ខ្យងប័រ ខ្យងធូរ៉េន និងខ្យងឈឺរី ជាប្រភេទពូជខ្យងម្យ៉ាង ដែលមានដើមកំណើតចេញពីប្រទេសជប៉ុន ដោយ១គីឡូអាចលក់បាន ៥០ទៅ១០០ដុល្លារឯណោះ ហើយអ្វីដែលកាន់តែពិសេសនោះគឺវាងាយស្រួលក្នុងការចញ្ចឹម មិនពិបាកមើលថែឡើយ ជាមួយគ្នានេះដែលខ្យងប្រភេទនេះកំពុងតែចិញ្ចឹមនៅស្រុកខ្មែរហើយ ជាក់ស្តែងកូនខ្មែរមកពីខេត្តមណ្ឌលគីរីមួយរូបអាច រកចំនូលពីការចិញ្ចឹមខ្យង៣ប្រភេទខាងលើនេះបានរាប់ពាន់ដុល្លារក្នុងមួយខែៗ ។
ថ្លែងប្រាប់ក្រុមការងាររបស់ Business Cambodia ម្ចាស់កសិដ្ឋានគឺលោក ហាច ឆន ស្ថាបនិកកសិដ្ឋាន៤០០ បានជម្រាបឱ្យដឹងថា សព្វថ្ងៃកសិដ្ឋានលោកមានចិញ្ចឹមពូជខ្យងដល់ទៅជាង១០ពូជ ប៉ុន្តែក្នុងចំណោមប្រភេទពូជទាំងអស់នោះមានប្រភេទខ្យងប័រ ខ្យងធូរ៉េន និងខ្យងឈឺរីមានតម្លៃខ្ពស់ជាងគេ។
លោកបានបន្តទៀតថា ខ្យងប័រ និងខ្យងធូរ៉េនមួយគីឡូមានតម្លៃ១០០ដុល្លារ ចំណែកឯខ្យងឈឺរី វិញមួយគីឡូលក់បានតម្លៃ៥០ដុល្លារ ប៉ុន្តែទោះបីជាតម្លៃវាខុសគ្នាក៏ដោយ តែរសជាតិពួកវាវិញគឺមិនខុសពីគ្នាទេ ពោលគឺឆ្ងាញ់ប្រហាក់ប្រហែលនឹងគ្នា ។ ស្របគ្នានេះដែរ មូលហេតុដែលធ្វើឱ្យខ្យងប្រភេទនេះមានតម្លៃខ្ពស់ព្រោះវាមានរសជាតិឆ្ងាញ់ប្លែក អាចច្នៃធ្វើម្ហូបបានច្រើនមុខ សាច់មានពណ៌ស្អាត ហើយមួយវិញទៀតនោះគឺដោយសារការនាំចូលមកក្នុងស្រុកមានតម្លៃថ្លៃ ដោយមួយគីឡូចូល ៧០ម៉ឺនឯណោះ។
ម្ចាស់កសិដ្ឋានរូបនេះបានបន្ថែមទៀតថា ចំពោះទីផ្សារវិញបច្ចុប្បន្នលោកអាចលក់ចេញចន្លោះពី២០ ទៅ៣០គីឡូ បើគិតជាសាច់ប្រាក់វិញ លោកអាចទាញចំណូលចាប់ពី ២ពាន់ដុល្លារ ទៅ៣ពាន់ដុល្លារក្នុងមួយខែ ដោយក្នុងនោះភាគច្រើន លោកនាំចេញទៅប្រទេសវៀតណាម។ រីឯការចិញ្ចឹមវិញមានភាពងាយស្រួលថែរមែនទែន ដោយអាចប្រមូលផលបានក្នុងចន្លោះពេល ២ខែកន្លះ ទៅ៣ខែប៉ុណ្ណោះ ដែលមានរយៈខ្លីជាងខ្យងធម្មតាដល់ទៅ ៦-៧ខែ ហើយវាថែមទាំងមិនរើសចំណីថែមទៀត។
សម្រាប់ថ្ងៃខាងមុខ លោកហាច ឆន បានរំពឹងថា យ៉ាងយូរមួយឆ្នាំជាង ខ្យងប្រភេទនេះអាចនឹងចិញ្ចឹមស្ទើរតែ២៥ខេត្តក្រុង ហើយនឹងក្លាយជាមុខម្ហូបដ៏សំខាន់មួយសម្រាប់បងប្អូនខ្មែរយើង។ លោកបានបន្តទៀតថា ទោះបីជាប្រភេទពូជនេះថ្លៃ តែបងប្អូនកសិករយើងអាចចិញ្ចឹមរស់ពី ៧០% ទៅ៩០%។ ហើយអ្វីដែលកាន់តែពិសេសនោះគឺខ្យងប្រភេទនេះមានការពេញនិយមចិញ្ចឹមខ្លាំងពីសំណាក់ប្រទេសថៃ ជប៉ុន វៀតណាម និងឥណ្ឌូនេស៊ី ។
គួរជម្រាបផងដែរថា សម្រាប់បងប្អូនដែលចង់ជាវយកទៅចិញ្ចឹម ឬយកទៅហូប អាចទំទាក់ទំនងតាមលេខទូរស័ព្ទ +855 97 881 1400 ឬតាមរយៈ FACEBOOK PAGE៖ កសិដ្ឋាន400 ហើយបងប្អូនក៏អាចទៅរកនៅទីតាំងផ្ទាល់ ដែលស្ថិតនៅភូមិអូរណា ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី៕
អត្ថបទដោយ៖ នៅ ថាត់សណា