មិនសូវមានអ្នកចាប់អារម្មណ៍! ការងារមួយនេះធ្វើឱ្យយុវជនវ័យ ២៥ ឆ្នាំម្នាក់អាចរកចំណូលបាន ១លានដុល្លារក្នុងមួយឆ្នាំ
Pov SaruMARCH 6 20261.5 K views

ពីក្មេងចំណាកស្រុកម្នាក់ ក្លាយជាម្ចាស់ក្រុមហ៊ុនរាប់លានដុល្លារដើម្បីបំពេញសន្យាចំពោះឪពុកម្តាយ។ នេះគឺជាប្រវត្តិដ៏គួរឱ្យសរសើររបស់យុវជនវ័យ ២៥ ឆ្នាំម្នាក់ឈ្មោះថា Tuan Le មានដើមកំណើតនៅវៀតណាម តែបានប្ដូរទីលំនៅទៅរស់នៅប្រទេសកាណាដា ហើយបានតស៊ូរហូតក្លាយជាសេដ្ឋីទាំងវ័យក្មេងដោយសារតែការងារដ៏សាមញ្ញមួយ។

 

តាមរយៈកិច្ចសម្ភាសន៍ជាមួយសារព័ត៌មានជាច្រើន Tuan Le បាននិយាយថា បន្ទាប់ពីទៅរស់នៅ កាណាដា រូបគេបានរៀនវគ្គកាត់តវីដេអូតាម YouTube ក្រោយទទួលស្គាល់ពីសក្តានុពលរបស់វា គេក៏បានចុះឈ្មោះចូលរៀននៅសាលាភាពយន្ត Toronto មួយឆ្នាំបន្ទាប់ពីបញ្ចប់ការសិក្សាពីវិទ្យាល័យក្នុងឆ្នាំ ២០១៨។

 

បន្ទាប់ពីចូលរៀនបានមួយរយៈលោកក៏បានសម្រេចចិត្តបោះបង់ការសិក្សានៅមហាវិទ្យាល័យត្រឹមពាក់កណ្តាលទី ទោះបីជា ធ្លាប់មានស្នាដៃឆ្នើមក្នុងសាលាក៏ដោយ។ នេះក៏ដោយសារតែលោកយល់ថា «បើចង់ជោគជ័យលឿន លោកត្រូវតែចេញមកអនុវត្តផ្ទាល់នៅក្នុងពិភពខាងក្រៅ»។ បន្ទាប់ពីឈប់រៀន លោកចាប់ផ្ដើមចុះអនុវត្តការងារផ្ទាល់ៗដោយដំបូងលោកបានផ្ញើអ៊ីមែលទៅកាន់ "នាយកប្រតិបត្តិ ក្រុមហ៊ុនផលិតកម្ម ភ្នាក់ងារទីផ្សារទាំងអស់នៅទីក្រុងតូរ៉ុនតូ" ដើម្បីរៀនពីសហគ្រិនភាព និងថតវីដេអូតាមភោជនីយដ្ឋានជាថ្នូរនឹងអាហារ។ 

 

គាត់ក៏បានទាក់ទងតូបលក់អាហារតូចៗ និងមធ្យម ដើម្បីផលិតវីដេអូសម្រាប់ TikTok ចំនួន ១០ ក្នុងតម្លៃ ២,០០០ដុល្លារដោយសន្យាថានឹងសងប្រាក់វិញប្រសិនបើខ្លឹមសារមិនល្បី។ តែបន្ទាប់ពីធ្វើឱ្យអាជីវកម្មអតិថិជនដំបូងផ្ទុះល្បីហើយ លោកក៏នឹកឃើញគំនិតបង្កើតក្រុមហ៊ុនផ្ទាល់ខ្លួនមួយឈ្មោះថា ShortsCut នៅក្នុងឆ្នាំ ២០២៣។ ក្រុមហ៊ុននេះមានជំនាញខាងវីដេអូផ្សព្វផ្សាយខ្លីៗដែលត្រូវបានរចនាឡើងសម្រាប់វេទិកាដូចជា TikTok, Instagram Reels និង YouTube Shorts។ 

 

រហូតមកពេលនេះ ShortsCut បានពង្រីកខ្លួនកាន់តែធំឡើងនិងអាចរកចំណូលបាន ១លានដុល្លារក្នុងមួយឆ្នាំពីអាជីវកម្មនេះ។ នៅចុងឆ្នាំ ២០២៥ ក្រុមហ៊ុន ShortsCut បានរីកចម្រើនកាន់តែគួរឱ្យកត់សម្គាល់ដោយមានបុគ្គលិកសរុប ១៥ នាក់កាន់មុខតំណែងផ្សេងៗគ្នាដូចជា ក្រុមអ្នកបង្កើតខ្លឹមសារ អ្នកនិពន្ធស្គ្រីប អ្នកគ្រប់គ្រងគម្រោង ជាដើម។


Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia