ក្នុងអាណត្តិទី២នេះ លោក Donald Trump ប្រធានាធិបតីសហរដ្ឋអាមេរិក បានដាក់ចេញនូវគោលនយោបាយពន្ធគយថ្មី លើបណ្តាប្រទេសនៅជុំវិញពិភពលោក ក្នុងគោលបំណងគាំទ្រ និងការពារផលិតផលក្នុងស្រុករបស់ខ្លួនឡើងវិញ ដែលត្រូវបានអនុត្តន៍ចាប់ពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៥ តទៅ។
យ៉ាងណាមិញ យោងតាមរបាយការណ៍ចុងក្រោយរបស់ សេតវិមាន (White House) បានបង្ហាញពីប្រទេសចំនួន ៣ មានអត្រាពន្ធខ្ពស់ជាងគេបំផុត។ ក្នុងនោះរួមមាន ប្រទេសឡាវ និងប្រទេសមីយ៉ាន់ម៉ា ឈរលើកំពូលតារាងដែលមានអត្រាពន្ធ ៤០% ដូចគ្នា និងប្រទេសស៊ែប៊ី មានអត្រាពន្ធចំនួន ៣៥%។
ដោយឡែក ចំពោះប្រទេសចិន រដ្ឋបាល ត្រាំ បានពន្យាពេលកំណត់អត្រាពន្ធរហូតដល់ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ ២០២៥ ដោយផ្អែកលើការពិចារណាអំពីតុល្យភាពពាណិជ្ជកម្ម និងសុវត្ថិភាពជាតិ។ បើតាមលក្ខខណ្ឌចរចារនៃការជួញដូរនេះ អត្រាពន្ធអាចនឹងកាត់បន្ថយពី ១៤៥% ទៅ ៣០% សម្រាប់ផលិតផលចិន និងពី ១២៥% ទៅ ១០% សម្រាប់ផលិតផលអាមេរិក។
គួរជម្រាបផងដែរថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានធ្វើឱ្យការចរចាពន្ធបដិកាជាមួយសហរដ្ឋអាមេរិក សម្រេចបាលទ្ធផលល្អដោយលោក ដូណាល់ ត្រាំ ប្រធានាធិបតីមេរិក បានសម្រេចទម្លាក់អត្រាពន្ធបដិកា សម្រាប់ការនាំចូលទំនិញពីកម្ពុជាពី ៣៦% មកនៅ ១៩% ប៉ុណ្ណោះ។ អត្រាពន្ធបដិកាថ្មី ជាកម្រិតល្អមួយជួយឱ្យកម្ពុជា កាន់តែទាក់ទាញវិនិយោគិនមកបណ្តាក់ទុននៅកម្ពុជា និងជំរុញឱ្យការធ្វើពាណិជ្ជកម្មកាន់តែល្អជាងមុន៕
អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) ម្ចាស់ស្នាដៃសៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ បញ្ជាទិញតាម https://t.me/BusinessCambodiaBook