«លោភលន់នាំទៅរកភាពលិចលង់» គិតមុនគូរ ព្រោះអំបិលនិងស្ករពណ៌វាដូចគ្នា។ រយៈពេលចុងក្រោយនេះ ការឆបោក បានក្លាយជាប្រធានបទមួយដ៏ក្តៅគគុកគេលើកមកនិយាយជាញឹកញាប់។ ប៉ុន្តែរាល់ការបោកប្រាស់ទាំងអស់វាពុំមែនជាកំហុសរបស់ជនរងគ្រោះទាំងស្រុងទេ វាក៏បណ្ដាលមកពីភាពឆ្លាតវៃរបស់ជនឱកាសនិយមផងដែរ។ ខាងក្រោមនេះគឺជាក្បួនបោកដ៏ល្បីល្បាញទាំង១២ កំពុងពេញនិយមខ្លាំងនៅកម្ពុជា និងពិភពលោក៖
១/. វេរលុយដើម្បីប្ដូរនឹងអីវ៉ាន់ពីក្រៅប្រទេស
អ្នកប្រហែលជាធ្លាប់ឃើញ ទាក់ទងនឹងការក្លែងខ្លួនជាជនបរទេស ដែលសុខៗឆាតមកកាន់អ្នកតាមបណ្ដាញសង្គមហ្វេសប៊ុក តេឡេក្រាម ឬបណ្ដាញសង្គមផ្សេងៗទៀតដោយបង្ហាញពីចេតនាផ្សេងៗរបស់ខ្លួន ហើយក៏ប្រាប់ថាមានអីវ៉ាន់ផ្ញើមកឱ្យអ្នក ប៉ុន្តែមានលក្ខខណ្ឌមួយគឺតម្រូវឱ្យអ្នកបង់ថ្លៃសេវាកម្មបញ្ញើជាដើម។ នេះគឺជាទម្រង់នៃការបោកដ៏ពេញនិយមមួយ ហើយមកទល់នឹងពេលនេះក៏នៅមានបុគ្គលមួយចំនួននៅបន្តចាញ់បោកល្បិចមួយនេះផងដែរ។
២/. ធនាគារអនឡាញ
ក្បួនបោកមួយនេះគឺ មានជនខិលខូចមួយចំនួន បានបង្កើតផេក (Facebook Page) និង Telegram ដោយដាក់ឈ្មោះស្រដៀងនឹងធនាគារ ឬភ្នាក់ងារឥណទានជាដើម រួចហើយបានប្រើប្រាស់អាសយដ្ឋានធនាគារដើម្បីទាញទំនុកចិត្តអតិថិជន។ ជនខិលខូចទាំងនោះ បានបន្លំឈ្មោះធនាគារ ឬភ្នាក់ងារឥណទានណាមួយ ដើម្បីបោកបញ្ឆោតសាធារណជន និងឱ្យអតិថិជនបង់ប្រាក់ជាមុនដើម្បីស្នើសុំឥណទាននៅខាងធនាគារ។ ក្បួនបោកមួយនេះគេឃើញច្រើនប្រើបានផលទៅលើ វិនិយោគិនដែលកំពុងត្រូវការដើមទុន។
៣/. ដាក់លុយបានលុយ ធានាផលចំណេញច្រើន
នេះជាក្បួនបោកដ៏ពេញនិយមដែលគេតែងតែប្រើ គឺគេដើរបបួលមហាជនមកចូលរួមវិនិយោគ ដោយគ្រាន់តែដាក់លុយក្នុងចំនួនណាមួយ ហើយគាត់នឹងទទួលបានផលចំណេញក្នុងកម្រិតណាមួយដូចជា ១០% ២០% ៣០% ឬច្រើនជាងនេះក៏មាន។ គេតែងបបួលវិនិយោគលើវិស័យនេះ វិស័យនោះ ហើយចុងក្រោយជាការបោកប្រាស់។ ត្រូវចាំថាការរកស៊ីដែលគេបបួលថា ចំណេញច្រើន ធានាមិនបាត់ទុន ឬក្លាយជាអ្នកមានឆាប់ គឺភាគច្រើនជាការបោកប្រាស់តែប៉ុណ្ណោះ។
៤/. បោកប្រាស់តាមទូរស័ព្ទ
ក្បាច់បោកបញ្ឆោតតាមប្រព័ន្ធទូរស័ព្ទនៅស្រុកយើងឧស្សាហ៍ជួបប្រទះណាស់ ដោយជនខិលខូចតេទាក់ទងកុហក ឬឆបោកក្រុមគ្រួសារជួបគ្រោះថ្នាក់ធ្ងន់ធ្ងរត្រូវការលុយជាបន្ទាន់ជាដើម។ យ៉ាងណា ការបោករបៀបនេះមិនមែនមានតែនៅស្រុកខ្មែរឡើយ ដោយនៅខាងសហរដ្ឋអាមេរិកឯណោះវិញ ប្រជាជនខាតបង់អស់ប្រមាណជិត ៣០ ពាន់លានដុល្លារឯណោះ យោងតាមទិន្នន័យត្រឹមឆ្នាំ២០២០ ដែលអាចនិយាយបានថា ស្ទើរតែ ១/៣ នៃប្រជាជនអាមេរិកលង់ខ្លួននឹងការបោកប្រាស់មួយនេះ។
៥/. Hack តាមលេខទូរស័ព្ទ
កន្លងមកមានករណីលេខចម្លែកពីបរទេសជាច្រើន ខណៈលេខទូរស័ព្ទខ្លះត្រូវគេហៅចូលដើម្បីចូល Hack តាមរយៈ Callback Scam ទៅកាន់ជនសង្ស័យ ដែលលេខរបស់ពួកគេអាចប្រើប្រាស់ International Premium Rate Number (IPRN) និងមានព័ត៌មានគ្មានប្រភពច្បាស់លាស់ដែលនិយាយថានឹងបាត់បង់លុយពីធនាគារប្រសិនមានការទទួល ឬតេទៅវិញ។ ក្នុងនោះនាយកដ្ឋានព័ត៌មានវិទ្យា ក្រសួងមហាផ្ទៃ បានឱ្យដឹងថា ហេតុការណ៍នេះបានកើតមានច្រើនដងនិងច្រើនឆ្នាំមកហើយ ស្របពេលបច្ចុប្បន្ននេះ នៅតែបន្តមានផងដែរ តែពុំមានបញ្ហាបាត់បង់ថវិកាពីធនាគារ ឬទិន្នន័យអ្វីមួយពីទូរស័ព្ទរបស់នណាម្នាក់ទេ តែមានការបាត់ថវិកាក្នុងលេខទូរស័ព្ទពីរករណី ដូចខាងក្រោម៖
១. ប្រសិនលោកអ្នកចុចទទួលនោះ ភាគីជនអនាមិកនោះនឹងត្រូវចំណាយថវិកាហៅចេញក្រៅប្រទេស
២. ប្រសិនលោកអ្នកជាអ្នកតេត្រលប់វិញទៅកាន់លេខទូរស័ព្ទជនអនាមិកនោះ ប្រាកដណាស់លោកអ្នកនឹងត្រូវបាត់បង់ថវិកាផ្ទុកក្នុងគណនីសេវាទូរស័ព្ទអ្នកសម្រាប់ការហៅទៅក្រៅប្រទេស។
៦/. ការបោកប្រាស់តាមអ៊ីនធឺណេត
បច្ចុប្បន្នសង្គមយើងកំពុងស្ថិតនៅក្នុង World Wide Wed ដែលជាសកលលោកឌីជីថលសម្បូរទៅដោយ ព័ត៌មាន ប្រកបជាមួយនឹងបច្ចេកវិទ្យាទំនើប។ ទន្ទឹមនឹងនោះពួកជនឆបោក ក៏បានឆ្លៀតឱកាសនេះ ទាញយកផលប្រយោជន៍ តាមរយៈការបោកប្រាស់នៅក្នុងអ៊ីនធឺណេត។ ពួកគេភាគច្រើនបានបង្កើតជាគ្រុប វិនិយោគ ដែលនិយាយអំពីផលប្រយោជន៍នៃការវិនិយោគរបស់ពួកគេ ដើម្បីទាក់ទាញមនុស្សផ្សេងទៀតឱ្យដាក់លុយជាមួយ។
៧/. ឈ្នះរង្វាន់ពីក្រុមហ៊ុនណាមួយ
នេះក៏ជាល្បិចដ៏ពេញនិយមដែរ គឺមានជនខិលខូចខលមកប្រាប់ថា លេខទូរស័ព្ទរបស់អ្នកត្រូវរង្វាន់ជាសាច់ប្រាក់ ម៉ូតូ ឡាន ទូរស័ព្ទជាដើម ទាំងអ្នកមិនធ្លាប់បានផ្សងសំណាង ឬជាប់ពាក់ព័ន្ធអ្វីសោះជាមួយក្រុមហ៊ុនទាំងនោះ។ ប៉ុន្តែតម្រូវឱ្យអ្នកត្រូវបង់ថ្លៃសេវាក្នុងចំនួនណាមួយរួចហើយ អ្នកក៏មិនទទួលបានរង្វាន់ដូចអ្វីដែលគេបានសន្យា ហើយក៏មិនអាចទំនាក់ទំនងលេខនោះតទៅទៀតដែរ។
៨/. សិក្ខាសាលាវិនិយោគ
ក្បួនបោកមួយប្រភេទនេះវាមិនជាទូទៅឡើយ គឺអាចមានជនខិលខូចមួយចំនួនតូចដែលឆ្លៀតឱកាសបង្កើតវាឡើងមក។ គេអាចនឹងនិយាយថា ចូលរួមជាមួយគេ អ្នកដាក់តែលុយទៅ គេច្បាស់ជាឱ្យលុយចំណេញគុណនឹង ២ ឬ៣ នៅក្នុងរយៈពេលកំណត់ណាមួយ។ អ្នកអាចនឹងជឿ ហើយគិតថាមិនងាយរកបានទេ មិនហត់អីផងបានលុយចំណេញដែរ ប៉ុន្តែអ្នកភ្លេចគិតទៅហើយថា "ម្ចាស់អណ្ដូងមាសឯណា សុខចិត្តឱ្យយើងទៅជីកមាសក្នុងអណ្ដូងគេ"។ អាស្រ័យហេតុនេះសូមបង្កើនការប្រុងប្រយ័ត្នឱ្យបានមែនទែន សូមសិក្សាពីកម្មវិធី ក៏ដូចជាបុគ្គលដែលបង្កើតសិក្ខាសាលាឱ្យច្បាស់សិន មុននឹងសម្រេចចិត្តបង់លុយរៀន ដើម្បីបង្ការការខាតបង់លុយកាក់។
៩/. Ponzi Scheme
តាមពិតទៅល្បិចបោកលុយពីអ្នកវិនិយោគមួយនេះ មានតាំងពីឆ្នាំ១៨៦៩មកម្ល៉េះ តែចាប់ផ្ដើមល្បីខ្លាំងក្នុងទសវត្សរ៍ឆ្នាំ១៩២០ លោក Ponzi បានធ្វើការសន្យាចំពោះអ្នកបណ្តាក់ទុនថា នឹងផ្តល់ការប្រាក់ ៥០% ឱ្យត្រឡប់មកវិញក្នុងរយៈពេល៩០ថ្ងៃ។ អ្នកដែលប្រើវិធីសាស្រ្ត Ponzi នេះ ពួកគេនឹងធ្វើការសន្យាចំពោះអតិថិជនថ្មីៗរបស់ពួកគេថា នឹងផ្តល់ប្រាក់ចំណេញដ៏ខ្ពស់មួយជាមួយហានិភ័យដ៏តិចតួចបំផុត។ ជាទូទៅ ក្រុមហ៊ុនដែលធ្វើប្រតិបត្តិការដោយប្រើវិធីសាស្រ្ត Ponzi នេះ ពួកគេផ្តោតជាសំខាន់ទៅលើការទាក់ទាញអតិថិជនថ្មីៗឲ្យធ្វើការវិនិយោគ។
១០/. លេងតុងទីនជាមួយមេមិនស្មោះត្រង់
ការលេងតុងទីន មិនមែនសុទ្ធតែអាក្រក់នោះទេ ព្រោះមានមេ និងកូនមួយចំនួន ពិតជាមានភាពស្មោះត្រង់ជាមួយគ្នា និងអាចលេងជាមួយគ្នាបានយូរអង្វែងផងដែរ។ ប៉ុន្តែតុងទីននេះដដែល ក៏ធ្លាប់បានបោកមនុស្សមិនតិចដែរនៅកម្ពុជា តាមរយៈមេតុងទីនគ្មានភាពស្មោះត្រង់ប្រមូលលុយកូនតុងទីនរាប់ម៉ឺន រាប់សែន រាប់លានដុល្លារ រត់គេចខ្លួនបាត់ស្រមោលបាត់។ ប្រសិនបើអ្នកពិតជាចង់លេងតុងទីនដើម្បីសន្សំ ឬបង្វិលលុយពិតមែន អ្នកត្រូវតែមានសមត្ថភាពពូកែមើលចរិតមនុស្ស និងត្រូវមានកិច្ចសន្យា ឬទ្រព្យបញ្ចាំច្បាស់លាស់ជាមួយគ្នា ក៏ជារឿងល្អ ដើម្បីធានាថាការលេងតុងទីនរបស់អ្នកមានសុវត្ថិភាពខ្ពស់ មិនប្រឈមនឹងការបោកប្រាស់។
១១/. តើការវិនិយោគក្នុងវិស័យ Forex បោកប្រាស់មែនទេ?
វិស័យ Forex គឺពុំមែនជាវិស័យបោកប្រាស់នោះទេ វាជាវិស័យដែលអាចឱ្យមនុស្សអាចស្វែងរកប្រាក់ចំណូលបានពិតមែន គ្រាន់តែវាទាមទារឱ្យបុគ្គលនោះមានជំនាញខ្ពស់ និងចេះគ្រប់គ្រងអារម្មណ៍ខ្លួនឯងបានល្អបំផុត ប្រសិនបើគាត់សម្រេចចិត្តវិនិយោគដោយធ្វើការជួញដូរដោយខ្លួនឯង។ បើតាមការបញ្ជាក់ពីប្រភពជាច្រើនបានបង្ហាញថា មានតែមនុស្សប្រមាណជា ១០%ប៉ុននោះ ដែលអាចទាញចំណូលបានពីវិស័យមួយនេះ។
បើទោះបីជាវិស័យ Forex ជាវិស័យជួញដូររកប្រាក់ចំណេញបានពិតប្រាកដមែនក៏ដោយ ប៉ុន្តែក៏មានក្រុមហ៊ុនមិនស្របច្បាប់ និងជនខិលខូចដែលមិនមានជំនាញច្បាស់លាស់បានដើរគៀងគរទុនពីមហាជន ដោយសន្យាថាផ្ដល់ប្រាក់ចំណេញក្នុងបរិមាណណាមួយ។ ជាលទ្ធផលជាក់ស្ដែងដោយសារតែក្រុមហ៊ុនមិនស្របច្បាប់ និងជនខិលខូចដែលមិនមានជំនាញបានយកទុនរបស់មហាជនទៅចាត់ចែងមិនត្រឹមត្រូវរហូតធ្វើឱ្យមានការបាត់បង់ដើមទុនទាំងនោះក្នុងរូបភាពផ្សេងៗជាដើម។ ជាថ្មីម្តងទៀត វិស័យ Forex គឺមិនមែនជាវិស័យបោកប្រាស់នោះទេ ប៉ុន្តែក្រុមហ៊ុនមិនស្របច្បាប់ និងជនខិលខូចដែលមិនមានជំនាញបានប្រើ Forex ដើម្បីបោកប្រាស់លុយកាក់ទ្រព្យសម្បត្តិរបស់មហាជន។
១២/. ក្បួនបោកដីឡូតិ៍ដ៏សាហាវ
ក្បួនបោកព្រឺរោមមួយនេះ ឧកញ៉ាបណ្ឌិត ម៉ុង ឫទ្ធី បានពោលថាជាអំពើបោកដ៏សាហាវគឺ ដីតម្លៃមួយលានដុល្លារ អ្នកពុះដីឡូតិ៍បានទៅទិញពីម្ចាស់ទីមួយ ក៏ប៉ុន្តែបង់តែ៣០ម៉ឺនដុល្លារទេ ហើយ៧០ម៉ឺនដុល្លារទៀតនៅពេលដែលគេផ្ទេរកម្មសិទ្ធដែលបានបង់។ លុះប្រជាជនដែលជាអ្នកទីបីពុំបានដឹង ឃើញគេពុះលក់ក៏ទៅទិញ ប៉ុន្តែកម្មសិទ្ធគឺនៅម្ចាស់ដើមដដែល ចំណែកលុយនៅសេសសល់៧០ម៉ឺនទៀត ម្ចាស់ដីទីពីរ(អ្នកពុះដីឡូតិ៍)អត់បង់ទៅឲ្យម្ចាស់ទីមួយ អីចឹងម្ចាស់ដើមអត់ផ្ទេរកម្មសិទ្ធឲ្យ ហើយអ្នករងគ្រោះគឺអ្នកទីបី ជាអ្នកទិញដីឡូតិ៍។ ឧកញ៉ាបណ្ឌិត ម៉ុង ឫទ្ធី បានបន្ថែមថា៖ «បើយើងបង់លុយហើយបានដីឡូតិ៍វាមិនជាបញ្ហាអី្វទេ តែកុនត្រង់ថាម្ចាស់ដីឡូតិ៍ហ្នឹងគឺអត់ឲ្យលុយទៅម្ចាស់ទីមួយគ្រប់ ម្លោះហើយជនរងគ្រោះជាអ្នកទីបីដែលត្រូវដោះស្រាយហើយខាតបង់លុយ»។ ដូច្នេះបងប្អូនត្រូវប្រុងប្រយ័ត្នឲ្យមែនទែនគម្រោងដីឡូតិ៍ដែលទិញពីគេ ហើយមិនទាន់បង់លុយដាច់ឲ្យម្ចាស់ដើម ព្រោះថាអាចនឹងមានបញ្ហា។
សូមជម្រាបផងដែរថា មូលហេតុសំខាន់ៗ ដែលនាំឱ្យមនុស្សត្រូវចាញ់បោកគេ មានតែ៣ប៉ុណ្ណោះគឺ លោភលន់ ខ្វះចំណេះដឹង ចង់មានងាយពេក។ ប្រសិនបើលោកអ្នកអាចលុបបំបាត់កំហុសទាំង៣នេះ លោកអ្នកនឹងអាចចៀសផុតពីការចាញ់បោកគេ៕
អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) ម្ចាស់ស្នាដៃសៀវភៅ «ច្រវាក់ប្រាក់ខែ»
ចែករំលែកគំនិត ឬផ្សព្វផ្សាយអាជីវកម្មអ្នកទីនេះ សូមទំនាក់ទំនង ០៩៦ ៤៩៩ ៧៣ ៦៦