តើអ្វីដែលអ្នកគួររៀនពី ជាងកាត់សក់ដែលមានទ្បានទំនើប Rolls Royce ជិះ?

0
10

លោក Ramesh Babu ត្រូវបានគេស្គាល់ថា ជាជាងកាត់សក់ដែលបានក្លាយជាសហគ្រិន មួយរូបមានទ្បានទំនើបៗច្រើន នៅប្រទេសឥណ្ឌា។ គាត់បានចាប់ផ្តើមអាជីវកម្មជួលទ្បាន ចេញពីប្រាក់ដែលគាត់បានសន្សំចេញពីអាជីពជាជាងកាត់សក់។

សាច់រឿងចេញពីសហគ្រិនឥណ្ឌាមួយរូបនេះ ជាគំរូមួយដែលសហគ្រិនកម្ពុជា អាចរៀនសូត្រតាម បាន។ សាច់រឿងគាត់នឹងបង្ហាញឲ្យយើងគ្រប់គ្នា ជឿថា យើងគ្រប់គ្នាទោះ កើតមកក្រយ៉ាងណា ជីវិតលំបាកយ៉ាងណា គង់មានថ្ងៃយើងជោគជ័យទេ ឲ្យតែហ៊ានប្រឆាំងនឹងវាសនាពីកំណើត ហើយខំឲ្យអស់លទ្ធភាព។

ជាងកាត់សក់ Ramesh មានដើមកំណើតចេញពីគ្រួសារក្រីក្ររបស់ឥណ្ឌាមួយ ដែលអាជីពកាត់សក់មួយនេះ ត្រូវបានលោកស្នងពីឪពុករបស់លោក។ គាត់ខំកាត់សក់ខ្លាំងណាស់រាល់ថ្ងៃ ដោយហាងគាត់បានបើករហូតដល់ម៉ោង ១យប់ក៏មានដែរ។ អាជីពមួយនេះមិនបានធ្វើឲ្យគាត់មានបានទេ វាបានត្រឹមតែចិញ្ចឹមគ្រួសារគាត់ឲ្យបាត់ឃ្លានតែប៉ុណ្ណោះ។ តែសំណាងដែរ គាត់បានស៊ូនឹងមុខរបរដែលយ៉ាប់រកលុយមួយនេះ រហូតមានលុយសល់អាចទិញទ្បានចាស់ មួយដើម្បីជួល។

ទ្បានចាស់មួយនេះហើយជាចំណុចចាប់ផ្តើមនៃភាពល្បីល្បាញរបស់គាត់។ គាត់ត្រូវបានគេអញ្ចើញចូលកម្មវិធីទូរទស្សន៍ច្រើន ជាជាងកាត់សក់ដែលស៊ូរហូតមានអាជីវកម្មជួលទ្បាន។ នៅត្រឹមឆ្នាំ ២០០៤ គាត់មានប្រហែល ៧ទ្បានប៉ុណ្ណោះ តែមកដល់ឆ្នាំ ២០១៤ ចំនួនទ្បានរបស់គាត់បានកើនរហូតដល់ ២០០ទ្បាន។ តែអ្វីដែលធ្វើឲ្យកាន់តែល្បីនោះគឺគាត់មានទ្បានថ្លៃៗបំផុត ដែលក្រុមហ៊ុនផ្សេងមិនមានដូចជា Rolls Royce និង Mercedes រហូតដល់ជាង ៧៥គ្រឿងឯនោះ។

មេរៀនរកសុីដែលយើងអាចរៀនពីសហគ្រិនដែលមានជំនាញជាជាងកាត់សក់រូបនេះគឺ ចង់ចេញរកសុី អ្នកត្រូវតែហ៊ានទទួលហានិភ័យ។ ពេលគាត់ទិញទ្បានថ្លៃៗបំផុត មកជួល គឺមនុស្សជំុវិញគាត់គ្មាននរណាគាំទ្រទេ ព្រោះគេមិនដែលយកទ្បានទំនើបមកជួលនោះទេ។ តែគាត់មិនបានខ្វល់ពីមនុស្សជំុវិញទ្បើយ ហើយគាត់ប្រថុយ ប្រថុយខណៈដែលនៅក្នុងទីផ្សារ គ្មានទ្បានទំនើបកប់កំពូលជួលទ្បើយ។

ដើម្បីប្រថុយគាត់បានខ្ចីលុយគេយ៉ាងច្រើន ដាក់ទ្រព្យដែលមានបញ្ចាំអស់ហើយ។ គាត់បានលួងខ្លួនឯង ថា គ្មានអាជីវកម្មណាដែលថា គ្មានហានិភ័យនោះទេ ដូចនេះត្រូវរៀនទទួលហានិភ័យនោះទៅ ទើបចេញរកសុីបាន។ សំណាងល្អ ការប្រថុយរបស់គាត់ ទទួលបានជោគជ័យ ហើយសាច់រឿងរបស់គាត់បានក្លាយជា កម្លាំងចិត្តដល់សហគ្រិនថ្មីថ្មោងឯទៀត ក្នុងការរកសុី៕

អត្ថបទដោយ៖ សំ កុសល

អ្នកនិពន្ធសៀវភៅចង់ពូកែរកសុី ត្រូវចេះសំលៀងពូថៅ

ទំនាក់ទំនងអ្នកនិពន្ធផ្ទាល់តាមហ្វេសប៊ុក Sam Kosal

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here