គិតត្រឹមពាក់កណ្ដាលឆ្នាំ២០២៤នេះចំនួនក្រុមហ៊ុនសាជីវកម្មរបស់សហរដេ្ឋអាមេរិកដែលបានដាក់ពាក្យការពារក្ស័យធននៅតែមានការកើនឡើងគួរឲ្យកត់សម្គាល់ជាពិសេសនៅអំឡុងខែមេសាឆ្នាំ២០២៤នេះ ចំនួនក្រុមហ៊ុនដាក់ពាក្យការពារក្ស័យធនឡើងដល់ចំណុចខ្ពស់បំផុតមួយ។
បើយោងតាមការចុះផ្សាយរបស់ S&P Global បានឲ្យដឹងថាការដាក់ពាក្យការពារក្ស័យធនពីក្រុមហ៊ុនសាជីវកម្មរបស់សហរដ្ឋអាមេរិកនៅអំឡុងខែមេសាកន្លងទៅនេះបានកើនឡើងដល់ចំណុចដ៏ខ្ពស់បំផុតមួយប្រចាំឆ្នាំខណៈក្រុមហ៊ុនជាច្រើនរងគ្រោះដើរទាំងត្រដាបត្រដួសដោយសារការដំឡើងការប្រាក់ខ្ពស់។
តាមទិន្នន័យរបស់ S&P Global បានឲ្យដឹងថាអំឡុងខែមេសាឆ្នាំ២០២៤មានក្រុមហ៊ុនសរុបចំនួន៦៦ក្រុមហ៊ុនបានដាក់ពាក្យការពារពីការក្ស័យធន ហើយត្រឹមរយៈពេល៤ខែដំបូងនៃឆ្នាំ២០២៤នេះមានក្រុមហ៊ុនដាក់ពាក្យការពារក្ស័យធនសរុបចំនួន២១០ក្រុមហ៊ុន។ យ៉ាងណាមិញតួលេខនេះនៅទាបជាងឆ្នាំ២០២៣ខណៈរយៈពេលដូចគ្នានៃឆ្នាំ២០២៣ក្រុមហ៊ុនដាក់ពាក្យការពារក្ស័យធនចំនួន២២៤ក្រុមហ៊ុន។
នៅក្នុងវចំណោមក្រុមហ៊ុនដែលបានដាក់ពាក្យការពារក្ស័យធន មានក្រុមហ៊ុនធំៗចំនួន៣បានដាក់ពាក្យការពារក្ស័យធនជាមួយនឹងបំណុលក្នុងខ្លួនជាង១ពាន់លានដុល្លារដោយក្រុមហ៊ុនទាំងនោះមានដូចជាក្រុមហ៊ុន Express, Number Holdings និងCovergeOne Holdings ជាដើម។
នៅក្នុងនោះដែរក្រុមហ៊ុនដែលរកស៊ីក្នុងវិស័យលក់ផលិតផលឬរបស់ប្រើប្រាស់មិនចាំបាច់គឺឈរលើកំពូលតារាងដែលមានការដាក់ពាក្យការពារក្ស័យធនច្រើនបំផុតហើយតាមពីក្រោយដោយវិស័យសុខាភិបាលនិងឧស្សាហកម្ម។
គួរបញ្ជាក់ផងដែរនៅក្នុងឆ្នាំ២០២៤នេះមានក្រុមហ៊ុនជាច្រើនបានដាក់ពាក្យការពារក្ស័យធននិងបិទទ្វារ។ ជាក់ស្ដែង Macy’s ដែលជាផ្សារទំនើបដ៏ធំមួយរបស់សហរដ្ឋអាមេរិក ដែលមានមូលដ្ឋានក្នុងទីក្រុង San Francisco តាំងពីឆ្នាំ ១៩៤៧ បានសម្រេចបិទទ្វារហើយដោយកំពុងតែរង់ចាំម្ចាស់ថ្មីមកទិញបន្ត។
ចំណែកធនាគារ Republic First Bank របស់អាមេរិកដែលមានមូលដ្ឋាននៅទីក្រុង Philadelphia ត្រូវបានបិទដោយគណកម្មការមូលបត្រនិងធនាគារនៅក្នុងរដ្ឋ Pennsylvania ដោយឲ្យFDIC ជាអ្នកទទួលលើការគ្រប់គ្រងប្រាក់បញ្ញើ។ ដើម្បីការពារប្រាក់បញ្ញើរបស់អតិថិជន FDIC បានឈានដល់កិច្ចព្រមព្រៀងជាមួយនឹងធនាគារ Fulton Bank ដោយឲ្យFulton Bank ទទួលខុសត្រូវលើប្រាក់បញ្ញើរបស់អតិថិជននិងទិញយកទ្រព្យសកម្មរបស់ធាគារ Republic First Bank ទាំងស្រុងតែម្ដង៕