ដាច់លុយរាល់ខែ? សេដ្ឋីវ័យ៤១ឆ្នាំ ប្រាប់គន្លឹះពិសេស៣ ជួយដោះស្រាយបញ្ហា អ្នករកលុយមិនសល់
SOKLY SOJULY 13 2023490 views

មានមនុស្សមិនតិចទេដែលដឹងថាខ្លួនឯងមានទម្លាប់ចាយលុយច្រើន មិនគិតមុខគិតក្រោយ ធ្វើឱ្យជួបបញ្ហាដាច់លុយតែញឹក ប៉ុន្តែមិនដឹងពីវិធីកែប្រែរឿងទាំងនេះចេញ ព្រោះតែវាជាប់ជាទម្លាប់ប្រចាំខ្លួនទៅហើយ។ ពាក់ព័ន្ធនឹងបញ្ហានេះ មហាសេដ្ឋីទ្រព្យជាង ២៥លានដុល្លារ  លោក Ramit Sethi បានចែករំលែកនូវ យុទ្ធសាស្រ្ត៣ ដែលអាចនាំអ្នកចេញពីភាពខ្ជះខ្ជាយបានយ៉ាងងាយស្រួល។

១. ស្វែងយល់ពីអ្វីដែលអ្នកស្រលាញ់ និងស្អប់

ជាធម្មតាមនុស្សយើងបើស្អប់អ្វីមួយហើយ គឺមិនចង់ឃើញ មិនចង់ធ្វើ មិនចង់ប៉ះ មិនចង់ដឹងឬឮ អំពីរឿងនោះឡើយ។ ហេតុនេះសូមយករឿងនេះបងដាក់ប្រៀបធៀបជាមួយនឹងលុយម្ដង មនុស្សភាគច្រើនគឺចូលចិត្តការមានលុយច្រើន និងស្អប់ការដាច់លុយ។ ប្រសិនបើអ្នកកំពុងតែស្អប់ការដាច់លុយដូចគ្នា អ្នកច្បាស់ជាត្រូវបង្កើតការសន្សំកាត់បន្ថយការចំណាយខ្ជះខ្ជាយជាមិនខាន។ ដូច្នេះដើម្បីទប់អាម្មណ៍មិនឱ្យចាយច្រើន ត្រូវនិយាយរំលឹកប្រាប់ខ្លួនឯងជានិច្ចថា “ខ្ញុំស្អប់ការដាច់លុយ”។

២. កាត់របស់មិនសំខាន់ចេញពីជីវិត

អ្នកគួរតែស្គាល់ខ្លួនឯងឱ្យបានច្បាស់ ត្រូវដឹងថាអ្វីដែលសំខាន់សម្រាប់ជីវិតអ្នកពិតប្រាកដ នៅពេលដែលអ្នកដឹង អ្នកច្បាស់ជាអាចបែងចែក បានរវាងរបស់ណាសំខាន់គួរចំណាយលុយទិញ និងរបស់ណាមិនពាក់ព័ន្ធនឹងគោលដៅជីវិតរបស់អ្នកហើយគួរតែកាត់ចោល។

របស់សំខាន់អាចជា​ កន្លែងស្នាក់នៅ អាហារ​ ការសិក្សា វគ្គសិក្សាអំពីជំនាញដែលអ្នកស្រលាញ់ចូលចិត្ត ការសន្សំ​ ឬការវិនិយោគជាដើម។ ចំណែកឯរបស់មិនចាំបាច់គឺជា អ្វីដែលអ្នកចំណាយលុយទិញទៅហើយ មិនបានផ្ដល់ជាប្រយោជន៍ល្អអ្វី សម្រាប់បេសកម្មធ្វើដំណើរទៅរកគោលដៅជីវិតរបស់អ្នក។

៣. ឆ្លើយ បាទ/ចាស ចំពោះផលបូក

សូមកុំបដិសេធផលបូក (លុយចូល) មានន័យថាបើមានឱកាសបង្កើតប្រភពលុយ មិនថាតិចឬច្រើនអ្នកគួរតែធ្វើវា។ ឧទាហរណ៍ថា អ្នកបើកហាងមួយកន្លែង ហើយសល់ដីទំនេរនៅខាងមុខ​ អ្នកអាចដាក់ទូលក់កាហ្វេមួយទៀតទៅ ឬជួលឱ្យគេដាក់ទូ ATM ក៏បានដែរមានទៅខាតអីដីទុកចោលសោះហ្នឹង ទោះចំណូលទាំងនោះតូចៗ តែវាក៏ជាលុយរបស់អ្នកដែរ។

សូមជម្រាបថាការសន្សំសំចៃ មិនមែនមានន័យថាជាការដាក់វិន័យលើខ្លួនឯងឡើយ ប៉ុន្តែវាជាការកាត់បន្ថយការចាយលុយទៅលើរឿងណាដែលមិនសំខាន់សម្រាប់ជីវិត រួចងាកមកយកចិត្តទុកដាក់ចំពោះខ្លួនឯងជាងមុន ធ្វើអ្វីដែលខ្លួនឯងចូលចិត្តបានច្រើនជាងមុន និងមើលឃើញផ្លុវទៅកាន់គោលដៅកាន់តែច្បាស់ជាងមុន៕

អត្ថបទដោយ៖ សូ សុខលី

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia