កន្លងមកការជាប់ពិន័យនិងទោសទណ្ឌច្រើនតែធ្វើឡើង បន្ទាប់ពីការយឺតយ៉ាវណាមួយក្នុងការបង់ពន្ធ ឬ ការប្រព្រឹត្តិកំហុសឆ្គងនៅពេលប្រមូលពន្ធ ដោយឡែកកាលពីពេលថ្មីៗនេះ អគ្គនាយកដ្ឋានពន្ធដារបានបង្ហាញពីការប្រព្រឹត្តចំនួន ១៣ ចំណុចបន្ថែមទៀតដែលអ្នកជាប់ពន្ធគួរតែកុំធ្វើដើម្បីចៀសវាងពីការពិន័យនិងទោសទណ្ឌ ដែលរួមមាន ៖
១.ការមិនបានចុះបញ្ជីនៅរដ្ឋបាលសារពើពន្ធ ស្របតាមការកំណត់របស់ច្បាប់ស្តីពីសារពើពន្ធនិងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធផ្សេងៗទៀត
២. ការមិនបានជូនដំណឹងទៅរដ្ឋបាលសារពើពន្ធអំពីការផ្លាស់ប្តូរព័ត៌មាននៃការចុះបញ្ជី
៣. ការមិនបានដាក់លិខិតប្រកាសសារពើពន្ធ
៤. ការមិនបានប្រើប្រាស់ប្រព័ន្ធកត់ត្រាដែលកំណត់ដោយរដ្ឋបាលសារពើពន្ធ
៥. ការមិនបានចេញវិក្កយបត្រ
៦. ការមិនផ្តល់ព័ត៌មាន ឬមិនបានបញ្ជូនរបាយការណ៍តាមការស្នើសុំ
៧. ការមិនអនុញ្ញាតឱ្យរដ្ឋបាលសារពើពន្ធធ្វើការពិនិត្យបញ្ញិកាគណនេយ្យឬឯកសារផ្សេងៗ
៨. ការមិនបានរក្សាបញ្ចិកាគណនេយ្យនិងឯកសារផ្សេងៗទៀត
៩. ការព្យាយាមរារាំងការកំណត់និងការប្រមូលពន្ធ
១០. ការកសាងឬផ្តល់នូវកំណត់ត្រា ឯកសារ របាយការណ៍ឬព័ត៌មានក្លែងបន្លំ
១១. ការលាក់ទុកឬបំផ្លាញចោលដោយចេតនានូវបញ្ចិកាគណនេយ្យ កំណត់ត្រា ឯកសារ របាយការណ៍ ឬព័ត៌មានផ្សេងៗ
១២. ការចេញវិក្កយបត្រក្លែងបន្លំ
១៣. ការមិនអនុញ្ញាតឱ្យរដ្ឋបាលសារពើពន្ធចូលគ្រឹះស្ថានអាជីវកម្មដើម្បីកំណត់និងប្រមូលពន្ធ។
គួរបញ្ជាក់ផងដែរថា បុគ្គលដែលបានប្រព្រឹត្តអំពើរាំងស្ទះដល់ការអនុវត្តបទប្បញ្ញត្តិស្តីពីពន្ធដារទាំង ១៣ ចំណុចខាងលើ នឹងត្រូវទទួលការផាកពិន័យជាប្រាក់ពី ៥ ០០០ ០០០ (ប្រាំលាន)រៀល ដល់ ១០ ០០០ ០០០(ដប់លាន)រៀល តាមមាត្រា២៣៥ នៃច្បាប់ស្តីពីសារពើពន្ធ ដោយមិនទាន់គិតពីទោសព្រហ្មទណ្ឌផ្សេងទៀត៕