បុគ្គលិកប្រៀបដូចជារូបកាយ រីឯថ្នាក់ដឹកនាំបីដូចជាខួរក្បាល បើរាងកាយចុះខ្សោយហើយ ទោះខួរក្បាលខ្លាំងប៉ុណ្ណាក៏ពិបាកទៅមុខលឿនដែរ។ ខាងក្រោមនេះគឺជា បុគ្គលិកធំៗ ២ ប្រភេទ ដែលក្រុមហ៊ុនមិនគួរទុក បើមិនចង់នាំគ្រោះថ្នាក់ដល់ស្ថាប័នទាំងមូល ដោយយោងតាមការស្រាវជ្រាវរបស់ Sutton, R. I.៖
១/. ធ្វើការមិនកើត
ស្ទើរតែគ្រប់ស្ថាប័នតែងមានបុគ្គលិកមិនអាចបំពេញការងាររបស់ខ្លួនបានល្អ ពោលដោយខ្លីគឺផលិតភាពការងារទាប ឬមិនអាចសម្រេចបានដល់គោលដៅដែលក្រុមហ៊ុនដាក់ឲ្យជាដើម។ ត្រង់ចំណុចនេះយើងមិនសំដៅត្រឹមតែបុគ្គលិកហាត់ការនោះទេ ប៉ុន្តែវាបូកបញ្ចូលទាំងបុគ្គលិកជាប់កិច្ចកុងត្រា និងបុគ្គលិកចាស់វស្សានៅក្នុងក្រុមហ៊ុនផងដែរ។
យ៉ាងណាមិញ ពួកគេអាចស្ថិតនៅក្នុងក្រុមបុគ្គលិកដែលមិនមានភាពច្បាស់លាស់ទៅលើអ្វីមួយឲ្យប្រាកដ ធ្វើការឡេះឡោះ ចុងដៃចុងជើង។ បុគ្គលិកប្រភេទទីមួយនេះអាចជះឥទ្ធិពលជាអវិជ្ជមានខ្លាំងដល់ស្ថាប័ន ព្រោះពួកគេជាបុគ្គលិកបំណុល។ ក្រុមហ៊ុនត្រូវចំណាយបើកប្រាក់បៀវត្សឲ្យរាល់ខែ ប៉ុន្តែពួកគេពុំបានធ្វើការដល់គោលដៅដែលក្រុមហ៊ុនចង់បាន ឬអាចនិយាយម្យ៉ាងទៀតថាមិនបានជួយក្រុមហ៊ុនឲ្យដើរទៅមុខថែមទាំងទាញថយក្រោយទៀតផង។
២/. បុគ្គលិកអាត្មានិយម
បុគ្គលិកប្រភេទទីពីរនេះ ក៏ជះផលប៉ះពាល់អវិជ្ជមានខ្លាំងដល់ស្ថាប័នដូចគ្នា។ ពួកគេជាក្រុមមនុស្សដែលគិតពីផលប្រយោជន៍បុគ្គលច្រើនជាងផលប្រយោជន៍រួម ឬស្ថាប័នទាំងមូល។ មិនតែប៉ុណ្ណោះ ពួកគេមានគំនិតចង្អៀតចង្អល់មិនចង់ឃើញនរណាល្អជាងខ្លួន និងមិនអាចជាទីពុំនាក់សម្រាប់មិត្តរួមការងារទៀតផង។
ជាមួយគ្នានេះ បុគ្គលិកក្រុមនេះជានិច្ចកាលតែងមិនទទួលស្គាល់កំហុសរបស់ខ្លួន និងព្យាយាមយកមុខមាត់តែម្នាក់ឯង ខណៈការងារដែលសម្រេចបានជាសមិទ្ធផលរួម។ បន្ថែមពីនេះទៅទៀតនោះ ពួកគេក៏មានឥរិយាបថក្រអឹតក្រទម និងមិនចេះសម្របខ្លួនជាមួយស្ថានភាពជាក់ស្តែងនោះទេ ពោលដោយខ្លីគឺមានគំនិតទុតិដ្ឋិនិយមខ្ពស់ និងពិបាកចុះសម្រុងជាមួយមិត្តរួមស្ថាប័ន។
យ៉ាងណាមិញ ប្រសិនបើបុគ្គលិកទាំងពីរប្រភេទខាងលើ ព្រមទទួលស្គាល់ចំណុចខ្សោយរបស់ខ្លួន ព្យាយាមរៀនសូត្រពីការងារបន្ថែម បើកចិត្តទទួលយកការកែលម្អ និងប្រឹងអភិវឌ្ឍសមត្ថភាពឲ្យកាន់តែមានភាពល្អប្រសើរពីមួយកម្រិតទៅមួយកម្រិត នោះជាសញ្ញាណល្អ ព្រោះពួកគេមានឱកាសវិវត្តន៍ខ្លួនទៅជាធនធាន ឬគ្រាប់ពូជល្អក្នុងស្ថាប័ននាថ្ងៃខាងមុខ។ ប៉ុន្តែ បើពួកគេមិនព្រមផ្លាស់ប្តូរ និងបន្តអនុវត្តសកម្មភាពដដែលៗ ក្រុមហ៊ុនគួរតែពិចារណាទៅលើរឿងនេះ ព្រោះវាអាចជាផ្នែកមួយដែលធ្វើឲ្យស្ថាប័នពិបាកនឹងរីកលូតលាស់ណាស់៕
អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) ម្ចាស់ស្នាដៃសៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។
បញ្ជាទិញតាម https://t.me/BusinessCambodiaBook



