ទន្លេបាសាក់នឹងក្លាយជាតំបន់មានសក្តានុពលបន្ទាប់ពីបឹងកេងកង

0
19

ភ្នំពេញៈ មានទីតាំងស្ថិតនៅលើច្រាំងទន្លេខាងលិចនៃទន្លេបាសាក់ និងជាប់​នឹងសង្កាត់​បឹងកេង​កង១​សង្កាត់​ទន្លេបា​សាក់​ស្ថិត​នៅក្នុង​ខណ្ឌ​ចំការ​មន​មាន​ភាព​ល្បីល្បាញ​ដោយ​សារ​មាន​ហេដ្ឋារចនា​សម្ព័ន្ធ​ទំនើប និងការអភិវឌ្ឍន៍លំនៅដ្ឋានចម្រុះក្នុងរាជធានីភ្នំពេញសម្បូរបែប។

ទន្លេបាសាក់ បាន​ផ្តល់​ភាព​ងាយ​ស្រួល​ដល់​ការ​ត​ភ្ជាប់​ទៅរាជធានី​ភ្នំ ពេញ​តាម​រយៈ​ផ្លូវ​ធំដោយ​ខាង​ជើង​ជាប់នឹងមហាវិថីព្រះសីហនុ និងខាងលិចជាប់នឹងមហាវិថីព្រះនរោត្តម។

ចាប់តាំងពីដើមឆ្នាំ ២០១៥ ទន្លេបាសាក់ត្រូវបានដឹងថា​មានការរីកចម្រើន​នៃការអភិវឌ្ឍន៍​ជាមួយ​គម្រោងធំៗ​ដូចជា៖ ផ្សារទំនើបអ៊ីអនម៉ល១ សណ្ឋាគារ Habitat Condominium សណ្ឋាគារ Toyoko Inn និងគម្រោងអភិវឌ្ឍន៍ចម្រុះ The Peak និង គម្រោង DI Riviera។​ទាំងនេះ​គឺគ្រាន់​តែជា​ការរៀបរាប់អំពីគម្រោងអភិវឌ្ឍន៍មួយចំនួន ដែលធ្វើឲ្យតំបន់ នេះកាន់តែរីកចម្រើនទៅមុខ។

គម្រោងចុងក្រោយបំផុតនៅក្នុងតំបន់នេះមានដូចជា៖ ណាហ្គា ២ ដែលជាសណ្ឋាគារ និង​កន្លែង​កំសាន្ត​ដ៏ធំ គម្រោងអគារភ្លោះដែលមានកំពស់ ១៣៣ជាន់ ដែលគិត​ជាទឹក​ប្រាក់​វិនិយោគ​២ពាន់​លាន​ដុល្លារដែលជាគម្រោងរបស់ក្រុមហ៊ុនថៃ ប៊ុនរ៉ុង។ តំបន់នេះ​បានក្លាយ​ជាគោល​ដៅនៃការ​វិនិយោគ​គម្រោងធំជាច្រើន។

ទន្លេបាសាក់ជាតំបន់មានសក្តានុពលមួយនៅក្នុងក្រុងដូចនេះហើយបានជាធ្វើឲ្យអ្នកជំនាញអចលនទ្រព្យនៅកម្ពុជាមានសុទិដ្ឋិនិយមថាតំបន់នេះនឹងក្លាយជាមជ្ឈមណ្ឌលពាណិជ្ជកម្មនៅរាជធានីភ្នំពេញនាពេលឆាប់ៗខាងមុខនេះបើធៀបជាមួួយនឹងម៉ារីណាប៊េនៅប្រទេសសិង្ហបុរី។

លោក Laurence Hamilton អនុប្រធាននៃក្រុមហ៊ុន NC Max World បានមាន ប្រសាសន៍ថា៖ “ទន្លេ​​បាសាក់​បានកំពុង​តែបញ្ចេញ​នូវ​សក្តា​នុពល​របស់​ខ្លួន​ដោយ​មាន​វត្ត​មាន​គម្រោង​អភិវឌ្ឍន៍​ចម្រុះ​ធំជាច្រើន​បាន​មកកាន់ទីនេះ។”

“ទន្លេបាសាក់កំពុងអភិវឌ្ឍន៍យ៉ាងខ្លាំងជាមួយនឹងវត្តមានគម្រោងយក្សជាច្រើនហេតុនេះហើយបានធ្វើឲ្យតម្លៃអចលនទ្រព្យនៅក្នុងតំបន់នេះមានការកើនឡើងកាន់តែខ្ពស់។

ដូច្នេះនាពេលអនាគតរបស់តំបន់នេះនឹងមានការរីកចម្រើនយ៉ាងខ្លាំង។ លោក Hamilton បាន​បន្ថែម​ថា “តម្លៃដីនៅជុំវិញកោះ​ពេជ្រនិងផ្សារ​ទំនើបអ៊ីអ៊ន​ទំនង​ជានឹង​កើន​ឡើង​យ៉ាង​ឆាប់​រហ័ស​នាពេល​អនាគត។”

លោកមានសុទិដ្ឋិនិយមថាទន្លេបាសាក់ទំនងជានឹងក្លាយទៅជាម៉ារីណាប៊េទីពីរនៅថ្ងៃអនាគតដោយសារគម្រោងថ្មីៗនិងគម្រោងធំៗបានប្រមូលផ្តុំគ្នានៅទីនេះ។ គម្រោងដ៏ធំបំផុតគឺ DI Riviera ដែល​គិត​ជាទឹក​ប្រាក់វិនិយោគប្រមាណ ៧០០​លានដុល្លារដែលមាន​ទីតាំង​ស្ថិត​នៅកោះ​ពេជ្រ​ដែល​សំណង់​អគារមានលក្ខណៈស្រដៀងនឹងអគារម៉ារីណាប៊េ។

លោក ហេង វឌ្ឍនា អគ្គនាយកក្រុមហ៊ុន Century21 Golden Realty បានមានប្រសាសន៍ថា “ទន្លេ​បាសាក់គឺជាតំបន់​ដែលមាន​សក្តានុពល​ខ្ពស់​សម្រាប់​អ្នក​អភិវឌ្ឍន៍​ធំៗ​ដែល​ចង់​បានគម្រោង​អភិវឌ្ឍន៍​របស់​ពួក​គេទទួល​បានភាព​ជោគជ័យ​ព្រោះតំបន់នេះ​នៅតែមាន​ដីទំនេរ​ធំៗជា​ច្រើន​សម្រាប់​គម្រោង​អភិវឌ្ឍន៍។”

វាជាកន្លែងដ៏ល្អសម្រាប់គម្រោងអភិវឌ្ឍន៍ធំៗ ដូចជាវីឡានិងគម្រោងខុនដូ។​”ទន្លេបាសាក់​បច្ចុប្បន្ន​មាន​ភាពទាក់​ទាញ​ដល់​អ្នកអភិវឌ្ឍន៍​សម្រាប់​ការអភិវឌ្ឍ​នាពេល​អនាគត​ដោយ​សារវា​នៅជិត​ស្ថិត​នៅ​កណ្តាល​ទីក្រុងនិងនៅក្បែរមាត់ទន្លេ។ គម្រោងអភិវឌ្ឍន៍ចម្រុះដែលមានឈ្មោះថាThe Bridge និង The Peak ត្រូវបាន គេគ្រោងនឹងបញ្ចប់នៅឆ្នាំ 2018 និងឆ្នាំ 2020 ដែល​មាន​ទីតាំង​ស្ថិត​នៅក្នុង​សង្កាត់​ ទន្លេបាសាក់។

ថ្មីៗនេះក្រុមហ៊ុនអចលនទ្រព្យសិង្ហបុរី Oxley Holdings បានទិញដីទំហំ ១,២០០ ម៉ែត្រការ៉េក្នុង​សង្កាត់​បឹងទន្លេសាបរាជធានីភ្នំពេញក្នុងតម្លៃ ៦លានដុល្លារដើម្បី សាងសង់ស្នាក់​ការបង្ហាញ​ផ្ទះគំរូ​សម្រាប់​គម្រោងThe Peak។

តំបន់ទន្លេបាសាក់ត្រូវបានគេចាត់ទុកថាជាទីតាំងល្អបំផុតបន្ទាប់ពីបឹងកេងកងដែលអំណោយផលសម្រាប់ការរស់នៅនិងធ្វើអាជីវកម្មសម្រាប់ជនបរទេសក្រុមហ៊ុន និងអង្គការផ្សេងៗ។

តំបន់នេះផ្តល់ជូននូវសន្តិសុខខ្ពស់ក៏ដូចជាមានហេដ្ឋារចនាសម្ព័ន្ធល្អដែលសមស្របសម្រាប់អ្នកមានជីវភាពមធ្យម និងខ្ពស់ក៏ដូចជាជនបរទេស។

លោកស៊ន សៀប នាយកប្រតិបត្តិក្រុមហ៊ុនឃីលរៀល​អ៊ីស្ទេត​បាន​មាន​ប្រសាសន៍​ថា៖​ “ផ្នែក​ដ៏ល្អ​បំផុត​​នៃទន្លេបាសាក់គឺស្ថិតនៅកោះពេជ្រនិងផ្សារទំនើបអ៊ីអ៊នម៉ល។ ដែល​នៅក្នុង​នេះ​តម្លៃដី​អាច​មានតម្លៃចាប់ពី៣,៥០០ ដុល្លារទៅ៤,៥០០ដុល្លារ​ក្នុងមួយ​ម៉ែត្រការ៉េ​ខណៈ​នៅតំបន់​ដែល​ខ្លះ​តម្លៃ​ទាបជាងនេះអាចមានចាប់ពី២,០០០ ទៅ៣,០០០ដុល្លារក្នុងមួយម៉ែត្រការ៉េ៕

អត្ថបទសហការី៖ https://www.realestate.com.kh/km/news/Will-Tonle-Bassac-be-the-next-Marina-Bay/

LEAVE A REPLY

Please enter your comment!
Please enter your name here