ទឹកជ្រោះផ្អោកគីរីវង់ ជារមណីយដ្ឋានដ៏ពេញនិយមមួយក្នុងខេត្តតាកែវ។ ទឹកជ្រោះផ្អោក មានប្រវែងប្រមាណជា ១ ០០០ ម៉ែត្រ និង ទទឹង ២ ម៉ែត្រ ដែលហូរពី លើភ្នំ ហើយកាត់ថ្មដាតូច-ធំ ចុះមកក្រោម និង មាន ផ្ទះស្បូវ សម្រាប់ អង្គុយលេងកម្សាន្ត រួមទាំងមាន លក់ម្ហូបអាហារ ដែលមានតម្លៃថោកសមរម្យ សម្រាប់ ភ្ញៀវទេសចរណ៍ មកកម្សាន្ត ផងដែរ។ អ្វីដែលកាន់តែជាពិសេសទៀតនោះ រមណីយដ្ឋានទឹកជ្រោះផ្អោក សម្បូរត្បូងមានតម្លៃ។
នៅមុនទឹកជ្រោះផ្អោកក្លាយជារមណីយដ្ឋានពេញនិយម គឺកាលពីជាង ១០ ឆ្នាំមុន នៅទីនេះ គឺជាទីតាំងសំខាន់ដែលមានប្រជាជនជាច្រើនមកជីករកត្បូងមានតម្លៃ ហើយត្បូងដែលសម្បូរជាងគេ ដូចជា ត្បូងទឹកសមុទ្រ ត្បូងកញ្ចក់ ត្បូងផ្កាថ្ម ត្បូងមីសិល និង ត្បូងឃ្មុំជាដើម ប៉ុន្តែបច្ចុប្បន្នត្បូងនៅកន្លែងដែលប្រជាជនកំពុងលេងទឹកយ៉ាងសប្បាយបានខ្សត់ខ្សោយហើយ។
រមណីយដ្ឋាននេះ ស្ថិតនៅក្នុងភូមិជ្រោយស្លែង ឃុំគិរីចុងកោះ និងភូមិត្រពាំងស្រង់ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ។
២. ប្រាសាទបាយ៉ង់កោរ
ប្រាសាទបាយ៉ង់កោរ ស្ថិតនៅក្នុងប្រភេទតំបន់ទេសចរណ៏ ប្រាសាទ និងព្រៃភ្នំ។ សម្រាប់ចំណុចសំខាន់ៗ ក៏ដូចជាភាពទាក់ទាញនៃតំបន់ទេសចរណ៏ប្រាសាទបាយ៉ង់កោរដែលអាចធ្វើអោយភ្ញៀវទេសចរមានចំណាំអារម្មណ៏នោះ មានដូចជា៖ ដើរទស្សនាកសិដ្ឋាន, ឡើងភ្នំ, រៀបចំអាហារដោយខ្លួនឯង, ដើរលេងដោយថ្មើរជើង, ទស្សនាទេសភាពព្រៃភ្នំ, មើលរចនាប្រាសាទ និងចំណុចផ្សេងៗទៀត។
ប្រាសាទបាយ៉ង់កោរ ជារមណីយដ្ឋានមួយដែលស្ថិតលើកំពូលភ្នំដ៏ខ្ពស់សន្លឹម ហើយមានប្រាង្គប្រាសាទបុរាណ ព្រៃឈើ ទេសភាពធម្មជាតិស្រល់បំព្រង។ ជាពិសេសនៅតាមបណ្តោយចង្កេះភ្នំមានដំណាំហូបផ្លែរបស់ប្រជាពលរដ្ឋជាច្រើនគ្រួសារថែមទៀតផង។
ទីតាំង៖ប្រាសាទបាយ៉ង់កោរ ឬក៏គេច្រើនហៅថា ប្រាសាទបុរាណភ្នំបាយ៉ង់, ប្រាសាទភ្នំបាយ៉ង់, ភ្នំបាយ៉ង់ មានទីតាំងស្ថិតនៅ ភូមិពោធិ៍រោង ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ និងមានចម្ងាយប្រហែល 46km ពីវិមានឯករាជ្យខេត្តតាកែវ។