យោងតាមសេចក្តីជូនដំណឹងជាលើកទី២ របស់ក្រសួងធនធានទឹកនិងឧតុនិយម នៅថ្ងៃសៅរ៍ ទី០២ ខែមីនានេះ បានបង្ហាញឱ្យដឹងអំពីការស្ថានអាកាសធាតុនៅកម្ពុជា សម្រាប់រដូវប្រាំងពីខែមីនា ដល់ដើមរដូវវស្សាខែឧសភា ឆ្នាំ២០២៤ ខណៈអត្រាបាតុភូតសកល អែលនីណូ ( El Nino) ខ្ពស់ជាង៧០% នៅតែបន្តមានឥទ្ធិពលនៅតំបន់ជុំវិញមហាសមុទ្រប៉ាស៊ីហ្វិក។
ដូច្នេះការព្យាករណ៍ស្ថានភាពអាកាសធាតុរបស់កម្ពុជា នៅរដូវប្រាំងឆ្នាំ២០២៤ ដែលចាប់ផ្តើមពីខែមីនា សីតុណ្ហភាពនៅទូទាំងប្រទេសនឹងឡើងខ្ពស់ជាងមធ្យមភាគច្រើនឆ្នាំ ដែលជាកត្តាធ្វើឱ្យអាកាសធាតុក្តៅហើយស្ងួត។ ចំណែកបរិមាណទឹកភ្លៀងនឹងទាបជាងមធ្យមភាគច្រើនឆ្នាំ ហើយភ្លៀងកក់ខែធ្លាក់តិចតួច ដោយតិចជាងឆ្នាំ២០២៣ ជាមួយគ្នានឹងបាតុភូតផ្គររន្ទះ និងខ្យល់កន្ត្រាក់ដែលកើតឡើងច្រើន។
សម្រាប់ការព្យាករណ៍ស្ថានភាពអាកាសធាតុ នៅរដូវវស្សាឆ្នាំ២០២៤ ដែលចាប់ផ្តើមពីខែឧសភា សីតុណ្ហភាពស្មើ ឬខ្ពស់ជាងមធ្យមភាគច្រើនឆ្នាំ។ បរិមាណទឹកភ្លៀងនឹងទាបជាងមធ្យមភាគច្រើនឆ្នាំ ហើយមិន សូវរាយប៉ាយ រួមជាមួយនឹងបាតុភូតផ្គររន្ទះ និងខ្យល់កន្ត្រាក់កើតឡើងច្រើន។
អាស្រ័យហេតុនេះតាមការព្យាករណ៍អាកាសធាតុដូចបានជម្រាបជូនខាងលើសូមសាធារណជនជ្រាបជាព័ត៌មាន។ ក្រសួងធនធានទឹក និងឧតុនិយម សូមជូនដំណឹងដល់ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី និងប្រជាពលរដ្ឋចូលរួមសហការប្រើប្រាស់ទឹកដោយ សន្សំសំចៃក្នុងកម្រិតខ្ពស់ ជាពិសេសបណ្តាជនបទដែលនៅឆ្ងាយពីប្រភពទឹក។
ជាមួយគ្នានោះសូមយកចិត្តទុកដាក់ និង ប្រុងប្រយ័ត្នចំពោះអាកាសធាតុក្តៅហើយស្ងួត បាតុភូតផ្គររន្ទះ និងខ្យល់កន្ត្រាក់ដែលអាចកើតមានច្រើននៅក្នុងខែមេសា និងខែឧសភា ឆ្នាំ២០២៤នេះ។
គួរបញ្ជាក់ថាបាតុភូតសកល ដែលយោងតាមការតាមដានទៅលើការពិនិត្យសង្កេត និងព្យាករស្ថានភាពវិវត្តន៍នៃសីតុណ្ហភាពលើផ្ទៃសមុទ្រប៉ាស៊ីហ្វិក ក្បែរអេក្វាទ័របង្ហាញឱ្យឃើញថា៖ ចាប់ពីខែមីនាដល់ខែមេសា ឆ្នាំ២០២៤ អត្រានៃបាតុភូតអែលនីណូ (El Nino) ខ្ពស់ជាង ៧០% នៅបន្តមានឥទ្ធិពលនៅលើតំបន់ជុំវិញមហាសមុទ្រប៉ាស៊ីហ្វិក។ ចាប់ពីខែឧសភា ឆ្នាំ២០២៤ តទៅ អត្រានៃបាតុភូត អែលនីណូ (El Nino) នឹងថយចុះមកនៅត្រឹម២០% ដោយជំនួសមកវិញនូវស្ថានភាពអព្យាក្រឹត(ENSO-Neutral)៕
អត្ថបទដោយ៖ ពីង ជូអេង


