ស្អាតញាក់! មកស្គាល់ហាងកាហ្វេ ៣កន្លែង ដែលបង្កើតឡើយដោយស្នាដៃកូនខ្មែរ ស្អាតប្លែកមិនចាញ់បរទេស
ធី ស្រីល័ក្ខJANUARY 23 2023550 views

ហាងកាហ្វេចំនួន ៣កន្លែង កំពុងតែបង្ហាញខ្លួននៅក្នុងប្រទេសកម្ពុជាដែលមានការដេគ័រហាងយ៉ាងស្អាតទាក់ទាញរហូតធ្វើឱ្យមនុស្សចូលជាច្រើននាក់ក្នុងមួយថ្ងៃ មិនតែប៉ុណ្ណោះចំពោះអ្នកដែលនៅពីក្រោយនៃការតុបតែង រចនាបថនេះគឺមានកូនខ្មែរដ៏ប៉ិនប្រសប់ចំនួន៣នាក់ ដែលបានតុបតែងហាងកាហ្វេស្អាតមិនចាញ់បរទេស។ ហាងកាហ្វេទាំងនោះមានដូចជា៖

. ហាងកាហ្វេក្រសាល

អ្នកនាង នីផា ដែលជាស្ថាបនិករបស់ហាងកាហ្វេក្រសាល បាននិយាយថា អ្នកនាងបានរៀនចប់ផ្នែកស្ថាបត្យកម្មរយៈពេលជាង៣ឆ្នាំមកហើយ ចំណែកហាងកាហ្វេមួយនេះអ្នកនាងបានបង្កើតឡើងព្រោះតែការស្រលាញ់ និងចង់លើកស្ទួយកាហ្វេឱ្យបងប្អូនប្រជាជនខ្មែរដឹងថា កាហ្វេក្នុងស្រុកមិនចាញ់បរទេសឡើយ មិនតែប៉ុណ្ណោះអ្នកនាងក៏ចង់ឱ្យអតិថិជនដែលបានមកហាងកាហ្វេអ្នកនាងហើយមានអារម្មណ៍ប្លែកពីការទទួលទាននៅហាងកាហ្វេដទៃ ហើយអ្នកនាងក៏ចង់បង្កើតហាងកាហ្វេមួយដែលមានអត្តសញ្ញាណាខ្លួន​ឯងទើបសម្រេចឱ្យអ្នកនាងជាអ្នកគូរប្លង់ខ្លួនឯង និងរៀបចំហាងកាហ្វេខាងក្នុង និងខាងក្រៅអមជាមួយការតុបតែងបែបធម្មជាតិ ដែលធ្វើឱ្យអតិថិជនចូលមកហើយមានអារម្មណ៍ល្អព្រោះជុំវិញនៃហាងមានសុតតែដើមផ្កាយ៉ាងស្រស់ស្អាតបំផុតហើយចំពោះដើមទុននៃការបង្កើតហាងនេះឡើងមកអ្នកនាងបានចំណាយទុនអស់ជិត ៨ម៉ឺនដុល្លារ។

ក្រៅពីចង់លើកស្ទួយកាហ្វេក្នុងស្រុក ស្ថាបត្យករវ័យក្មេងរូបនេះបានបន្តឱ្យដឹងទៀតថា ជាទូទៅមានមនុស្សជាច្រើនគិតថា ចំពោះហាងកាហ្វេទាល់តែបើកលើផ្លូវធំទើបមានភ្ញៀវចូលច្រើន តែចំពោះអ្នកនាងវិញមិនគិតដូច្នេះនោះទេពោលគឺអ្នកនាងបានច្នៃផ្ទះល្វែងមួយដែលនៅក្នុងផ្លូវតូចចង្អៀត ឱ្យក្លាយជាហាងកាហ្វេដ៏ស្រស់ស្អាតហើយអ្នកនាងក៏បានបន្ថែមឈ្មោះតំណាងហាងនិងបានបង្ហាញពីសិល្បៈខ្មែរ ដែលពោរពេញទៅដោយភាពរស់រវើក ដែលធ្វើឱ្យភ្ញៀវទទួលបានអារម្មណ៍ថ្មី ជាមួយបរិយាកាសប្លែក ខុសពីហាងកាហ្វេដទៃទៀត។​

ជាចុងក្រោយអ្នកនាងនី ផាដែលជាស្ថាបនិករបស់កាហ្វេ <ក្រសាល> បានផ្តាំផ្ញើទៅដល់យុវជនជំនាន់ក្រោយថា កុំខ្លាចក្នុងការធ្វើអ្វីដែលខុសពីគេ ហើយក៏កុំខ្លាចក្នុងការធ្វើអ្វីដែលយើងស្រលាញ់ ហើយអ្វីដែលសំខាន់នោះប្រសិនជាយុវជនគ្រប់រូបចង់មានអាជីវកម្មខ្លួនឯងត្រូវតែបង្កើតអាជីវកម្មនោះឱ្យប្លែកពីគេ និងចេះច្នៃប្រឌិត និងត្រូវតែរកឈ្មោះហាងឱ្យមានន័យ ទើបអាជីវកម្មរបស់យើងអាចដើរទៅមុខបាន។ ប្រសិនជាបងប្អូនចង់ភ្លក់រសជាតិកាហ្វេ <ក្រសាល> គឺមានទីតាំងនៅផ្លូវ ២៣៧ សង្កាត់ ផ្សារដេប៉ូ១ ខណ្ឌ ទួលគោក ភ្នំពេញ ( ក្បែរបងម៉ុងឌីយាល ក្នុងផ្លូវលំ ) ឬអាចទំនាក់ទំនង ០៨១ ៣៦ ៨៣ ៨៨។

12

២. Le Tropique Café

លោកគុច កុសល បច្ចុប្បន្ននេះគឺជាស្ថាបនិករបស់ Le Tropique Café ដែលលោកគឺជាវេជ្ជបណ្ឌិតម្នាក់ តែលោកគឺជាមនុស្សម្នាក់ដែលស្រលាញ់ធម្មជាតិខ្លាំងណាស់ ដូច្នេះជារឿយៗនៅពេលដែលទំនេរការងារលោកជាមួយគ្រួសារបាននាំគ្នាដាំដុះធម្មជាតិផ្សេងៗនៅបរិវេនផ្ទះខ្លួនឯង។

ចំពោះ Le Tropique Café មិនមែនមានលក់តែកាហ្វេ១មុខនោះទេ គឺមានទាំងអាហារដ្ឋានដែលលក់ទាំងព្រឹក ថ្ងៃ ល្ងាច លក្ខណៈពិសេសមួយទៀតសម្រាប់ហាងកាហ្វេនេះ គឺនៅពេលយប់មានជាបេននិងជាភ្លេងដែលយើងអាចញាំអាហារពេលយប់បណ្តើរស្រាប់តន្រ្តីបានផងដែរ។ លើសពីនេះទៅទៀត ក្រៅពីមានលក្ខណៈពិសេសដូចរៀបរាប់ខាងលើ ហាងកាហ្វេ Le Tropique Café ក៏មានជាបន្ទប់ VIP សម្រាប់អតិថិជនដែលមកលេងជាក្រុមហើយចង់ជួបជុំគ្នាដែលមានចំនួនពី១០ ទៅ២០នាក់ ក៏ហាងកាហ្វេ Tropique អាចរៀបចំជូនបានដែរ។

លោកគុច កុសល  បានបញ្ជាក់ថា លោកមានភាពជឿជាក់យ៉ាងច្បាស់ចំពោះហាងកាហ្វេ Le Tropique Café នៅពេលដែលអតិថិជនចូលមកលេង ឬញាំអាហារផ្សេងៗគឺទទួលបានអារម្មណ៍ស្ងប់ស្ងាត់ ពីព្រោះកាត់បានស្ថិតនៅក្នុងបរិវេនដែលពោរពេញទៅដោយធម្មជាតិជុំវិញខ្លួនគាត់ មានអាងទឹក មានត្រីហើយសាកសមបំផុតសម្រាប់អតិថិជនដែលចង់ Relax ចង់កាត់បន្ថយស្រេ្តសគឺសាកសមបំផុត។ចំពោះបងប្អូនដែលជិះកាត់ខេត្តបាត់ដំបង ហើយចង់សាករសជាតិឬបរិយាកាសនៅទៅនឹងអាចធ្វើការទំនាក់ទំនងទៅលេខ 012 617 209 ឬឆាតទៅផេកផ្ទាល់ Le Tropique Café។

54

៣. កាហ្វេស្រែក្បែរស្ពានអ្នកលឿង

លោក កែវ បញ្ញា បច្ចុប្បន្នជាម្ចាស់ភោជនីយដ្ឋាននិង កាហ្វេស្រែក្បែរស្ពានអ្នកលឿង បានប្តូរអាជីពការងារមករកស៊ីនៅស្រុកកំណើតវិញ និងបានចាប់ដៃគ្នាជាមួយបងប្អូនបង្កើត ៣នាក់ផ្សេងទៀត ច្នៃដីស្រែមួយកន្លែងនៅក្បែរស្ពានអ្នកលឿង ក្លាយទៅជាកន្លែងកំសាន្តទាក់ទាញអ្នកទៅលេងរាប់ពាន់នាក់។

លោកបន្តថា ចំពោះមូលហេតុដែលនាំឱ្យលោកចាប់ផ្តើមបង្កើតកន្លែងកំសាន្តមួយនេះឡើងគឺដោយសារលោកមើលឃើញថា កន្លងមកពេលភ្ញៀវមកលេងខេត្តព្រៃវែងកាត់ស្ពានអ្នកលឿងនេះ ពួកគាត់តែងតែធ្វើដំណើរទៅហួសមកហួសព្រោះមិនសូវមានកន្លែងសម្រាប់កំសាន្ត ដោយមើលឃើញបែបនេះលោកក៏សម្រេចច្នៃដីចំនួន ២ ហិកតា ក្បែរស្ពានអ្នកលឿងនេះឱ្យក្លាយទៅជាកន្លែងកំសាន្តមួយដែលមានទាំងអាហារ ភេសជ្ជៈ កន្លែងសម្រាក ថតរូបលេង បែបនេះតែម្តង។

គួរបញ្ជាក់ផងដែរថា សម្រាប់បងប្អូនដែលចង់មកកំសាន្តបែបលក្ខណៈស្រុកស្រែ មានកន្លែងថតរូបស្អាតៗ មានម្ហូបឆ្ងាញ់ៗ កុំភ្លេច កាហ្វេស្រែក្បែរស្ពានអ្នកលឿង ដែលមានទីតាំងស្ថិតនៅ ៖ នៅ​អ្នកលឿង​ត្រើយ​ខាង​កើត​ ផ្លូវ​ជាតិ​លេខ​១១ ចូលតាមក្រោមជើង​សសរស្ពាន​អ្នកលឿងត្រង់ចំងាយ​ប្រហែល​300m ឬក៏អាចទំនាក់ទំនងតាមលេខទូរស័ព្ទ 067777008 / 016360032 ៕

3

អត្ថបទ៖ ធី ស្រីល័ក្ខ

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia