អ្នកចិត្តសាស្រ្ត៖ មនុស្សធ្លាប់ខ្ជិលច្រអូស ប្រែមកជាឧស្សាហ៍ព្យាយាម​ ក្រោយអនុវត្តរឿងទាំង៥នេះ
Ping Chou EngMAY 9 20241.2 K views

អ្នកជំនាញចិត្តសាស្រ្តនិងជាស្ថាបនិកស្ថាប័ន Hack Spirit លោក Lachlan Brown បានឱ្យដឹងថាក្រោយជួបសម្ភាសន៍និងសង្កេតមនុស្សជាច្រើន លោកបានចងក្រងនូវរឿងរ៉ាវស្រាវជ្រាវមួយចំនួនពាក់ព័ន្ធនឹងបុគ្គលដែលធ្លាប់តែខ្ជិលច្រអូស ហើយអាចប្រែមកជាឧស្សាហ៍ព្យាយាម មានវិន័យខ្ពស់ អាចសម្រេចជោគជ័យបាន ដោយសារពួកគេបានអនុវត្តរឿងសាមញ្ញ៥យ៉ាងដូចខាងក្រោមនេះ។

. យល់ពីការងារអាទិភាព៖ មនុស្សធ្លាប់ខ្ជិលច្រអូស ប្រែមកជាឧស្សាហ៍ព្យាយាម ដោយសារតែពួកគេចាប់ផ្តើមចេះបែងចែកការងារអាទិភាព មានការបេ្តជ្ញាចិត្តខ្ពស់ ដឹងថាពេលណាត្រូវធ្វើសកម្មភាពអ្វី និងពេលណាមិនត្រូវធ្វើសកម្មភាពអ្វី​ ដោយមានក្រដាសឬការកត់ត្រា To-do-list ​ដែល​ត្រូវ​អនុវត្តតាម​ជា​រៀង​រាល់​ថ្ងៃ។

. ចាប់ផ្តើមយល់ពីខ្លួនឯង៖ ការស្គាល់ខ្លួនឯងគឺជារឿងសំខាន់មួយដែលជួយឱ្យមនុស្សខ្ជិលប្រែជាឧស្សាហ៍វិញ ដោយហេតុថានៅពេលដែលអ្នកយល់ពីខ្លួនឯងច្រើនហើយ អ្នកនឹងអាចសង្កេតមើលទម្លាប់អវិជ្ជមានរបស់ខ្លួនឯង ចាប់ផ្តើមចេះទទួលស្គាល់កំហុសខ្លួនឯង​ ដឹងថាខ្លួនឯងត្រូវការអ្វី ខ្វះខាតអ្វី គ្រប់គ្រាន់រឿងអ្វីខ្លះ ត្រូវបំពេញអ្វីខ្លះ នោះពួកគេនឹងដឹងច្បាស់អំពីគោលដៅផ្ទាល់ខ្លួនថាគួរធ្វើអ្វីហើយ។  

. បង្កើតទម្លាប់លើអ្វីមួយ៖ ការបង្កើតទម្លាប់លើរឿងអ្វីមួយឬសកម្មភាពអ្វីមួយឱ្យបានជាប់លាប់នឹងជួយឱ្យមនុស្សឈប់ខ្ជិលបាន ព្រោះទម្លាប់នឹងជួយឱ្យការប្រើពេលវេលា មានប្រសិទ្ធភាពជាងមុន ងាយស្រួលជាងមុន និងចំណាយថាមពលផ្លូវកាយ ផ្លូវចិត្តតិចជាងមុន ក្នុងការសម្រេចចិត្តទៅធ្វើអ្វីមួយ ពោលគឺមិនស្មុគស្មាញច្រើន លើសកម្មភាពប្រចាំថ្ងៃនោះទេ។

. តែងអបអរជោគជ័យតូចៗ៖ មនុស្សខ្ជិលដែលបានប្រែក្លាយទៅជាបុគ្គលឧស្សាហ៍ដោយសារពួកគេ យល់ពីអំណាចនៃសកម្មភាពតិចតួចប្រចាំថ្ងៃថាអាចក្លាយសមិទ្ធិផលធំៗបាន គឺត្រូវរីករាយនឹងជំហានតូចៗព្រមទាំងត្រូវចេះសប្បាយរីករាយជាមួយដំណើរ។ ក្នុងនោះការចេះអបអរជោគជ័យតូចៗនឹងធ្វើឱ្យពួកគេឆ្លាតវៃ ចេះបំបែកបន្ទុកធំៗឱ្យក្លាយជាកិច្ចការតូចៗដែលអាចធ្វើ នឹងគ្រប់គ្រងបានល្អថែមទៀត។

. បណ្តុះផ្នត់គំនិតរីកចម្រើន៖ ផ្នត់គំនិតរីកចម្រើន ជាពាក្យដែលបង្កើតឡើងដោយចិត្តវិទូអាមេរិកអ្នកស្រី​ Carol Dweck ម្ចាស់សៀវភៅ “ផ្នត់គំនិត” អ្នកស្រីបានឱ្យនិយមន័យថាផ្នត់គំនិតរីកចម្រើនជាជំនឿជឿថាសមត្ថភាពនិងភាពឆ្លាតវៃរបស់មនុស្សម្នាក់ គឺកើតឡើងដោយសារការលះបង់ និងការខិតខំ។

ដូច្នេះមនុស្សធ្លាប់ខ្ជិលច្រអូស អាចប្រែជាឧស្សាហ៍ព្យាយាមបាន ដោយសារពួកគេចាប់ផ្តើមបណ្តុះផ្នត់គំនិតរីកចម្រើននេះ ហើយពួកគេចាប់ផ្តើមយល់ថាការបរាជ័យ ការខកបំណង គឺជារឿងធម្មតា តែអ្វីដែលអាចជួយឱ្យពួកគេជោគជ័យបានមានតែការអត់ធ្មត់តស៊ូព្យាយាមប៉ុណ្ណោះ៕

អត្ថបទដោយ៖ ពីង ជូអេង

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia