គោលដៅយកប្រាក់ខែ១ពាន់$! ជំហានធំ៣នេះជួយឱ្យអ្នកអាចស្គាល់ប្រាក់ខែ១ពាន់ដុល្លារលឿនបំផុត
ឡុង វឌ្ឍនៈFEBRUARY 14 20233.9 K views

តើអ្នកធ្លាប់ស្រមៃចង់បានប្រាក់ខែ ឬចំណូល១ពាន់ដុល្លារក្នុងមួយខែដែរឬទេ? ចម្លើយរបស់មនុស្សភាគច្រើនគឺចង់បាន និងខ្លះទៀតថា មិនអាចទៅរួចនោះទេ ព្រោះខ្ញុំគ្មានសមត្ថភាពជាដើម។

ប្រសិនបើអ្នកជ្រើសរើសចម្លើយទី១ គឺមានន័យថាអ្នកមានឱកាសស្គាល់រសជាតិប្រាក់ខែ១ពាន់ដុល្លារ។ ផ្ទុយទៅវិញបើសិនជាអ្នកជ្រើសរើសចម្លើយទី២ នោះមានន័យថាអ្នកគ្មានថ្ងៃស្គាល់ប្រាក់ខែ១ពាន់ដុល្លារនោះទេ ព្រោះខួរក្បាលរបស់អ្នក បានកំណត់ព្រំដែននៃភាពរីកចម្រើនរបស់អ្នកទៅហើយ។

ខាងក្រោមនេះគឺជាជំហានធំៗ៣ អាចជួយឱ្យអ្នកអាចសម្រេចគោលដៅយកប្រាក់ខែ ១ពាន់ដុល្លារបាន បើសិនជាអ្នកយកទៅអនុវត្តឱ្យបានខ្ជាប់ខ្ជួនបំផុត។

១. ហេតុផលមកមុនលទ្ធផលមកតាមក្រោយ

មនុស្សភាគច្រើនមិនអាចសម្រេចគោលដៅប្រាក់ខែ ១ពាន់ដុល្លារបាន ដោយសារតែគាត់ខ្វះហេតុផលសម្រាប់ខ្លួនឯងក៏ថាបាន។ ពេលខ្លះគាត់មិនដឹងថា ហេតុអ្វីបានជាគាត់ចាំបាច់ត្រូវបង្កើនប្រាក់ខែឱ្យបាន១ពាន់ដុល្លារក្នុង១ខែ។ បើសិនជាអ្នកមានហេតុផលដើម្បីទទួលបានប្រាក់ខែ១ពាន់ដុល្លារ វានឹងក្លាយជាកម្លាំងឱ្យអ្នកដឹងផ្លូវដើម្បីបានវា។ ឧទាហរណ៍ អ្នកអាចរកហេតុផលឱ្យខ្លួនឯងថា ខ្ញុំចាំបាច់ត្រូវរកលុយឱ្យបាន១ខែ ១ពាន់ដុល្លារ ព្រោះខ្ញុំត្រូវទិញកុំព្យូទ័រថ្មី ឬទិញឡាន ទិញផ្ទះ ឬសន្សំដណ្ដឹងប្រពន្ធ…លទ្ធផលចុងក្រោយ អ្នកនឹងដាស់យក្សក្នុងខ្លួនឱ្យខំគិត ខំរកផ្លូវ ដើម្បីឱ្យអ្នកអាចសម្រេចគោលដៅនេះបាន។ តើអ្វីជាហេតុផលរបស់អ្នកចាំបាច់ត្រូវរកចំណូល ឬប្រាក់ខែឱ្យបាន១ពាន់ដុល្លារ?  

២. បូកដកគុណចែកផ្លូវ១ពាន់ដុល្លារ

បើសិនជាអ្នកចង់បានប្រាក់ខែ ឬចំណូល១ពាន់ដុល្លារ ប៉ុន្តែអ្នកបន្តគិត ឬធ្វើសកម្មភាពដូចបុគ្គលិកដែលបានប្រាក់ខែ ២៥០ដុល្លារ នោះមានន័យថា អ្នកនឹងទទួលបានលទ្ធផលប្រហាក់ប្រហែលពួកគាត់ជាក់ជាមិនខាន។ មិនមែនជាការសើចចម្អក ឬមើលងាយនោះទេ ប៉ុន្តែអ្នកចាំបាច់ត្រូវប្ដូរការគិត រៀបធ្វើការ តាមស្ដង់ដារបុគ្គលិកប្រាក់ខែ១ពាន់ដុល្លារ បើសិនជាអ្នកចង់ទទួលបានប្រាក់ខែ១ពាន់ដុល្លារ។

មួយវិញទៀត តើអ្នកធ្លាប់គិតទេថា មុខដំណែងដែលអ្នកកំពុងធ្វើនេះ អាចមានឱកាសទទួលបានប្រាក់ខែ១ពាន់ដុល្លារ? បើសិនជាចម្លើយគឺ ទេ មានន័យថាអ្នកដើរផ្លូវខុសហើយ ដូច្នេះគួរប្ដូរការងារ ប្ដូរមុខតំណែង តួនាទី ឬធ្វើសកម្មភាពថ្មី។

អ្វីដែលរឹតតែពិសេស តើអ្នកធ្លាប់អង្គុយបូកដកគុណចែកផ្លូវដើម្បីទទួលបានប្រាក់ខែ១ពាន់ដុល្លារដែរទេ? បើសិនជាប្រាក់ខែគោលអ្នក៣០០ដុល្លារ អ្នកសាកគិតមើលច្រកសំខាន់ៗអ្វីខ្លះដែលជួយឱ្យអ្នកអាចបាន ១០០ដុល្លារថែម ២០០ដុល្លារថែម ៥០០ដុល្លារថែម ឬ៨០០ដុល្លារថែម។ ការងារខ្លះបានប្រាក់ខែគោលសមរម្យ ប៉ុន្តែអាចមានឱកាសរកចំណូលបន្ថែមតាមសមត្ថភាព និងការខំប្រឹងប្រែងផងដែរ។ បើអ្នកចេះគណនាផ្លូវដែលអាចបង្កើនចំណូលបន្ថែមក្រៅពីប្រាក់ខែគោល នោះគោលដៅ ១ពាន់ដុល្លារ មិនមែនជារឿងមិនអាចទៅរួចនោះទេ។

៣. ធ្វើរឿងដែលអ្នកធ្លាប់ដឹងឱ្យចេញលទ្ធផល

មនុស្សច្រើនណាស់ដែលដឹងថា ដើម្បីបានប្រាក់ខែច្រើនខ្ទង់ពាន់ដុល្លារ ចាំបាច់ត្រូវខំប្រឹងឱ្យឡើងតំណែងខ្ពស់ ប៉ុន្តែមនុស្សភាគច្រើនគ្រាន់តែដឹង តែមិនយកអ្វីដែលខ្លួនដឹងនោះទៅធ្វើឱ្យចេញជាលទ្ធផលនោះទេ។ អាស្រ័យហេតុនេះ បើសិនជាអ្នកចង់បានប្រាក់ខែ១ពាន់ដុល្លារ គឺអ្នកត្រូវខំប្រឹងធ្វើការរហូតឡើងតំណែងដែលទទួលបានប្រាក់ខែ១ពាន់ដុល្លារ។ និយាយស្រួលមែន ប៉ុន្តែតើធ្វើដោយរបៀបណា? សាកល្បងធ្វើរឿងធំ៥យ៉ាងនេះ៖

  • កសាងជំនាញដឹកនាំក្នុងខ្លួន
  • ខំធ្វើការសម្រេចគោលដៅមេដាក់ឱ្យ ឬធ្វើឱ្យលើសអ្វីដែលមេរំពឹង
  • រកឱកាសបង្ហាញសមត្ថភាពរបស់អ្នកឱ្យថ្នាក់លើឃើញ
  • ក្លាហានសាកល្បងដោះស្រាយបញ្ហា និងកសាងតម្លៃខ្លួនឯង
  • ស្វែងយល់ឱ្យច្បាស់ពីរចនាសម្ព័ន្ធរបស់ស្ថាប័ន និងស្វែងរកឱ្យឃើញពីផែនការយុទ្ធសាស្ត្ររបស់ស្ថាប័ន…។

ជារួមមកវិញ បើអ្នកចង់បានប្រាក់ខែ១ពាន់ដុល្លារ អ្នកត្រូវជឿជាក់លើខ្លួនឯងឱ្យបាន១២០%ឡើងថាអ្នកពិតជាអាចទទួលវាបាន។ បន្ទាប់មក អ្នកត្រូវខំយកជំហានទាំង៣ធំៗខាងលើទៅអនុវត្តឱ្យបានខ្ជាប់ខ្ជួន នោះអ្នកពិតជាអាចទទួលបានប្រាក់ខែ១ពាន់ដុល្លារ ដូចអ្វីដែលអ្នកប្រាថ្នាពិតប្រាកដមែន៕  រៀនគំនិតរកស៊ីល្អៗ និង គន្លឹះដឹកនាំជីវិត សូមចូលក្នុងគ្រុបពិសេសខ្ញុំទីនេះ ( https://t.me/LongVathanak777 )  

ឡុង វឌ្ឍនៈ
ក្រោយចំណាយពេលជាង ០៤ឆ្នាំ សម្ភាសន៍អ្នកជំនួញតូចធំរាប់រយនាក់ និងធ្លាប់បានសរសេរលើសពី ១០០០អត្ថបទ ទាក់ទងនឹងផ្នែកដឹកនាំ ខ្ញុំនៅតែស្រលាញ់ចូលចិត្តជំនាញដឹកនាំ និងរកឃើញរឿងគួរឱ្យចាប់អារម្មណ៍កាន់តែច្រើនឡើងក្នុងផ្នែកនេះ។ ក្ដីស្រមៃធំមួយរបស់ខ្ញុំ គឺចង់ជួយដល់ម្ចាស់អាជីវកម្មតូចធំនៅកម្ពុជា អាចទទួលជោគជ័យទាំងក្នុងការដឹកនាំអាជីវកម្មផង និងកសាងសុភមង្គលក្នុងគ្រួសារជាទីស្រលាញ់របស់ពួកគាត់ប្រកបដោយតុល្យភាព។ ប្រសិនបើអ្នក ចង់ចែករំលែកគំនិតល្អៗ ឬចង់ផ្សព្វផ្សាយ រុញអាជីវកម្មអ្នកឱ្យគេស្គាល់កាន់តែច្រើន កុំខ្លាចក្នុងការជជែក ឬទំនាក់ទំនងជាមួយខ្ញុំ។ Telegram: 096 351 7713។ តាមដានគំនិតល្អៗជាច្រើនទៀតពីខ្ញុំតាមឆាណែលតេឡេក្រាម @LongVathanakOfficial ឬ Fb Page: Long Vathanak - ឡុង វឌ្ឍនៈ

អត្ថបទសរុប៖ 558

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia