Toyota ចេញរថយន្តបើកបរមិនបាច់ប្រើមនុស្ស លើខ្សែស្រឡាយ Lexus LS

0
28

Entrepreneur ៖ ក្រុមហ៊ុន Toyota កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុនកន្លងទៅ​ ទើបតែបញ្ចេញរថយន្តបើកបរមិនបាច់ប្រើមនុស្ស (Autonomous Car) លើខ្សែស្រឡាយ Lexus LS ។

តាមវិទ្យាស្ថានស្រាវជ្រាវ Toyota (TRI) ឲ្យដឹងថា រថយន្តបើកបរស្វ័យប្រវត្តិនេះត្រូវសាកល្បងលើ Lexus LS 600hL ។ វាបំពាក់ដោយ sensor ជាច្រើនគ្រាប់នៅលើរថយន្ត ធ្វើឲ្យវាយល់ពីការបើកបរស្វ័យប្រវត្តិលើផ្លូវបានយ៉ាងល្អ ។ TRI ក៏មានគម្រោងដាក់តាំងរថយន្តនេះនៅក្នុងកម្មវិធី CES 2018 នៅសប្តាហ៍នេះផងដែរ ។

គួរបញ្ជាក់ថា ចាប់តាំងពីឆ្នាំ ២០១៥ Toyota ខិតខំស្រាវជ្រាវរកបច្ចេកវិទ្យាថ្មីៗទាក់ទងនឹងបញ្ញាសិប្បនិមិត្ត (AI) ក៏ដូចជារ៉ូប៉ូតផងដែរ ហើយពេលនេះក្រុមហ៊ុនសម្រេចបានបច្ចេកវិទ្យាមួយចំនួនដូចជា LIDAR 3.0 ជាប្រព័ន្ធតាមដានស្ថានភាពផ្លូវ បច្ចេកវិទ្យាជួយឲ្យមើលឃើញទិដ្ឋភាព ៣៦០ ដឺក្រេ ដែលបច្ចេកវិទ្យាទាំងនេះនឹងបំពាក់លើរថយន្តរបស់ Toyota វាមានសមត្ថភាពជួយឲ្យរថយន្តគេចចេញពីឧបសគ្គផ្សេងៗ ។

ក្រៅពីនេះ TRI ក៏បានរចនា sensors និងកាមេរ៉ាជាមួយរូបរាងតូចបំផុត ដែលបំពាក់នៅលើដំបូលនិងផ្នែកផ្សេងទៀតរបស់រថយន្ត ខុសពីរថយន្តផ្សេងៗដែលប្រើប្រាស់ sensors និងកាមេរ៉ាធំៗ ។

TRI ឲ្យដឹងថា ការផលិតរថយន្តបែបនេះក្នុងបំណងធ្វើឲ្យមានភាពបត់បែនកាន់តែល្អ ដើម្បីជួយឲ្យវិទ្យាស្ថានរបស់ Toyota អភិវឌ្ឍន៍កាន់តែប្រសើរនូវបច្ចេកវិទ្យាថ្មីៗ ។

គួរបញ្ជាក់ថា ក្នុងការអភិវឌ្ឍបច្ចេកវិទ្យាបើកបរដោយស្វ័យប្រវត្តិ Toyota បានសហការជាមួយក្រុមហ៊ុនផ្សេងៗ ដើម្បីជំរុញប្រតិបត្តិការកាន់តែល្អ ។

អត្ថបទដោយ ៖ ហ៊ួត សុធារ៉ា​

LEAVE A REPLY

Please enter your comment!
Please enter your name here