សេដ្ឋីហុងកុង លី កាស៊ីង៖ ទំលាប់រស់នៅប្រចាំរបស់អ្នក គឺជាស្ពាននាំអ្នកទៅរកភាពជោគជ័យ

0
10

គ្រប់បុគ្គលជោគជ័យ ពួកគេសុទ្ធតែមានវិន័យផ្ទាល់ខ្លួនប្រចាំថ្ងៃ ក្នុងការធ្វើកិច្ចការផ្សេងដោយមិនបណ្តោយឲ្យពេលវេលាកន្លងផុតទៅឥតប្រយោជន៍នោះឡើយ។ យ៉ាងណាមិញ មហាសេដ្ឋីមានបំផុតរបស់ហុងកុងក៏ដូចគ្នាដែរ លោកតែងតែលើកឡើងថា បើអ្នកចង់ជោគជ័យក្នុងជីវិតអ្នកត្រូវតែមានវិន័យសម្រាប់ខ្លួនឯង បើមិនដូច្នោះទេអ្នកគ្មានថ្ងៃជោគជ័យឡើយ។

សេដ្ឋីល្បីល្បាញខាងវិនិយោគរូបនេះ បានសង្កត់ធ្ងន់ថាមូលហេតុដែលជនជាតិចិនភាគច្រើនតែងទទួលបានភាពជោគជ័យគឺក៏ដោយសារជនជាតិមួយនេះ តែងមានវិន័យប្រចាំគ្រួសារនិងសម្រាប់ខ្លួនឯងជានិច្ច។ ជនជាតិចិនជឿជាក់ថាវិន័យគឺជាក្បួនច្បាប់ដ៏មានប្រសិទ្ធភាពបំផុតដែលអាចនាំមនុស្សគ្រប់គ្នាឆ្ពោះទៅរកជោគជ័យ អ្នកណាដែលមានវិន័យក្នុងការរស់នៅពួកគេនឹងទទួលបានជោគជ័យក្នុងជីវិត ចំណែកអ្នកដែលគ្មានវិន័យក្នុងការរស់នៅ ពួកគេនឹងបរាជ័យហើយបរាជ័យទៀត។

លោក លី កាស៊ីងបានបន្ថែមទៀតថា លោកធ្លាប់មានជីវិតក្រខ្សត់ តោកយ៉ាក តែលតោលគ្មានទីពឹង ភាពលំបាកទាំងអស់នេះហើយបណ្តាលឲ្យរូបលោកបានដាក់វិន័យសម្រាប់ខ្លួនឯងជាកំហិតដើម្បីទទួលបានជោគជ័យក្នុងជីវិតដែលលោកចង់បាន។ ពេលលោកមិនទាន់ទទួលបានជោគជ័យដូចសព្វថ្ងៃ លោកបានកំណត់វិន័យខ្លួនដោយត្រូវក្រោកពីព្រឹកព្រលឹមជារៀងរាល់ថ្ងៃ ត្រូវធ្វើការ១៦ម៉ោងក្នុង១ថ្ងៃ។ លើសពីនេះទៀត លោកបានហាមខ្លួនឯងដាច់ខាតថា មិនត្រូវចាយលុយខ្ជះខ្ជាយទៅលើរបស់ឥតប្រយោជន៍ ហាមជក់បារី ផឹកស្រា ជាដើម។ ជាពិសេស ការចំណាយផ្សេងៗប្រចាំថ្ងៃត្រូវតែមានខ្ទង់ចំណាយចំណូលជាក់លាក់ មិនត្រូវចាយតាមតែចិត្តចង់ដាច់ខាត។

មហាសេដ្ឋីរូបនេះបាននិយាយថា មនុស្សខ្ចិលតែងតែបាត់បង់ឱកាសល្អៗឲ្យកន្លងហួស ការខ្វះវិន័យសម្រាប់ខ្លួនឯងធ្វើឲ្យពេលវេលាកន្លងផុតទៅដោយឥតប្រយោជន៍ ទាំងនេះហើយដែលបណ្តាលឲ្យពួកគេមិនទទួលបានជោគជ័យក្នុងជីវិត។ “មនុស្សឧស្សាហ៍ ពួកគេគ្មានថ្ងៃក្រឡើយ រីឯមនុស្សខ្ជិល គ្មានវិន័យក្នុងការស់នៅ ពួកគេនឹងគ្មានថ្ងៃជោគជ័យដែរ”

លោក លី កាស៊ីង បានក្រើនរំលឹកថា ការដាក់វិន័យក្នុងការរស់នៅប្រចាំថ្ងៃសម្រាប់ខ្លួនឯង វាធ្វើឲ្យអ្នកឈឺចាប់បន្តិចមែន ប៉ុន្តែលទ្ធផលដែលអ្នកទទួលបាន នឹងសាកសមបំផុតចំពោះអ្វីដែលអ្នកបានលះបង់កន្លងមក។ “បើអ្នកមិនដាក់វិន័យសម្រាប់ខ្លួនឯង មិនយូរមិនឆាប់អ្នកដទៃនឹងដាក់វិន័យលើរូបអ្នក ពេលនោះហើយអ្នកនឹងបាត់បង់សេរីភាពពិតប្រាកដ”

អត្ថបទដោយ៖ SOY-VUTHEA

LEAVE A REPLY

Please enter your comment!
Please enter your name here