បរាជ័យជាមេរៀន! សហគ្រិនស្រ្តីមួយរូបធ្លាប់រកស៊ីខាត៥ដង ប្រាប់រឿង៣គួរធ្វើពេលកំពុងខាតឡុងចុង
Sambat SokhlangMAY 9 2024504 views

នៅក្នុងការរកស៊ីពេលបរាជ័យមានមនុស្សមួយចំនួនធំបានបាក់ទឹកចិត្តនិងមានភាពខ្លាចញញើតក្នុងការចេញរកស៊ីម្តងទៀត ព្រោះនៅពេលរកស៊ីខាតមិនត្រឹមតែខាតតែពេលវេលានោះទេ អ្វីដែលខាតបង់ធំបំផុតគឺដើមទុនលុយកាក់ដែលខិតខំសន្សំយ៉ាងលំបាកត្រូវរលាយក្នុងពេលតែមួយប៉ព្រិចភ្នែក ដែលជាហេតុធ្វើឱ្យម្ចាស់អាជីវកម្មដែលរកស៊ីខាតខ្លាចរអា។

ដោយឡែកសម្រាប់សហគ្រិនស្រ្តីជនជាតិសឹង្ហបុរី Gek Teng Pang  វិញ រកស៊ីខាតដល់ទៅ៥អាជីវកម្មប៉ុន្តែនៅតែក្រាញ់ននាលនឹងការរកស៊ីឥតចុះញ៉មឡើយ ពោលគឺសហគ្រិនស្រ្តីរូបនេះបានប្រែក្លាយមេរៀនដែលធ្លាប់រកស៊ីខាតនោះទៅជាមេរៀនដ៏ល្អមួយសម្រាប់អាជីវកម្មភោជនីយដ្ឋាន Surrey Hills Grocer ទៅវិញ និងបានប្រាប់អ្នករកស៊ីជំនាន់ក្រោយនូវរឿង៣ ដែលត្រូវគិតបន្ទាប់ពីរកស៊ីខាតគឺ ៖

107405514 1713934479672 Pang Gek Teng Gek Ceo of Surrey Hills Holdings

១.ប្រើអ្វីដែលនៅសេសសល់

Gek Teng Pang  បាននិយាយថា អាជីវកម្មទាំង៥ដែលនាងរកស៊ីខាតមាន ៖ អាជីវកម្មភ្នាក់ងារទេសចរណ៍ អាជីវកម្មជួលអចលនទ្រព្យ អាជីវកម្មនាឡិកាហៅថា Daybook Watches អាជីវកម្មផលិតចាន និងចុងក្រោយគេគឺអាជីវកម្មដឹកជញ្ជូនអាហារ។ នៅពេលរកស៊ីខាត Gek Teng Pang ខាតលុយស្ទើរតែអស់ពីខ្លួន ពោលគឺនៅសល់ត្រឹមតែ ២៣៥ដុល្លារប៉ុណ្ណោះនៅជាប់ខ្លួន ប៉ុន្តែអ្វីដែលនៅសល់លើសពីលុយគឺកម្លាំងចិត្តពីគ្រួសារនិងកម្លាំងតស៊ូ ។ លុះនៅក្នុងឆ្នាំ ២០២១ សហគ្រិនស្រ្តីរូបនេះបានសម្រេចចិត្តយកលុយពីគ្រួសារប្រមាណជាជិត ៣០ម៉ឺនដុល្លារ បង្កើតអាជីវកម្មម្តងទៀត ដែលជាអាជីវកម្មភោជនីយដ្ឋាន ឈ្មោះ Surrey Hills Grocer។

ហេតុនេះនៅពេលដែលបរាជ័យអស់លុយពីខ្លួនអ្វីដែលចាំបាច់បំផុតគឺការរក្សាកម្លាំងកាយកម្លាំងចិត្តឱ្យបានមាំ នឹងប្រើកម្លាំងចិត្តរកផ្លូវថ្មីដើម្បីស្វែងរកឱកាសថ្មី មិនគួរអង្គុយកើតទុក្ខបាក់ទឹកចិត្តទៅតាមបញ្ហានោះទេ ព្រោះមិនថាយើងកើតទុក្ខខ្លាំងយ៉ាងណាក៏មិនអាចទាញពេលវេលាត្រឡប់ក្រោយ ឱ្យអ្វីៗល្អប្រសើរឡើងវិញបាននោះទេ។

Surrey Hills Grocer Cafe Raffles City Scaled

២.ច្នៃការបរាជ័យទៅជាមេរៀន

ក្រោយដើរខុសអស់ជាច្រើនផ្លូវក្នុងការរកស៊ី បានធ្វើឱ្យ Teng Pang មិនបានផ្តេកផ្តួលទៅតាមបញ្ហានោះទេ ផ្ទុយទៅវិញបែរជាយកការឈឺចាប់ដោយសារការរកស៊ីនោះទៅជាមេរៀនដើម្បីកែតម្រូវអាជីវកម្មថ្មីមិនឱ្យជាន់ដានជើង ដូចតែពាក្យគេថា ដួលច្រើនដងនឹងធ្វើឱ្យយើងរឹងមាំជាងមុនដូច្នេះដែរ។ ត្រង់នេះ Teng Pang បាននិយាយថា “ ខ្ញុំបានបោះបង់ការងារប្រាក់ខែរាប់ពាន់ដើម្បីក្លាយជាសហគ្រិន ដូច្នេះខ្ញុំនឹងមិនត្រឡប់ទៅក្រោយវិញទេខ្ញុំត្រូវដើរទៅមុខ ព្រោះការរកស៊ីវាតែងមានជោគជ័យនិងបរាជ័យចៀសមិនផុត”។

៣.កុំបាក់ទឹកចិត្ត ហើយត្រូវស្វែងរកឱកាសថ្មី

នៅពេលបរាជ័យម្តងហើយលើការរកស៊ីប្រាកដណាស់ថានឹងមានការបាក់ទឹកចិត្ត ប៉ុន្តែផ្ទុយទៅវិញបើរវល់តែអស់សង្ឃឹមស្តាយក្រោយនៅរឿងដែលបានបន្លងផុតវានឹងធ្វើឱ្យយើងមិនអាចចាប់យកឱកាសថ្មីបាននោះទេ ជាក់ស្តែងបើយើងក្រឡេកទៅមើលជីវិតម្ចាស់ហាង Surrey Hills Grocer ខាងលើនេះវិញ គាត់បរាជ័យដល់ទៅ៥ដង ស្ទើរតែគ្មានលុយត្រឡប់ទៅស្រុកវិញទៅហើយ ប៉ុន្តែគាត់នៅតែជឿថាខ្លួនអាចមានឱកាសរកស៊ីជោគជ័យលើមុខរបរថ្មី ហើយជាលទ្ធផលគាត់ក៏អាចបើកហាងមួយតម្លៃជិត ៣០ដុល្លារ ដែលរកចំណូល ក្នុងមួយខែៗ ១,៤ លានដុល្លារសឹង្ហបុរី។

Surrey Hills 1

គួរបញ្ជាក់ផងដែរថា អត្ថបទនេះចង់បញ្ជាក់ឱ្យបងប្អូនជាម្ចាស់អាជីវកម្មបានយល់ថា ការរកស៊ីតែមានឡើងមានចុះជារឿងធម្មតា ដែលម្ចាស់អាជីវកម្មមិនអាចហាមឃាត់បាន ប៉ុន្តែអ្វីដែលត្រូវតែរក្សាឱ្យល្អគឺទឹកចិត្តក្នុងការរកស៊ី បើទោះជារកស៊ីខាតខ្លាំងក៏កុំគួរត្រាំត្រែងនឹងការឈឺចាប់យូរពេក ត្រូវចេះសាងកម្លាំងចិត្តក្រោកឈរឡើងវិញ បើមិនព្រមព្រលែងការឈឺចាប់រវល់តែអង្គុយកើតទុក អាចនឹងបាត់ឱកាសថ្មីៗបាន៕

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia