បណ្ដាញសង្គម ជាថ្នាំប៉ូវបើអ្នកប្រើត្រូវផ្លូវ តែបើប្រើខុសវានឹងក្លាយជាថ្នាំពុល។ ជាក់ស្តែងយោងតាមការសិក្សាចិត្តសាស្ត្ររបស់ Hack Spirit បានបង្ហាញរឿងធំៗទាំង ១០ ដែលអ្នកមិនគួរបង្ហោះលើបណ្តាញសង្គមញឹកឡើយ បើមិនចង់នាំទុក្ខធំដាក់ខ្លួន៖
១/. បញ្ចេញយោបល់ខុសទំនង៖ នៅលើបណ្ដាញសង្គម មានបញ្ហាកើតឡើងមិនលស់ថ្ងៃនោះទេ។ ប្រសិនបើលោកអ្នកបញ្ចេញយោបល់ទៅលើទំនាស់ណាមួយដែលកំពុងល្បី (Trend) ដោយមិនបានពិចារណាឱ្យបានគ្រប់ជ្រុងជ្រោយ ឬគ្មានការវិភាគឱ្យបានល្អិតល្អន់ ឬប្រើអារម្មណ៍ផ្ទាល់ខ្លួន វាអាចនឹងក្លាយទៅជាភាពលម្អៀង លោកអ្នកអាចនឹងត្រូវគេវាយប្រហារ។ សូមដឹងថាមនុស្សទូទៅអាចនឹងឆ្លើយតបដោយអារម្មណ៍ ជាជាងប្រតិកម្មដោយហេតុផល។
២/. ផុសដៀមដាមអ្នកដទៃ៖ ការនិយាយបញ្ឆិតបញ្ឆៀងអំពីនរណាម្នាក់ដោយមិនបង្ហាញឈ្មោះចំៗ វាអាចធ្វើឱ្យប៉ះពាល់ដល់មនុស្សដទៃដេលស្គាល់អ្នក ធ្វើឱ្យមានការសង្ស័យ និងបែកបាក់មិត្តភាព។
៣/. ព័ត៌មានមិនពិត៖ ការបង្ហោះ ឬចែករំលែកបន្តនូវព័ត៌មានមិនពិត ជាតង្វើមិនគប្បីមួយប្រភេទ ដែលមិនគួរមាននៅក្នុងបណ្ដាញសង្គមឡើយ វាអាចបង្កទៅជាវិវាទ ការយល់ខុស រឿងនោះនឹងកាន់តែរាលដាលទៅជាធ្ងន់ធ្ងរបើសិនជាពាក់ព័ន្ធដល់បុគ្គល ឬស្ថាប័នដែលមានសិទ្ធិអំណាច។ ការចែករំលែកនូវព័ត៌មានក្លែងក្លាយអាចធ្វើឱ្យអ្នកជាប់ទោស។
៤/. ព័ត៌មានហិរញ្ញវត្ថុលម្អិត៖ ការចែករំលែកនូវព័ត៌មានទាក់ទងនិងលុយកាក់ ប្រភពចំណូល មិនមែនជារឿងល្អហើយ យើងមិនដឹងទេថាមនុស្សនៅក្នុងបណ្ដាញសង្គម និងអ្នកជុំវិញខ្លួនយើង មានអ្នកណាខ្លះដែលមានបំណងមិនល្អមកលើយើងឡើយ។
៥/. ព័ត៌មានសម្ងាត់៖ ដូចជាព័ត៌មាននៅកន្លែងធ្វើការ ការសម្ងាត់ដែលដឹងតពីគេ រាប់ចាប់តាំងពីបុគ្គល ស្ថាប័នឯកជន ឬស្ថាប័នរដ្ឋ ប្រសិនបើអ្នកធ្វើឱ្យបែកធ្លាយ ឬបង្ហោះជាសាធារណៈនៅលើបណ្ដាញសង្គម អ្នកនឹងមានទោស។
៦. ទីតាំងផ្ទាល់ខ្លួនក្នុងពេលវេលាពិត៖ ការ Check-in ឬដាក់បង្ហាញទីតាំងផ្សេងៗដែលអ្នកកំពុងនៅឆ្ងាយពីផ្ទះ ដោយអ្នកកំពុងនៅទីនោះនៅឡើយ វាអាចបង្កគ្រោះថ្នាក់។ កន្លងមកក៏ធ្លាប់មានករណី Influencers បរទេសមួយចំនួនដែលគាត់ដើរលេងនៅក្រៅស្រុកហើយថត Check in បន្ទាប់មកត្រូវជនខិលខូចតាមទៅធ្វើបាប។
៧/. និយាយរៀបរាប់ពីខ្លួនឯងច្រើន៖ ការបង្ហោះដោយភ្ជាប់ជាមួយនឹងពាក្យពេចន៍រៀបរាប់ពីគុណសម្បត្តិរបស់ខ្លួនឯង ដោយមានការប្រៀបធៀបនឹងអ្នកដទៃ ដើម្បីឱ្យគេសរសើរថាយើងជាមនុស្សល្អ វាមិនមែនជារឿងដែលគួរធ្វើឡើយ។ មនុស្សល្អពិតគេមិនដែលនិយាយលើកខ្លួនឯងឡើយ ការបង្ហាញនូវកិរិយាបែបនេះជាពិសេសលើបណ្ដាសង្គម អាចធ្វើឱ្យមនុស្សជុំវិញខ្លួន ឬបើចៃដន្យថ្នាក់លើ ឬដៃគូអាជីវកម្មឃើញ គេអាចនឹងបាត់បង់ទំនុកចិត្តលើអ្នក។
៨/. រូបថត ឬវីដេអូផ្ទាល់ខ្លួនមិនសមរម្យ៖ វេទិកាបណ្ដាញសង្គម មិនមែនជាកន្លែងដែលអ្នកត្រូវបង្ហាញរូបភាព វីដេអូ ឬពាក្យសម្ដីមិនសមរម្យនោះឡើយ។
៩/. ភាពអវិជ្ជមានខ្លាំងពេក៖ ការបញ្ចេញនូវគំនិតអវិជ្ជមាន អាចជះឥទ្ធិពលមិនល្អដល់អ្នកដែលបានឃើញ ជាពិសេសគឺចំពោះអ្នកខ្លួនអ្នកផ្ទាល់។ ជាធម្មតាបើយើងមើលតែព័ត៌មានអវិជ្ជមាន វាស្រូបទាញឱ្យផ្លូវចិត្តយើងក៏អវិជ្ជមានតាមហ្នឹង ហើយយើងក៏បញ្ចេញនូវគំនិតអវិជ្ជមានទាំងនះចូលទៅក្នុង បណ្ដាញសង្គមរបស់យើងថែមទៀត វាប្រៀបដូចជាការចែកចាយរឿងមិនល្អទៅកាន់អ្នកដទៃថែមដែរ។
១០/. ដ្រាម៉ាបង្ហាញអារម្មណ៍៖ ប្រសិនបើអ្នកកំពុងជួបបញ្ហា មិនថាបញ្ហាផ្ទាល់ខ្លួន បញ្ហាគ្រួសារ ការងារ ឬការរកស៊ីជាដើម ហើយបង្ហោះរឿងទាំងអស់នោះចូលទៅក្នុងបណ្ដាញសង្គម ដើម្បីស្វែងរកដំណោះស្រាយ។ វាមិនត្រឹមតែមិនបានដំណោះស្រាយប៉ុណ្ណោះទេ ផ្ទុយទៅវិញគឺធ្វើឱ្យបញ្ហាកាន់តែរីកធំឡើង ព្រោះមនុស្សនឹងធ្វើការវែកញែក ហើយបុគ្គលដែលអ្នកកំពុងមានបញ្ហាជាមួយពួកគេអាចនឹងមិនសប្បាយចិត្ត ឬបាក់មុខ ធ្វើឱ្យទំនាស់កាន់តែរីកធំឡើង៕
អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) ម្ចាស់ស្នាដៃសៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។

បញ្ជាទិញតាម https://t.me/BusinessCambodiaBook


