច្ចុប្បន្ននេះវាកាន់តែងាយស្រួលអ្នកអាចចាប់ផ្តើមពី Online Store តូចៗ ឬប្រព័ន្ធ Dropshipping ដែលអ្នកគ្រាន់តែរកអតិថិជន ហើយឱ្យអ្នកផ្គត់ផ្គង់ជាអ្នកដឹកជញ្ជូនទំនិញជំនួស។ ជំនាញសំខាន់ក្នុងផ្នែកនេះ អ្នកត្រូវចេះជ្រើសរើសផលិតផលដែលមានតម្រូវការទីផ្សារ ធ្វើទីផ្សារតាមបណ្តាញសង្គម និងបង្កើតប្រព័ន្ធគ្រប់គ្រងការបញ្ជាទិញ។ 

 

នៅពេលដែលអាជីវកម្មមានប្រព័ន្ធល្អហើយ អ្នកអាចបន្ថយការចូលរួមផ្ទាល់បាន ហើយអាជីវកម្មនៅតែបន្តដំណើរការ។ ឧទាហរណ៍ ប្រសិនបើអ្នកអាចលក់ទំនិញបានត្រឹមតែ ៣៥ ដុល្លារក្នុងមួយថ្ងៃ នោះក្នុងមួយខែ អ្នកអាចរកបានប្រមាណ ១,០៥០ ដុល្លារ។ បើប្រព័ន្ធលក់របស់អ្នកដំណើរការបានល្អ អ្នកអាចមិនចាំបាច់នៅមុខទូរស័ព្ទ ឬកុំព្យូទ័រពេញមួយថ្ងៃទេ។ 

 

២. ជំនាញវិនិយោគ ៖ ជំនាញវិនិយោគធ្វើឱ្យប្រាក់ដែលអ្នកសន្សំបាន ក្លាយជាប្រភពចំណូលបន្ថែម។ ការវិនិយោគអាចមានច្រើនទម្រង់ដូចជា អចលនទ្រព្យ ផ្សារហ៊ុន ឬអាជីវកម្មតូចៗ។ តែមុននឹងចាប់ផ្ដើមតម្រូវឱ្យអ្នកត្រូវតែចេះវាឱ្យច្បាស់ជាមុនសិន ជៀសវាវិនិយោគតាមគេ ឬធ្វើតាមអារម្មណ៍អាចនាំឱ្យអ្នកខាតដើមអស់ពីខ្លួនទៅវិញ។ ឧទាហរណ៍ ប្រសិនបើអ្នកមាន ១០,០០០ ដុល្លារ ហើយវិនិយោគបានអត្រាចំណេញ ១០% ក្នុងមួយឆ្នាំ នោះអ្នកអាចរកបាន ១,០០០ ដុល្លារបន្ថែមដោយមិនចាំបាច់ធ្វើការបន្ថែម។ 

 

៣. ជំនាញបង្កើតមាតិកាឌីជីថល៖ នេះជាជំនាញដែលកំពុងពេញនិយមបើអ្នកចេះផលិតអត្ថបទ រូបភាព ឬវីដេអូ ដែលអាចទាក់ទាញមនុស្សនៅលើបណ្តាញសង្គម និងវេបសាយ នោះមិនបាច់ភ័យថារកលុយពិបាកទៀតទេ។ រកលុយពីជំនាញនេះអាចធ្វើបានច្រើនរបៀប។ អ្នកអាចបង្កើត Channel ផ្ទាល់ខ្លួន ហើយបង្ហោះមាតិកាដែលមានតម្លៃដូចជា ចំណេះដឹងហិរញ្ញវត្ថុ ការអប់រំ ជីវិតប្រចាំថ្ងៃ ឬការកំសាន្ត។ 

 

ពេលមានអ្នកតាមដានច្រើន អ្នកអាចរកប្រាក់ចំណូលតាមរយៈការផ្សព្វផ្សាយផលិតផល ការទទួល Sponsor ពីក្រុមហ៊ុន ឬការលក់ផលិតផលឌីជីថលរបស់ខ្លួនឯង។ អត្ថប្រយោជន៍ធំមួយនៃជំនាញនេះ គឺមាតិកាដែលអ្នកបង្កើតថ្ងៃនេះ អាចរកប្រាក់ចំណូលឱ្យអ្នកនៅថ្ងៃក្រោយៗទៀតបាន អ្នកមើលកាន់តែច្រើនចំណូលក៏កើនតាមនោះដែរ។ នេះហើយដែលគេហៅថា “ដេកលក់ក៏លុយចូលដែរ”៕

Footer Background
ស្វែងយល់អំពីពួកយើង
sam.businesscambodia@gmail.com
អត្ថបទផ្សេងៗ
ទំនាក់ទំនងមកពួកយើង
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia