សហគ្រិនពីររូប ៖ មុនចាប់ផ្តើមអាជីវកម្មអ្នកត្រូវត្រៀមលុយទុកចាយលើបច្ចេកវិទ្យាឲ្យបានច្រើន

0
17

បច្ចេកវិទ្យារីកចម្រើន ការងារកាន់តែងាយស្រួល ជាពិសេសការចំណាយលើទីផ្សារក៏កាត់បន្ថយតិចជាងមុន ប៉ុន្តែទោះជាយ៉ាងណាអ្នកគួរត្រៀមលុយឲ្យបានច្រើនទៅតាមលទ្ធភាព ព្រោះប្រព័ន្ធប្រតិបត្តិក្នុងអាជីវកម្មត្រូវប្រើប្រាស់បច្ចេកវិទ្យាច្រើន ។

លោក ឃុន សុភ័ត នាយកប្រតិបត្តិក្រុមហ៊ុន Marakot Technology ឲ្យដឹងថា “អ្នកគួរចំណាយលុយខ្លះទុកទិញបច្ចេកវិទ្យាយកប្រើពេលចាប់ផ្តើមអាជីវកម្ម ដូចជា software និង ឧបករណ៍ផ្សេងជាដើម (Business Application) “ ។

លោកបញ្ជាក់ថា “បើអ្នកចង់ចាប់ផ្តើមអាជីវកម្មលើវិស័យបច្ចេកវិទ្យាតែម្តង មិនត្រឹមតែចំណាយលុយលើសម្ភារៈទេ តែអ្នកត្រូវត្រៀមលុយឲ្យបានច្រើនទុកចំណាយលើធនធានមនុស្សដែលចេះបង្កើតបច្ចេកវិទ្យាថ្មីៗ” ។

សព្វថ្ងៃមិនថាអាជីវកម្មតូចឬធំ ជៀសមិនផុតពីប្រើប្រាស់បច្ចេកវិទ្យាទេ ជាពិសេសនៅតាម ភោជនីយដ្ឋាន និងតាមម៉ាត វាបានជួយសម្រួលប្រព័ន្ធប្រតិបត្តិការយ៉ាងច្រើននៅក្នុងស្ថាប័ន ប៉ុន្តែការប្រើប្រាស់របស់កាន់តែទំនើប ចំណាយក៏កាន់តែច្រើន ។

ចំណែកលោក សុភមង្គល នាយកប្រតិបត្តិក្រុមហ៊ុន Codingate ក៏ឲ្យដឹងដែរថា របស់ដែលមានតម្លៃនៅក្រុមហ៊ុនគឺព័ត៌មាន ដូចច្នោះបច្ចេកវិទ្យាបានជួយមួយផ្នែកធំក្នុងការរៀបចំព័ត៌មាននៅក្នុងក្រុមហ៊ុន ។

លោកក៏បានលើកឡើងពី Business Application ថា ដោយសារបច្ចេកវិទ្យារីកចម្រើន ព័ត៌មានទាំងអស់អាចប្រមូលមកដាក់នៅក្នុង Business Application តែមួយ ងាយស្រួលដល់ម្ចាស់អាជីវកម្មគ្រប់គ្រង ដឹងថាខែនេះចំណេញប៉ុន្មាន ខាតប៉ុន្មាន លើសពីនេះម្ចាស់អាជីវកម្មអាចនឹងព្យាករណ៍ថា តើអនាគតក្រុមហ៊ុននឹងរីចម្រើនដល់កម្រិតណា ត្រូវការអ្នកវិនិយោគប៉ុន្មាន ។

លោក មង្គល បន្ថែមថា មិនត្រឹមតែគ្រប់គ្រងព័ត៌មានទីផ្សារ តែ Business Application ក៏អាចជួយគ្រប់គ្រងបុគ្គលិកផងដែរ ព្រោះថាពេលខ្លះបុគ្គលិកធ្វើការហាក់ដូចជាខ្វះការលើកទឹកចិត្ត ដូចច្នោះបច្ចេកវិទ្យាទាំងនេះនឹងជួយប្រមូលព័ត៌មានពីបុគ្គលិកតាមរយៈការស្ទង់មតិ វានឹងជួយឲ្យម្ចាស់អាជីវកម្មដឹងថាបុគ្គលិកខ្វះខាតអ្វី ដើម្បីងាយស្រួលបំពេញតម្រូវការទៅកាន់បុគ្គលិកវិញ ។

សរុបមក ទោះជាអាជីវកម្មអ្នកតូចឬធំ សម័យនេះហើយអ្នកគួរចាយលុយលើបច្ចេកវិទ្យាឲ្យច្រើន ជាជាងចាយលុយលើមនុស្សច្រើន ។

អត្ថបទដោយ ៖ ហ៊ួត សុធារ៉ា

LEAVE A REPLY

Please enter your comment!
Please enter your name here