ប្រើប្រាស់សេវាកម្មរបស់ធនាគារយូរហើយ ប៉ុន្តែអ្នកមួយចំនួនប្រហែលជាមិនទាន់ដឹងនោះទេថា តើធនាគារណាខ្លះ ដែលជាធនាគារធំលំដាប់កំពូលនៅប្រទេសកម្ពុជាបើយើងគិតទៅលើទ្រព្យសកម្ម។ ដូច្នេះថ្ងៃនេះ Business Cambodia នឹងបង្ហាញពីធនាគារទាំង១០ ដែលធំបំផុតបើគិតទៅលើទ្រព្យសកម្មដែលធនាគារទាំងនោះមាន ដោយយោងតាមរបាយការណ៍ប្រចាំឆ្នាំ ២០២៤ និង២០២៥ នៃធនាគារមួយៗ។ ខាងក្រោមនេះគឺជាធនាគារក្នុងស្រុកធំបំផុតទាំង១០ បើគិតពីទ្រព្យសកម្មពួកគេ៖
១. ធនាគារ ABA ៖ ABA បច្ចុប្បន្ននៅតែបន្តរក្សាតំណែងជាធនាគារនាំមុខគេលំដាប់លេខ ១ នៅកម្ពុជា ដោយមានទំហំទ្រព្យសកម្មសរុបចំនួន ១៦.២ ពាន់លានដុល្លារ។ ជាមួយគ្នានោះដែរធនាគារក៏មាន កម្ចីដុល ចំនួន ៩.៦ ពាន់លានដុល្លារ និងប្រាក់បញ្ជើអតិថិជនចំនួន ១២.៩ ពាន់លានដុល្លារ
២. ធនាគារ អេស៊ីលីដា៖ អេស៊ីលីដា ជាធានាគារដែលឈាមមុខគេមួយនៅកម្ពុជា ដែលបច្ចុប្បន្នមានបណ្តាញសាខាច្រើនជាងគេបំផុតនៅទូទាំង ២៥ ខេត្ត-ក្រុង។ ជាមួយនឹងទ្រព្យសកម្ម ១២ ពាន់លានដុល្លារ អេស៊ីលីដា ដើរតួជាសសរស្តម្ភដ៏សំខាន់ក្នុងការផ្តល់ឥណទានដល់វិស័យកសិកម្ម និងសហគ្រាសខ្នាតតូច និងមធ្យម (SMEs)។
៣. ធនាគារ Canadia ៖ ជាធនាគារក្នុងស្រុកដែលមានប្រវត្តិយូរឆ្នាំនិងរឹងមាំបំផុតមួយ។ ធនាគារនេះមានភាពលេចធ្លោខ្លាំងក្នុងការគាំទ្រដល់គម្រោងអចលនទ្រព្យធំៗ និងអតិថិជនសាជីវកម្ម។ បច្ចុប្បន្ន Canadia Bank មានទ្រ្យសកម្មសរុបលើសពី ១០ ពាន់លានដុល្លារ។
៤. ធនាគារ KB Prasac ៖ ធនាគារនេះត្រូវបានគេចាត់ទុកថាជាកម្លាំងចលករដ៏ធំមួយ បានចូលរួមចំណែកដល់ទីផ្សារធំខ្លាំងលើផ្នែកឥណទានបុគ្គល និងការផ្តល់ប្រាក់កម្ចីនៅតាមតំបន់ជនបទ។ ហើយត្រូវបានចាត់ទុកថាជាធានាគារកំពូលមួយក្នុងចំណោមធនាគារកំពូលទាំង ១០ ដោយមានទ្រព្យសកម្មសរុប ៥.៧៨ ពាន់លានដុល្លារ។
៥. ធនាគារ ស្ថាបនា៖ ធនាគារ ស្ថាបនា បានផ្លាស់ប្តូរខ្លួនយ៉ាងជោគជ័យពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មកជាធនាគារពាណិជ្ជដែលមានទ្រព្យសកម្មសរុប ២.៧ ពាន់លានដុល្លារ។
៦. ធនាគារ Wing ៖ Wing បានបង្កើតបាតុភូតថ្មីក្នុងវិស័យធនាគារ ដោយប្តូរពីសេវាផ្ទេរប្រាក់ មកជាធនាគារពេញលេញ។ ជាមួយនឹងប្រព័ន្ធអេកូឡូស៊ីដ៏ធំ (Wingmall, Wingmarket) និងបណ្តាញភ្នាក់ងារទូទាំងប្រទេស។ Wing មានទ្រព្យសកម្មសរុប ២.៥ ពាន់លានដុល្លារ។
៧. ធនាគារ FTB ៖ ធនាគារពាណិជ្ជក្រៅប្រទេសនៃកម្ពុជា (FTB) បច្ចុប្បន្នកំពុងធ្វើទំនើបកម្មខ្លួនឯងយ៉ាងខ្លាំង តាមរយៈការសាងសង់ទីស្នាក់ការកណ្តាលថ្មីដ៏ធំ និងការពង្រឹងប្រព័ន្ធឌីជីថល និងមានទ្រព្យសកម្មសរុប ២.៤៧ ពាន់លានដុល្លារ។
៨. ធនាគារ កម្ពុជាសាធារណៈ - Campu Bank ៖ ធនាគារនេះល្បីល្បាញខាង "ស្ថិរភាព និងសុវត្ថិភាពខ្ពស់"។ អតិថិជនភាគច្រើនរបស់ Campu Bank គឺជាវិនិយោគិនបរទេស និងអាជីវកម្មខ្នាតធំដែលត្រូវការសេវាកម្មហិរញ្ញវត្ថុបែបស្តង់ដារតំបន់។ ធនាគារនេះមានទ្រព្យសកម្មសរុប ២.១៨ ពាន់លានដុល្លារ។
៩. ធនាគារ CPBank ៖ ធនាគារ ប្រៃសណីយ៍កម្ពុជា ជាធនាគារពាណិជ្ជដែលរីកចម្រើនលឿនបំផុតមួយនៅក្នុងប្រទេសកម្ពុជា បានបង្កើតឡើងក្នុងខែកញ្ញា ឆ្នាំ២០១៣ និងបានវិវឌ្ឍខ្លួនទៅជាធនាគារពាណិជ្ជដ៏ធំមួយសម្រាប់អតិថិជនទូទៅ ដោយបាននាំយកបទពិសោធន៍ល្អៗ និងបច្ចេកវិទ្យាថ្មីៗ។ ធនាគារនេះមានទ្រព្យសកម្មសរុប ១.៧៤ ពាន់លានដុល្លារ។
១០. ធនាគារ Woori៖ Woori Bank គឺជាធនាគារពាណិជ្ជដ៏ធំមួយនៅក្នុងប្រទេសកម្ពុជា ដែលផ្តល់សេវាកម្មហិរញ្ញវត្ថុយ៉ាងសម្បូរបែប និងមានទ្រព្យសកម្មសរុប ១.៤ ពាន់លានដុល្លារ៕


