វៀតណាមនាំចូលបន្លែផ្លែឈើកើនឡើង ៧២.៣% ខណៈប្រជាជនលែងទុកចិត្តផលិតផលក្នុងស្រុក

0
50

តាមរបាយការណ៍របស់ក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទវៀតណាម កាលពីថ្ងៃសុក្រម្សិលមិញនេះ ឲ្យដឹងថា វៀតណាមបាននាំចូលបន្លែផ្លែឈើពីថៃនិងចិនកើនឡើង ៧២.៣% ។ បើគិតត្រឹម១១ខែចុងក្រោយនេះវៀតណាមបានចំណាយប្រាក់លើការនាំចូលបន្លែផ្លែឈើសរុប ១.៤ ពាន់លានដុល្លារអាមេរិក ។

ក្នុងនោះការនាំចូលសំខាន់បំផុតពីប្រទេសថៃមានចំនួន ៥៧.១% និងការនាំចូលពីប្រទេសចិន ១៧.៩% ដែលផលិតផលសំខាន់រួមមាន ដំឡូង ស្ពៃ និង សាឡាត់ ។ កាលពីពេលថ្មីៗនេះ វៀតណាមបាននាំចូលផ្លែឈើមួយចំនួនទៀតដូចជា ផ្លែប៉ោមពីអាមេរិក និងផ្លែស្រកានាគពី ជប៉ុន ។

តាមរបាយការណ៍ដដែលកាលពីខែសីហាកន្លងទៅនេះ បានឲ្យដឹងទៀតថា បន្លែ ផ្លែឈើដែលបាននាំចូលពីប្រទេសជិតខាងអាចលក់បានក្នុងតម្លៃខ្ពស់ និងលក់ដាច់ជាង បន្លែ ផ្លែឈើក្នុងស្រុក តួយ៉ាង ផ្លែប៉ោមនាំចូលពីប្រទេសថៃ អាចលក់បានក្នុងតម្លៃពី ២.៤៣ ដល់ ៣ដុល្លារក្នុងមួយគីឡូ ចំណែកផ្លែមង្ឃុត អាចលក់បានក្នុងតម្លៃ ៣.៣ដុល្លារក្នុងមួយគីឡូ។

កត្តាដែលវៀតណាមខំនាំចូលសន្ធឹកសន្ធាប់បែបនេះ អាចមកពីការមិនទុកចិត្តរបស់ប្រជាជនលើគុណភាពផលិតក្នុងស្រុក ដែលកន្លងមកតែងតែល្បីថាបន្លែផ្លែឈើវៀតណាមពោរពេញដោយការប្រើប្រាស់សារធាតុគីមីលើសកំណត់ ។

លោកស្រី Nguyet Anh ដែលជាអាជីវករនៅក្នុងតំបន់ ក្នុងប្រទេសវៀតណាម បានមានប្រសាសន៍ថា លោកស្រីតែងតែធ្វើការកម្ម៉ង់ទិញផ្លែប៉ោម ផ្លែទំពាងបាយជូរ ផ្លែ pears និងផ្លែ kiwi ជាដើមពីក្រៅប្រទេស ដោយសារតែផ្លែឈើនៅក្នុងស្រុក មិនមានសុវត្ថិភាព និងគុណភាព ហើយប្រើប្រាស់សារធាតុគីមីដែលប៉ះពាល់សុខភាពខ្ពស់ពេក ។

ទោះជាយ៉ាងណាក្តីការនាំចេញនៅតែកើនឡើងសន្ធឹកសន្ធាប់ដូចគ្នា នៅ១១ ខែចុងក្រោយនេះវៀតណាមបាននាំចេញបន្លែផ្លែឈើសរុបជាទឹកប្រាក់ប្រមាណ ៣.២ ពាន់លានដុល្លារអាមេរិក កើនឡើង ៤២.៣​% ធៀបនឹងឆ្នាំមុន ជាពិសេសការនាំចូលបន្លែមកកម្ពុជា ថ្វីត្បិតតែមិនមានរបាយការណ៍បញ្ជាក់ទំហំនាំចូលពិតប្រាកដ តែគេសង្កេតឃើញថាមួយថ្ងៃៗការនៃចូលបន្លែមានកើនឡើងឥតឈប់ឈរ ។

អត្ថបទដោយ ៖ ហ៊ួត សុធារ៉ា

LEAVE A REPLY

Please enter your comment!
Please enter your name here