ការងារពេញម៉ោងគឺជាច្រកបង្កើតប្រភពចំណូលដ៏ធំមួយ សម្រាប់មនុស្សស្ទើរ៩០%លើលោក ក្នុងការទ្រទ្រង់ជីវិតរស់នៅប្រចាំថ្ងៃ ហើយកម្រិតនៃប្រាក់ខែអាស្រ័យទៅតាមប្រភេទការងារនិងទីកន្លែងនីមួយៗ។ ដោយឡែកចំពោះស្រុកខ្មែរយើងវិញ យោងតាមការសិក្សារបស់ Salary Eplorer ក្នុងឆ្នាំ២០២៣នេះ មានការងារកំពូលៗ១០ ទទួលបានប្រាក់ខែខ្ពស់បំផុត និងអាចរកក្រៅបានថែមទៀត៖
១/. គ្រូពេទ្យវះកាត់ / វេជ្ជបណ្ឌិត
ប្រាក់ខែចន្លោះពី ៥,៦៧០,០០០រៀល ដល់ ១៩,៦០០,០០០រៀល។ គ្រូពេទ្យវះកាត់ស្ថិតនៅលើបញ្ជីនៃអាជីពដែលមានប្រាក់ខែខ្ពស់បំផុតដោយសារតែលក្ខណៈសំខាន់នៃការងាររបស់ពួកគេ។ វិជ្ជាជីវៈរបស់គ្រូពេទ្យវះកាត់ពាក់ព័ន្ធនឹងហានិភ័យខ្ពស់ និងទាមទារចំណេះដឹងទូលំទូលាយ បូកផ្សំជាមួយការប្រើពេលរៀនសូត្រយូរឆ្នាំផងដែរ។
២/. ចៅក្រម
ប្រាក់ខែចន្លោះពី ៤,៧៦០,០០០រៀល ដល់ ១៦,៥០០,០០០រៀល។ ចៅក្រមទទួលបានប្រាក់ខែខ្ពស់ណាស់ដោយសារការទទួលខុសត្រូវដ៏ធំដែលទាក់ទងនឹងការងាររបស់ខ្លួន។ ការសម្រេចជោគវាសនារបស់មនុស្សមិនមែនជាកិច្ចការងាយស្រួលទេ ដូច្នេះពួកគេសក្តិសមនឹងទទួលបានប្រាក់ខែខ្ពស់។
៣/. មេធាវី
ប្រាក់ខែចន្លោះពី ៣,៨៦០,០០០រៀល ដល់ ១៣,៣០០,០០០រៀល។ មូលហេតុចម្បងដែលមេធាវីទទួលបានប្រាក់ខែច្រើនគឺដោយសារតែតម្លៃរបស់ពួកគេខ្ពស់ក្នុងភ្នែកកូនក្តីរបស់ពួកគេ។
៤/. អ្នកគ្រប់គ្រងធនាគារ
ប្រាក់ខែចន្លោះពី ៣,៦៣០,០០០រៀល ដល់ ១២,៥០០,០០០រៀល។ ការទទួលបន្ទុករាប់រយលាននៅក្នុងមូលនិធិ និងការវិនិយោគជាមួយហានិភ័យដែលពាក់ព័ន្ធទាំងអស់ ធ្វើឱ្យការគ្រប់គ្រងធនាគារជាកិច្ចការដ៏សំខាន់បំផុតដែលសក្តិសមនឹងទទួលបានប្រាក់ខែច្រើន។
៥/. នាយកប្រតិបត្តិ (CEO)
ប្រាក់ខែចន្លោះពី ៣,៤០០,០០០រៀល ដល់ ១១,៨០០,០០០រៀល។ នាយកប្រតិបត្តិ (CEO) មានទំនួលខុសត្រូវជាចម្បងចំពោះភាពជោគជ័យ ឬបរាជ័យនៃស្ថាប័ន។ ប្រាក់កម្រៃដ៏ធំរបស់ពួកគេគឺដោយសារតែត្រូវប្រឈមនឹងវិសាលភាពដ៏ធំនៃផលប៉ះពាល់ ក៏ដូចជាហានិភ័យដែលពាក់ព័ន្ធ។
៦/. ប្រធានផ្នែកហិរញ្ញវត្ថុ
ប្រាក់ខែចន្លោះពី ៣,១៧០,០០០រៀល ដល់ ១១,០០០,០០០រៀល។ ការងារណាមួយដែលនិយាយអំពីការគ្រប់គ្រងលុយ វាមានភាពសក្តិសមគ្រប់គ្រាន់សម្រាប់ប្រាក់ខែខ្ពស់។ CFOs គ្រប់គ្រងថវិកា ការចំណាយ និងប្រាក់ចំណូលដែលជះឥទ្ធិពលដោយផ្ទាល់ដល់ប្រតិបត្តិការរបស់អង្គការ។
៧/. ពេទ្យធ្មេញ
ប្រាក់ខែចន្លោះពី ៣,០៦០,០០០រៀល ដល់ ១០,៦០០,០០០រៀល។ ពេទ្យធ្មេញធ្វើប្រតិបត្តិការនៅក្នុងឧស្សាហកម្មមួយដែលមនុស្សហ៊ានចំណាយខ្ពស់សម្រាប់សេវាកម្ម ដែលធ្វើឱ្យពេទ្យធ្មេញស្ថិតក្នុងចំណោមការងារដែលមានប្រាក់ខែល្អបំផុត។
៨/. សាស្រ្តាចារ្យមហាវិទ្យាល័យ
ប្រាក់ខែចន្លោះពី ២,៧២០,០០០រៀល ដល់ ៩,៤១០,០០០រៀល។ សាស្ត្រាចារ្យមហាវិទ្យាល័យគឺស្ថិតក្នុងចំណោមអាជីពដែលរកចំណូលបានច្រើនជាងគេ និងមានកិត្យានុភាពបំផុត។ ក្លាយជាសាស្ត្រាចារ្យមិនមែនជារឿងងាយស្រួលទេ និងតម្រូវឱ្យមានការតស៊ូខ្លាំង ដែលជាមូលហេតុធ្វើឲ្យពួកគេរកប្រាក់ចំណូលបានខ្ពស់យ៉ាងនេះ។
៩/. អ្នកបើកយន្តហោះ
ប្រាក់ខែចន្លោះពី ២,២៧០,០០០រៀល ដល់ ៧,៨៤០,០០០រៀល។ អ្នកបើកយន្តហោះស្ថិតក្នុងបញ្ជីប្រាក់ឈ្នូលខ្ពស់ ត្បិតឆ្លងកាត់កម្មវិធីបណ្តុះបណ្តាលយ៉ាងម៉ត់ចត់ ហើយពួកគេទទួលខុសត្រូវចំពោះសុវត្ថិភាពរបស់មនុស្សរាប់ពាន់នាក់ជារៀងរាល់ថ្ងៃ។
១០/. នាយកទីផ្សារ
ប្រាក់ខែចន្លោះពី ២,០៤០,០០០រៀល ដល់ ៧,០៥០,០០០រៀល។ នាយកទីផ្សារទទួលបន្ទុកក្នុងការបង្កើនប្រាក់ចំណូលរបស់អង្គភាព។ ពួកគេទទួលខុសត្រូវផ្ទាល់សម្រាប់ការបង្កើតអាជីវកម្ម ហើយពួកគេត្រូវបានផ្តល់កម្រិតប្រាក់ខែបានយ៉ាងល្អសម្រាប់ហេតុផលនេះ។
យ៉ាងណាមិញ ក្រៅពីការងារទាំង១០ខាងលើ ក្នុងប្រទេសកម្ពុជាក៏នៅមានការងារជាច្រើនផ្សេងទៀតដែលអាចទទួលបានប្រាក់ខែខ្ពស់ និងអាចរកចំណូលបន្ថែមពីលើការងារពេញម៉ោងផងដែរ៕
អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) ម្ចាស់ស្នាដៃសៀវភៅ «ច្រវាក់ប្រាក់ខែ»
ចែករំលែកគំនិត ឬផ្សព្វផ្សាយអាជីវកម្មអ្នកទីនេះ សូមទំនាក់ទំនង ០៩៦ ៤៩៩ ៧៣ ៦៦