ចង់ពូកែរកស៊ី! នេះជាជំនាញ ៣ ដែលអ្នករកស៊ីត្រូវចេះ បើចង់ឱ្យអាជីវកម្មមានគ្រឹះរឹងមាំ
ធី ស្រីល័ក្ខMAY 9 2024885 views

ការដុះខាត់ជំនាញជារឿងសំខាន់សម្រាប់អ្នករកស៊ី ព្រោះនៅពេលម្ចាស់អាជីវកម្មមានជំនាញវានឹងជួយឱ្យអាជីវកម្មមានគ្រឹះរឹងមាំ រីកធំធាត់ទៅបានយ៉ាងល្អផងដែរ ហេតុនេះដើម្បីក្លាយជាអ្នករកស៊ីដ៏ពូកែ ម្ចាស់អាជីវកម្មគួរដុសខាត់នៅជំនាញ ៣នេះឱ្យខ្លាំង ៖

១.ជំនាញមើលអនាគត

ជំនាញមើលអនាគត មិនមែនត្រូវតែចេះទាយដូចគ្រូទាយនោះទេ ប៉ុន្តែជំនាញមើលអនាគតនេះជាជំនាញដែលអាចប៉ាន់ត្រូវថា ក្បួនរកស៊ីបែបណា របរបែបណាដែលត្រូវទីផ្សារនាពេលអនាគត។ជាក់ស្តែងដូចពីមុនយើងជិះឡានដែលប្រើសាំងប៉ុន្តែបច្ចុប្បន្នយើងក៏មានការបង្កើតឡានដែលប្រើអគ្គិសនី និងប្រើអ៊ីដ្រូសែន ការផ្លាស់ប្តូរពីឡានសាំងមកឡានអគ្គិសនីនេះហើយដែលគេហៅថាសហគ្រិនមើលឃើញអនាគត គឺបង្កើតអ្វីថ្មីឱ្យទាន់តាមសម័យកាល មិនមែនប្រកាន់ខ្ជាប់តែគំនិតរកស៊ីដដែលៗ។

 

 

យ៉ាងណាមិញជំនាញមើលអនាគតនេះចង់សំដៅទៅដល់ការមើលឃើញថា របរបែបណាដែលទៅអនាគតអាចមានទីផ្សារចង្អៀត របរណាដែលមានទីផ្សារទូលាយដែលគួររកស៊ីនិងមិនគួររកស៊ី ១០ ឬ ២០ឆ្នាំខាងមុខទៀត។ឧទាហរណ៍ដូចជាយើងចង់ឱ្យអាជីវកម្មយើងធំ ក្តោបទីផ្សារបាន នោះយើងប្រាកដជាគិតទៅដល់ការចេញហ្វ្រេនឆាយ ព្រោះការចេញលក់ហ្វ្រេនឆាយធ្វើឱ្យអាជីវកម្មមានវិសាលភាពធំទូលាយ ដូច្នេះយើងក៏ចាប់ផ្តើមរៀបចំអាជីវកម្មឱ្យត្រូវស្តង់ដារដើម្បីត្រៀមចេញហ្វ្រេនឆាយនេះហើយដែលគេហៅថាជំនាញមើលឃើញអនាគត គឺមើលឃើញពីទំហំនៃទីផ្សានាពេលខាងមុខ។

២.ជំនាញបំបាត់ស្ត្រេស

កាលនៅជាបុគ្គលិកយើងថាស្ត្រេស ប៉ុន្តែនៅពេលក្លាយជាអ្នករកស៊ីកម្រិតនៃការស្ត្រេសលើសពីជីវិតធ្វើការទ្វេដង ត្រូវគិតសព្វគ្រប់ទាំងអស់ទាំងបុគ្គលិក ហិរញ្ញវត្ថុ បញ្ហាភ្ញៀវ និងបញ្ហាផ្សេងៗជាច្រើនទៀត។ដោយសារតែបញ្ហាច្រើនដូចនេះហើយទើបតម្រូវឱ្យម្ចាស់អាជីវកម្មត្រូវមានជំនាញបំបាត់ស្ត្រេស ព្រោះបើរកស៊ីៗស្រាប់តែស្ត្រេសតើអាជីវកម្មទាំងមូលរំពឹងអ្វី បើម្ចាស់ទន់ខ្សោយតើឱ្យអាជីវកម្មអាចរឹងមាំទៅបានដោយរបៀបណា។

ហេតុដូច្នេះហើយ ដើម្បីដោះស្រាយបញ្ហាទាំងអស់នេះបាន ម្ចាស់អាជីវកម្មត្រូវលត់ដំ វឹកហាត់ផ្លូវចិត្តខ្លួនឯង យកពេលមកអភិឌ្ឍន៍ជំនាញ អានសៀវភៅ រៀនជំនាញថ្មីៗ ឬក៏យកពេលវេលាទៅសម្រាកលំហែលកាយដើម្បីឱ្យអារម្មណ៍ល្អឡើងវិញជាដើម។នៅពេលណាដែលយើងជាថៅកែមិនស្ត្រេស អាចដោះស្រាយបញ្ហាស្ត្រេសខ្លួនឯងបានហើយ នោះបុគ្គលិកដែលធ្វើការជាមួយយើងក៏មិនស្ត្រេសដែរ ព្រោះយើងដឹងពីក្បួនដោះស្រាយស្ត្រេស ហេតុនេះហើយទើបតម្រូវឱ្យអ្នករកស៊ីត្រូវតែមានជំនាញបំបាត់ស្ត្រេស ព្រោះអ្នករកស៊ីដែលពូកែគឺពូកែទាំងការរកស៊ី ពូកែទាំងការដោះស្រាយបញ្ហា។

៣.ជំនាញជប់

ជំនាញចុងក្រោយដែលត្រូវតែមាននោះគឺជំនាញជប់ សំដៅដល់ការដែលខ្វះអ្វីជប់ហ្នឹង តែមិនមែនជប់ដូចទេវតាអ្វីនោះទេ តែជាការជប់ជំនាញ ជប់គំនិត ជប់ក្បួនគៀងគងទុន។ប្រសិនបើចង់រកស៊ីហើយខ្វះទុន ហេតុនេះត្រូវការជប់ជំនាញប្រមូលទុនពីអ្នកផ្សេងមកស៊ី កុំសុញគំនិតហើយអង្គុយស្ត្រេសមិនដឹងធ្វើអ្វី ត្រូវចេះប្រើគំនិតដែលមានមកជប់របស់ដែលខ្វះខាតឱ្យកើតមានឡើង។ជំនាញនេះជាចំណុចដែលអ្នកស៊ីត្រូវតែមាន ព្រោះបើម្ចាស់អាជីវកម្មគាំងគំនិតហើយគ្មានជំនាញជប់ទៀតគឺលំបាកបន្តិចហើយ៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia