វៀតណាម គ្រោងសង់រោងចក្រ ៣ពាន់លាន$ ផលិតឡាន តម្លៃថោក ជំនួសឲ្យអ្នកជិះម៉ូតូ៩០លាននាក់

0
35

ក្រុមហ៊ុន អចលនទ្រព្យដ៏ធំបំផុតរបស់ប្រទេសវៀតណាម ដាក់​មហិច្ឆតាចង់ រចនាក៏ដូចជា ផលិតរថយន្ត​ដោយខ្លួនឯង ដើម្បីឲ្យប្រជាជន ប្រមាណជា ៩០លាននាក់ ដែលកំពុងជិះម៉ូតូងាយមក ប្រើប្រាស់រថយន្តជំនួសឲ្យការជិះម៉ូតូវិញ នេះបើយោងតាមការចុះផ្សាររបស់ សារព័ត៌មាន Bloomberg។

ក្រុមហ៊ុន អចលនទ្រព្យ Vinggroup JSC បានឲ្យដឹងថា ខ្លួន មានគម្រោងវិនិយោគ​ ៣.៥ពាន់លានដុល្លារ ក្នុងការសាងសង់រោងចក្រផលលិតរថយន្ត ហើយនឹងបញ្ចេញរថយន្តរបស់ខ្លួនជាលើកដំបូងក្នុងរយៈពេល ២ឆ្នាំខាងមុខ។​ ជាជំហានដំបូង ក្រុមហ៊ុននេះគ្រោង ចំណាយពី ១ពាន់លានដុល្លារទៅ ១.៥ពាន់លានដុល្លារអាមេរិក សង់រោងចក្រ ផលិតរថយន្ត ប្រភេទ SUV​ និងរថយន្តដើរដោយថាមពលអគ្គសនី។

លោក Le Thi Thu អគ្គនាយកក្រុមហ៊ុន Vinggroup JSC បានឲ្យដឹងថា ក្រុមហ៊ុនលោក ចង់ផលិតរថយន្តដែលមានតម្លៃថោកសមរម្យ ជាមួយនឹងគុណភាពខ្ពស់ ហើយក្រុមហ៊ុន ក៏បានចុះហត្ថលេខាជាមួយ ធនាគារវិនិយោគមួយដើម្បីទទួលបានប្រាក់កម្ចី ៨០០លានដុល្លារទោះបីខ្លួនមានគម្រោងស្វែងរកដើមទុនដោយខ្លួនឯងផ្ទាល់ភាគច្រើនក៏ដោយ។

មហិច្ឆតារបស់ វៀតណាម ក៏មិនខុសពី ក្រុមហ៊ុនរបស់ចិន និងម៉ាឡេស៊ីនោះទេ ក្នុងការព្យាយាម ផលិតរថយន្តតម្លៃថោកជាយីហោក្នុងស្រុក ដើម្បីទាក់ទាញ អតិថិជនក្នុងតំបន់ ខណៈដែល យីហោបរទេស ដូចជា Toyota និង  Volkswagen គ្រប់ដណ្ដប់ទីផ្សារលក់​រថយន្តក្នុងស្រុកនាពេលបច្ចុប្បន្ន។

ក្រុមហ៊ុន Vinggroup JSC គ្រោងនឹងប្រមែប្រមូលដើមទុន ដើម្បីមកបង្កើតក្រុមហ៊ុនថ្មីមួយដែលមានឈ្មោះថា VINFAST ដែលនឹងក្លាយជាក្រុមហ៊ុនផលិតរថយន្តតម្លៃថោកសមរម្យក្នុងប្រទេសវៀតណាម ហើយនឹងតែងតាំងអ្នកដែលមានបទពិសោធផលិតរថយន្តជាសាកល ឲ្យធ្វើជា​ នាយកប្រតិបត្តិក្រុមហ៊ុន។ លើសពីនេះ ក្រុមហ៊ុន នឹងរចនារថយន្តតាមបែបបទរបស់អ៊ីតាលី ហើយក៏និងពឹងក្រុមហ៊ុន អាមេរិក និង អឺរ៉ុប ឲ្យជួយផលិត សមាសភាគសំខាន់ៗដូចជា ម៉ាស៊ីនជាដើម។

រោងចក្រផលិតរថយន្តនៃ ក្រុមហ៊ុន VINFAST នឹងត្រូវបានសាងសង់ នៅភាគខាងជើងនៃទីក្រុងកំពងផែ Haiphong ដោយជាជំហានដំបូងក្រុមហ៊ុនឹងផលិតរថយន្ត ប្រភេទ Sedan និង SUV ហើយជំហានបន្ទាប់ផលិត រថយន្តអគ្គសនីតូចៗ ដោយដាក់គោលដៅផលិតឲ្យបាន ៥០ម៉ឺនគ្រោងក្នុងមួយឆ្នាំ នៅត្រឹមឆ្នាំ ២០២៥៕

អត្ថបទដោយ៖ ហុង

 

LEAVE A REPLY

Please enter your comment!
Please enter your name here